COVID-19
អន្តរជាតិ
លោក​ម៉ា​ក្រុង ៖ ពិភពលោក​មិនគួរ​បណ្ដោយ​ខ្លួន​ឲ្យ​រួបរឹត​ដោយ​ជម្លោះ​ចិន​-​អាមេរិក​ឡើយ​
23, Sep 2020 , 5:59 pm        
រូបភាព
ប្រធានាធិបតីបារ៉ាង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ប្រធានាធិបតីបារ៉ាង អេម៉ានុយអែល ម៉ាក្រុង ថ្លែងសារក្នុងវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ដោយ:
​ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន ស្ទើរ​ក្លាយជា​រឿង​របស់​ពិភពលោក​ទៅហើយ​។ ប៉ុន្តែ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយថា ពិភពលោក មិនគួរ​បណ្ដោយ​ឲ្យ​បញ្ហា​នេះ​គ្របដណ្តប់​លើ​បញ្ហា​ឯទៀត​ឡើយ​។ ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​២២ ខែកញ្ញា លោក ម៉ា​ក្រុង ក៏​លើកឡើង​ដែរ​ថា ជំងឺឆ្លង COVID-19 ជាការ​ដាស់តឿន​ដល់​អង្គការសហប្រជាជាតិ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ខ្លាំងក្លា​ជាង​មុន ។​

 
​ថ្លែង​តាមរយៈ​វីដេអូ​ថត​ទុកជាមុន ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានលើកឡើង​ពី​ការ​ប្រជែង​រវាង​មហាអំណាច​អាមេរិក និង​ចិន ខណៈ​អង្គការសហប្រជាជាតិ​ឈានដល់​អាយុ​៧៥​ឆ្នាំ​។ ក្នុងន័យ​រិះគន់​មហាអំណាច​ទាំងពីរ លោក ម៉ា​ក្រុង និយាយថា ពិភពលោក មិនគួរ​វិលវល់​នឹង​រឿង​ប្រកួតប្រជែង​នេះ​ទេ​។​
 
«​ពិភពលោក​សព្វថ្ងៃ មិនអាច​បង្រួម​មក​ត្រឹម​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​ឡើយ បើទោះបីជា​ប្រទេស​ទាំងពីរ ជា​មហាអំណាច​ក៏ដោយ​»​។ ប្រធានាធិបតី​បារាំង​បញ្ជាក់​បែបនេះ ដោយ​បន្តទៀតថា​ប្រទេស​ទាំងអស់​មិនគួរ​នៅ​ស្ងៀម​មើល​ការប្រឈមមុខគ្នា​រវាង​មហាអំណាច​ទាំង​២​នេះ​ទេ ព្រោះ​ពួកគេ​ជា​ទស្សនិកជន​ដែល​ពុំមាន​អំណាច​អ្វី​ទាំងអស់​។ 
 
​ប្រមុខរដ្ឋ​បារាំង បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​រួបរួម​សហប្រតិបត្តិ​ការបង្កើត​កុងសង់ស៊ីស​ថ្មី​សម្រាប់​យុគសម័យ​ទំនើប​ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក​។ នេះ​បើតាម​សុន្ទរកថា​របស់​លោក ម៉ា​ក្រុង ។ 
 
​ឆ្លៀត​ពេលនេះ លោក ម៉ា​ក្រុង និយាយ​ដល់​ការដកខ្លួន​របស់​អាមេរិក​ចេញពី​ឆាក​អន្តរជាតិ ដែល​ការណ៍​នេះ ជំរុញ​ឲ្យ​អឺរ៉ុប​បង្កើត​យុទ្ធសាស្ត្រ​ការពារ​រួម ក៏ដូចជា​កាត់បន្ថយ​ការពឹង​ពាក់​ពី​ក្រុមហ៊ុន​ចិន និង​អាមេរិក​លើ​វិស័យ​បច្ចេកវិទ្យា​។ ត្រង់ចំណុច​នេះ លោក​អះអាងថា ការ​ពឹងពាក់​ផ្តាច់មុខ​លើ​មហាអំណាច លើ​បច្ចេកវិទ្យា ចំណីអាហារ ឬ​ឧស្សាហកម្ម នឹង​បង្កើត​ភាព​ងាយ​រងគ្រោះ និង​មិន​ឲ្យ​មាន​ស្ថិរភាព​ពិភពលោក​ឡើយ​។​
 
​មិន​ត្រឹម​រឿង​អាមេរិក​-​ចិន​ឡើយ ប្រធានាធិបតី​បារាំង ក៏​លើកឡើង​ពី​ចំណុចខ្សោយ​របស់​អង្គការសហប្រជាជាតិ​ដែរ និង​អង្គការ​កំពូល​អន្តរជាតិ​មួយ​នេះ អាច​នឹង​គ្មាន​អំណាច​។ លោក​បាន​លើក​ឧទាហរណ៍​ពី​ក្រុមប្រឹក្សាសន្តិសុខ ដែល​សឹងតែ​មិនអាច​ជួបប្រជុំគ្នា​បាន​អំឡុងពេល COVID-19 និង​ការណ៍​ដែល​សមាជិក​អចិន្ត្រៃយ​ជ្រើស​យក​ការ​ប្រជែង​គ្នា​ជាជាង​ការដោះស្រាយ​បញ្ហា​នោះ​។ ចេញ​អង្គការសហប្រជាជាតិ លោក ម៉ា​ក្រុង ក៏​លើកយក​សំណុំរឿង​អង្គការ​សុខភាព​ពិភពលោក​ដែរ​។ 
 
​លោក ម៉ា​ក្រុង បាន​កត់សម្គាល់ថា អង្គការ​អន្តរជាតិ​ដែល​ពិភពលោក​ត្រូវការ​ជា​ចាំបាច់ ដូចជា​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​គេ​ចោទប្រកាន់ និង​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​យក​ផលប្រយោជន៍​។ 
 
​លោក​បាន​និយាយ​ដាស់តឿន​ថា វិបត្តិ COVID-19 ការ​ថមថយ​ក្របខណ្ឌ​សហប្រតិបត្តិការ​សកល និង​ភាពទន់ខ្សោយ​របស់​អង្គការសហប្រជាជាតិ តម្រូវ​ឲ្យ​មានការ​បង្កើត​សណ្តាប់ធ្នាប់​ថ្មី​៕
 

Tag:
 បារាំង​
  មហាសន្និបាត​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com