អន្តរជាតិ
មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny ដែល​ត្រូវ​ថ្នាំពុល ចេញពី​មន្ទីរពេទ្យ​អាល្លឺម៉ង់​ហើយ​
23, Sep 2020 , 11:29 pm        
រូបភាព
មេដឹកនាំប្រឆាំង Alexei Navlny ថតក្នុងមន្ទីរពេទ្យនាបែរឡាំង កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ (AFP)
មេដឹកនាំប្រឆាំង Alexei Navlny ថតក្នុងមន្ទីរពេទ្យនាបែរឡាំង កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២០ (AFP)
ដោយ:
​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បែរ​ឡាំង ទឹកដី​អាល្លឺម៉ង់ ។ លោក​ត្រូវ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​នៅពេល​ឡើង​ជើងហោះហើរ​មួយ​ក្នុង​ទីក្រុង Siberia កាលពី​ខែ​មុន ហើយ​ក្រោយមក​ត្រូវបាន​រកឃើញថា​ត្រូវ​ថ្នាំពុល​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ២៣ ខែកញ្ញា មន្ទីរពេទ្យ Charite របស់​អាល្លឺម៉ង់ បាន​បញ្ជាក់ថា សុខភាព​របស់លោក Navalny បាន​ធូរ​សះស្បើយ​ច្រើន ទើប​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​មន្ទីរពេទ្យ​ដដែល លើកឡើងថា ផ្អែកលើ​លក្ខខណ្ឌ​សុខភាព​និង​ការវិវត្ត​បច្ចុប្បន្ន​របស់​អ្នកជំងឺ ខាង​គ្រូពេទ្យ ជឿជាក់ថា លោក​នឹង​ជា​ដាច់​ឆាប់ៗ​ខាងមុខ ក៏ប៉ុន្តែ​គ្រូពេទ្យ​ពុំទាន់​អាច​វាយតម្លៃ​ឲ្យ​ច្បាស់លាស់​ពី​ផលប៉ះពាល់​យូរអង្វែង​នៃ​ការពុល​ថ្នាំ​ធ្ងន់ធ្ងរ​របស់លោក Navalny បានទេ​។​
 
​លោក Navalny ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Charite សរុប​៣២​ថ្ងៃ​ហើយ ក្នុងនោះ លោក​ចំណាយពេល​២៤​ថ្ងៃ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ បើតាម​មន្ទីរពេទ្យ​នេះ ការសម្រេចចិត្ត​លម្អិត​ស្ថានភាព​ជំងឺ​របស់លោក Navalny ជា​សាធារណៈ​បែបនេះ គឺធ្វើឡើង​ក្រោយ​បាន​ប្រឹក្សា​រួចរាល់​ជាមួយ​សមាជិកគ្រួសារ​និង​ភរិយា​លោក​។ 
 
​វិមាន​ក្រេ​ម​ឡាំង​វិញ ក៏​ប្រកាស​ដែរ​ថា លោក Navalny អាចធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​វិញ​គ្រប់ពេល​។​
 
​កាលពីដើម​ខែកញ្ញា អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក Steffen Siebert បញ្ជាក់ថា ការធ្វើ​តេស្ត​របស់​កង​ទ័ព​អាល្លឺម៉ង់​លើ​លោក Navalny ដែល​កំពុង​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋធានី បែរ​ឡាំង បាន​ផ្ដល់នូវ​ភស្តុតាង​ច្បាស់​នៃ​ថ្នាំពុល​ប្រភេទ Novichok ។ ថ្នាំពុល​ត្រកូល Novichok គឺជា​ថ្នាំពុល​កម្រិត​ថ្នាក់​យោធា ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​សហភាព​សូ​វៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​អាច​ប្រើ​ក្នុង​ទម្រង់​ជា​ម្សៅ រាវ ឬ​ចំហាយ​។​
 
​ទាំង​អាល្លឺម៉ង់ និង​អឺរ៉ុប សុទ្ធតែ​ទាមទារ​ចម្លើយ​ពី​ក្រុង​មូ​ស្កូ​ពាក់ព័ន្ធ​បញ្ហា​បំពុល​នេះ ហើយ​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ថែមទៀត​ផង​។ យ៉ាងណាមិញ រដ្ឋាភិបាល​រុស្ស៊ី អះអាងថា ខ្លួន​ពុំទាន់​ទទួល​ភស្តុតាង​ណាមួយ​ពី​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​ឡើយ​។ 
 
​លោក Navalny អាយុ​៤៤​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ឡើង​ជិះ​យន្តហោះ​មួយ​ក្នុង​តំបន់ Siberia ក្នុងប្រទេស​រុស្ស៊ី កាលពី​ខែ​មុន​។ អ្នកគាំទ្រ​លោក​សង្ស័យថា ទឹកតែ​ដែល​លោក​ផឹក​នៅមុន​ពេល​ឡើង​យន្តហោះ​មាន​ថ្នាំពុល​។ ដំបូង​ឡើយ លោក​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់​នោះ មុនពេល​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​បែរ​ឡាំង​វិញ​។​
 
​លោក Navalny គឺជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ លោក​ថែមទាំង​ហៅ​បក្ស​កាន់អំណាច​រុស្ស៊ី​បច្ចុប្បន្ន​ថា​ជា​ចោរ​ដែល​កំពុង​ជញ្ជក់​ឈាម​រុស្ស៊ី​។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ប្រឆាំង​លោក ពូ​ទីន ក្នុងការ​បោះឆ្នោត​ផងដែរ​។ 
 

Tag:
 អាល្លឺម៉ង់​
  Alexei Navalny
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com