ភ្នំពេញ៖ ថ្ងៃទី២៤ កញ្ញា គឺជាខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល២៧ឆ្នាំនេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏មើលឃើញថា ការអនុវត្តជាក់ស្ដែង ជួបប្រទះនូវការរអាក់រអួល និងបញ្ហាប្រឈម នៅក្នុងវិបត្តិនយោបាយ ។ នោះក៏ព្រោះតែការបន្សាំគុណតម្លៃធម្មនុញ្ញនិយមទំនើបមកក្នុងសង្គមខ្មែរ មិនទាន់ប្រព្រឹត្តិទៅល្អ ដោយត្រូវការពេលវេលា និងទាមទារឱ្យយល់ពីប្រយោជន៍ និងគ្រោះថ្នាក់ជាតិ។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ គឺជារដ្ឋធម្មនុញ្ញពហុនិយមដែលមានសារធាតុល្បាយ រវាងគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់សង្គមខ្មែរផ្ទាល់ ដែលផ្សាភ្ជាប់កត្តាប្រវត្តិសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ ក្នុងអតីតកាលដ៏យូរលង់របស់កម្ពុជា ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម មើលឃើញថា ការដាក់បញ្ចូលគ្នានូវគុណតម្លៃនិងទស្សនទានធម្មនុញ្ញបែបទំនើប និងគុណតម្លៃខ្មែរនិយមក្នុងរដ្ឋធម្មនុញ្ញ ធ្វើឱ្យការអនុវត្តរមែងជួបប្រទះ ការរអាក់រអួល និងបញ្ហាប្រឈមជាក់ស្តែងមួយចំនួនជាពុំខាន។ ក្នុងន័យនេះលោក ឈុនលឹម ចង់សម្ដៅលើបញ្ហាវិបត្តិនយោបាយ ដែលតែងតែកើតឡើងនៅក្រោយពេលបោះឆ្នោតជាច្រើនលើកច្រើនសាហើយនោះ។
មិនតែប៉ុណ្ណោះ ក៏មានការយល់ខុសគ្នាចំពោះការអនុវត្តគុណតម្លៃធម្មនុញ្ញនិយមនៅកម្ពុជាកន្លងមក ក្នុងចំណោមតួអង្គពាក់ព័ន្ធខ្លះ ដូចជាទ្រឹស្តី វិទូ និងប្រតិបត្តិករនៅលើទីលានសង្គមកម្ពុជាជាក់ស្តែង , មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាក់ទងអំពីដំណើរអនុវត្តប្រជាធិបតេយ្យសេរី ពហុបក្ស អំពីការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន ,ទិដ្ឋភាពនៃដំណើរប្រព្រឹត្តទៅនៃអំណាចរដ្ឋទាំងបី ,ការអនុវត្តនីតិរដ្ឋ និងបញ្ហាមួយចំនួនទៀត ដូចជាបញ្ហាជាប់ទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបកស្រាយច្បាប់ជាដើម។ ទាំងនេះ សុទ្ធតែជាបញ្ហានាំឱ្យគោលដៅនៃគុណតម្លៃធម្មនុញ្ញនិយមមានការរអាករអួល។ នេះបើតាមលោក អ៊ឹម ឈុនលឹម។
ថ្លែងក្នុងសន្និសីទអបអរសាទរទិវារំលឹកខួប ២៧ ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា លោក អ៊ឹមឈុនលឹម បញ្ជាក់ថា៖«អាស្រ័យ ដោយមានការយល់ផ្សេងៗពីគ្នាចំពោះបញ្ហា និងដំណោះស្រាយបញ្ហាដូចនេះ ទើបញ៉ាំងឲ្យមានការយល់ស្រពិចស្រពិលចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល ២៧ឆ្នាំមកនេះនៃការអនុវត្តរដ្ឋធម្មនុញ្ញនៅព្រះរាជាណាចក្រកម្ពុជា»។
