អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង អំពាវនាវ​រក​ការគាំទ្រ​លើ​ការបញ្ចប់​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​ផ្លូវការ​
23, Sep 2020 , 6:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន ថ្លែងនៅក្នុងវីដេអូថតទុក ដែលបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Facebook, Moon Jae in
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន ថ្លែងនៅក្នុងវីដេអូថតទុក ដែលបានចាក់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ Facebook, Moon Jae in
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៣ ខែកញ្ញា បាន​អំពាវនាវ​រក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​លើ​គំនិត​ផ្ដួចផ្ដើម​បញ្ចប់សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​។  បើតាម​លោក មូ​ន មានតែ​ការប្រកាស​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព និង​ឈានទៅដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។

 
​សង្គ្រាម​ឧបទ្វីប​កូរ៉េ ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៥០ និង​បញ្ចប់​ទៅវិញ​នៅក្នុង​ឆ្នាំ​១៩៥៣ គឺ​មិនទាន់មាន​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ ប៉ុន្តែ​វា​មាន​ត្រឹមតែ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​កូរ៉េ ប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​អំពាវនាវ​ជាថ្មី ដើម្បី​បញ្ចប់សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​។ 
 
​ថ្លែង​នៅក្នុង​វីដេអូ​ដែល​ថត​ទុក​អំឡុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ លោក មូ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលវេលា​បានមក​ដល់​ហើយ ក្នុងការ​លុបចោល​សោដ​នាដកម្ម ដែល​កំពុង​ទាម​ជាប់​លើ​ឧបទ្វីប​កូរ៉េ​។ សង្គ្រាម​ត្រូវតែ​បញ្ចប់​ឲ្យ​ស្រេចបាច់ ដើម្បី​ក្លាយ​រឿង​ល្អ​ម​យ​»​។ ការលើកឡើង​របស់លោក​មូ​ន​នៅ​អង្គការសហប្រជាជាតិ​នេះ ក៏ត្រូវ​នឹង​ខួប​ទី​៧០​ឆ្នាំ ដែល​សង្គ្រាម​ឧបទ្វីប​កូរ៉េ បាន​ផ្ទុះឡើង​ផងដែរ​។ 
 
​បន្ថែម​ពីលើ​នេះ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង យល់ថា សេចក្តីប្រកាស​បញ្ចប់សង្គ្រាម គឺជា​ការបើកឱកាស​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​រក្សា​សន្តិ​ភាពជា​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​លោក មូ​ន ស្នើ​ឲ្យ​មានការ​ប្រកាស​បញ្ចប់សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​ជា​ផ្លូវការ​។ នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ឆ្នាំ​២០១៨ កន្លងទៅ ប្រធានាធិបតី​កូរ៉េខាងត្បូង​វ័យ​៦៧​ឆ្នាំ​រូបនេះ ក៏បាន​លើកឡើង​ពី​សេចក្តីប្រកាស​ដែរ​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក​មូ​ន បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការស្តារ​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​។ ប្រមុខរដ្ឋ​រូបនេះ ក៏បាន​ស្វះស្វែង​ឲ្យ​មាន​ជំនួប​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី វៀតណាម និង​នៅ​តំបន់​ព្រំដែន​កូរ៉េខាងជើង និង​ខាងត្បូង​។ ប៉ុន្តែ​កិច្ចខិតខំ​នេះ ត្រូវ​បរាជ័យ បន្ទាប់ពី​អាមេរិក និង​កូរ៉េខាងជើង មិនអាច​រក​កិច្ចព្រមព្រៀង​ជាមួយគ្នា​បាន​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com