COVID-19
ជាតិ
សេដ្ឋកិច្ច
ADB៖ ការនាំចេញ​កង់ គ្រឿង​អេ​ឡិច​ត្រូ​និ​ច កសិផល​ក្នុង​វិបត្តិ​កូ​វីដ រួមចំណែក​ស្រោចស្រង់​សេដ្ឋកិច្ចកម្ពុជា
23, Sep 2020 , 10:59 pm        
រូបភាព
​​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ នឹងធ្វើ​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​នៅត្រឹម​-៤​ភាគរយ នៅក្នុង​ឆ្នាំ​២០២០​។ នេះ​ជាការ​ព្យាករ​សារ​ថ្មី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដែល​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​២៣​កញ្ញា​។ តួលេខ​នៃ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សារជាថ្មី​នេះ  គឺមាន​ភាពល្អប្រសើរ​ជាង​មុន ដោយ​ABD​បាន​ដំឡើង​ពី​-៥,៥​ភាគរយ​(​ជាការ​ព្យាករ​លើក​ទី​១​ក្នុងអំឡុង​ខែមិថុនា​) មក​ត្រឹម​-៤​ភាគរយ​វិញ​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB នៅ​ថ្ងៃទី​២៣​កញ្ញា ការដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ដោយ​កើន​ពី​-៥,៥​ភាគរយ មក​-៤​ភាគរយ​វិញ​នេះ គឺ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន​នៃ​ផលិតកម្ម​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កសិកម្ម និង​ការកើនឡើង​នៃ​ការនាំចេញ​កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។​
 
​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ADB មានប្រសាសន៍ថា  ការធ្លាក់ចុះ​យ៉ាងខ្លាំង​របស់​កម្ពុជា​នៃ​ការបញ្ជាទិញ​[​សម្លៀកបំពាក់​] ពី​អឺរ៉ុប និង​អាមេរិក បានធ្វើឱ្យ​រោងចក្រ​សម្លៀកបំពាក់ រោងចក្រ​ផលិត​ទំនិញ​ធ្វើដំណើរ និង​ផលិត​ស្បែកជើង (GTF)​នៅ​កម្ពុជា ប្រហែល​១​ភាគ​៣ បិទទ្វារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​។ ប៉ុន្តែ​កំណើន​នៃ​ការផលិត​កង់ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច បាន​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល​ក្រៅពី​ទំនិញ​កាត់ដេរ​របស់​កម្ពុជា កើនឡើង​ដល់ ៣០,៣​ភគ​រយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​
 
​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ADB​រូបនេះ បាន​អះអាង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​ថា  ឆ្នាំ​២០២០ កំណើន​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម​កម្ពុជា ត្រូវបាន​ព្យាករ​ថា​នឹង​កើន​៥,១​ភាគរយ ប្រសិនបើ​ការនាំចេញ​នៃ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​បន្ត​ងើបឡើង​។ 
 
​ដោយឡែក​នៅ​ឆ្នាំ​២០២១ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩​ភាគរយ​។ បើតាម​លោកស្រី Sunniya Durrani-Jamal Jamal ជំងឺ​រាតត្បាត​បណ្ដា​លពី​វីរុស​កូ​រ៉ូ​ណា ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាងល្អ​របស់​កម្ពុជា​ដែល​មិនមាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ​។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​៖«​យើង​រំពឹងថា​កំណើនសេដ្ឋកិច្ច​[​កម្ពុជា​]​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩​ភាករយ នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កម្លាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។​
 
​ទោះជា ADB បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ​២០២០ ដោយ​កើន​ពី​-៥,៥​ភាគរយ មក​-៤​ភាគរយ​វិញ​នេះ​ក៏ដោយ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​នៅត្រឹម​១,៩​ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ការ​ឥទ្ធិពល​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​។ 
 
​ឆមាស​ទីមួយ​ឆ្នាំ​២០២០ កម្ពុ​ជាមាន​ទំហំ​ពាណិជ្ជកម្ម​សរុប​១៦,៨៣១,៨៣០,៦៣៣​ដុល្លារ​។  ក្នុងនោះ​ការនាំចេញ​មាន ជិត​៧,៧១៨​ពាន់​ដុល្លារ​៕ 
 

Tag:
 ADB
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com