ចំពោះការវាយតម្លៃលើការអនុវត្តរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលផ្អែកតែលើលក្ខណៈវិនិច្ឆ័យមួយជ្រុងនៃគុណតម្លៃទំនើប នឹងនាំឲ្យមានភាពអយុត្តិធម៌ ចំពោះកម្ពុជា ដែលបានខិតខំសម្រេចសមិទ្ធផលធំៗជាច្រើនរបស់ជាតិ។ រីឯការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា ដែលផ្អែកតែលើគុណតម្លៃបែបខ្មែរ ក៏នឹងនាំមានចំណោទបញ្ហាគុណភាពនៃការអនុវត្តគុណតម្លៃធម្មនុញ្ញនិយមដែរ ក្នុងបរិបទដែលកម្ពុជាស្ថិតក្នុងសាកលភាវូបនីយកម្ម ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកវិទ្យា នាយុគសម័យដ៏ជឿនលឿន។ នេះបើតាមលោក អ៊ឹម ឈុនលឺម។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ដូច្នេះ៖«ដើម្បីធ្វើការវាស់វែងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាឲ្យមានភាពយុត្តិធម៌ និងសមធម៌សមស្របសម្រាប់សង្គមខ្មែរ ចាំបាច់គេត្រូវគិតគូរថ្លឹងថ្លែងទៅតាមទស្សនទានតាមបែបបស្ចិមប្រទេសផងនិងក៏ត្រូវគិតទៅដល់ចរិតលក្ខណៈប្រពៃណីរបស់ខ្មែរផងដែរ នោះទើបយើងអាច មានសុទិដ្ឋិនិយម និងសមានចិត្តទូលំទូលាយក្នុងការវាយតម្លៃការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា»។
ត្រង់ចំណុចនេះលោក អ៊ឹម ឈុនលឹម បានសង្កត់ធ្ងន់ថា គោលបំណងដែលចង់ឱ្យកម្ពុជា សម្រេចគោលដៅនៃគុណតម្លៃធម្មនុញ្ញនិយម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ គឺអាចទៅរួចភ្លាមៗតាមការចង់បានទេ ព្រោះវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ឥរិយាបថសង្គម និងនយោបាយរបស់ខ្មែរ មានលក្ខណៈដោយឡែកពីវប្បធម៌នយោបាយរាប់សហស្សវត្សរ៍របស់លោកខាងលិច។
«ការបន្សាំគុណតម្លៃធម្មនុញ្ញនិយមទំនើបមកក្នុងសង្គមខ្មែរ ពិតជាត្រូវការពេលវេលាសមស្របមួយដើម្បីបង្កលក្ខណៈឱ្យគ្រប់តួអង្គនៅក្នុងសង្គមមានលក្ខណៈសម្បត្តិ និង សមត្ថភាពយល់ដឹងដោយត្រឹមត្រូវនូវគុណតម្លៃទំនើប និងស្គាល់តថភាពរបស់សង្គមខ្លួនឯង ស្គាល់អ្វីជាឧត្តមប្រយោជន៍ អ្វីជាគ្រោះថ្នាក់ចំពោះប្រទេសជាតិ ស្គាល់បន្ទាត់ដែលមិនត្រូវរំលងហួស ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍដោយសុខដុមរមនានូវគុណតម្លៃធម្មនុញ្ញ និយមទំនើបឱ្យចាក់ឫសរឹងមាំក្នុងសង្គមកម្ពុជា ទន្ទឹមនឹងចេះសម្របខ្លួនជាមួយបរិបទខ្មែរ និងថែរក្សាការពារឱ្យបានវប្បធម៌ ប្រពៃណីល្អរបស់ជាតិ»។ នេះជាការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជារដ្ឋធម្មនុញ្ញទី៦ ចាប់តាំងពីប្រទេសកម្ពុជាបានទទួលយកប្រព័ន្ធដឹកនាំរដ្ឋបែបទំនើបតាមបែបបស្ចិមលោក ដោយបានប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញទំនើបលើកដំបូងក្នុងឆ្នាំ១៩៤៧ ដែលមានគុណតម្លៃគ្រឹះនៃធម្មនុញ្ញនិយម រួមមាន ១/ ប្រជាធិបតេយ្យ ,២/ សិទ្ធិមនុស្ស ,៣/ ការបែងចែកអំណាច និង៤ នីតិរដ្ឋ ត្រូវបានយកមកផ្សាំជាមួយសង្គមខ្មែរចាប់តាំងពីពេលនោះមក។ ប៉ុន្តែការអនុវត្តគុណតម្លៃទាំងនោះ ពុំមានស្ថិរភាពជាប់បានយូរអង្វែងទេ អាស្រ័យដោយប្រទេសកម្ពុជា ពើបប្រទះនឹងវិបត្តិនៃការដូររបបនយោបាយជាច្រើនលើកច្រើនគ្រា។ គិតមកដល់ពេលនេះ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ចំនួន៩លើកហើយ៕