COVID-19
ជាតិ
Lancet៖ កម្ពុជាជាប់លេខ៤ក្នុងចំណោម៩១ប្រទេសដែលទប់ស្កាត់ COVID-19 ជោគជ័យនៅខែសីហា ស្ត្រីខ្មែរម្នាក់នៅភ្នំពេញ ពាក់ម៉ាស ការពារ COVID19។ រូបថត AFP
× កម្ពុជា បានទទួលចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចំនួន៩១ ដែលអាចទប់ស្កាត់ជំងឺរាតត្បាតសកលបានយ៉ាងជោគជ័យនៅក្នុងខែសីហា។ នេះបើតាមព្រឹត្តិបត្រវេជ្ជសាស្ត្រអន្តរជាតិ Lancet ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា។
តាមរយៈ «សេចក្តីថ្លែងការណ៍គណៈកម្មការCOVID-19 ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ» Lancet បានវាយតម្លៃលើការទប់ស្កាត់ និងបង្ក្រាបCOVID-19 នៅក្នុងប្រទេសចំនួន៩១ សម្រាប់ខែសីហា ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។
ក្នុងការវាយតម្លៃនេះ Lancet បានផ្តល់ចំណាត់ថ្នាក់ឲ្យកម្ពុជាស្ថិតនៅលេខរៀងទី៤ ក្នុងខែសីហា ដែលបានទប់ស្កាត់COVID-19 បានយ៉ាងជោគជ័យ។ ដែនដី និងប្រទេស ដែលស្ថិតនៅលើកម្ពុជាមានដូចជា តៃវ៉ាន់ (លំដាប់ទី១), ថៃ(លំដាប់ទី២), និងឡាវ (លំដាប់ទី៣)។ ចំណែកប្រទេសអាស៊ានផ្សេងទៀត មានដូចជា វៀតណាម នៅលំដាប់ទី៥, មីយ៉ាន់ម៉ា នៅលេខរៀងទី៧, ម៉ាឡេស៊ីទី៨, ឥណ្ឌូណេស៊ីទី២៨, សិង្ហបុរីទី៥៧ និងហ្វីលីពីនទី៦៦ ក្នុងចំណោមប្រទេសចំនួន៩១។
ការវាយតម្លៃនេះ គឺផ្អែកលើទិន្នន័យនៃការធ្វើតេស្ត ករណីឆ្លងប្រចាំថ្ងៃ អត្រាមរណភាពប្រចាំថ្ងៃ និងវិធានការផ្សេងៗទៀត។
បើតាមរបាយការណ៍ដដែលនេះ តំបន់អាស៊ី-បាស៊ីហ្វិក គឺទប់ស្កាត់COVID-19 បានយ៉ាងល្អ បើធៀបនឹងតំបន់អឺរ៉ុប អាមេរិក និងអាមេរិកឡាទីន ពោលគឺទាំងអត្រាឆ្លង និងអត្រាមរណភាព។ Lancet បានបញ្ជាក់ថា ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែនប្រទេសមួយចំនួនបរាជ័យក្នុងការទប់ស្កាត់ COVID-19 គឺការដឹកនាំនយោបាយ ដែលមានលក្ខណៈប្រជានិយមវេជ្ជសាស្ត្រ (Medical Populism)។ បានន័យថា មេដឹកនាំនយោបាយមួយចំនួន គឺមើលស្រាលផលប៉ះពាល់របស់COVID-19 ឬប្រើប្រាស់វិធានការងាយស្រួល ដើម្បីឆ្លើយតបនឹងវិបត្តិCOVID-19 ជាដើម។
ការសិក្សារបស់គណៈកម្មការ Lancet លើCOVID-19 នៅក្នុងប្រទេសចំនួន៩១ នេះ បានចាប់ផ្តើមឡើងនៅថ្ងៃទី៩ ខែកក្កដា ដើម្បីជាជំនួយសម្រាប់រដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នរបស់អង្គការសហប្រជាជាតិ ក្នុងការបង្ក្រាបCOVID-19។ ការសិក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយលើបញ្ហាប្រឈមរបស់សកលលោក ដែលកំពុងជួបប្រទះដោយសារCOVID-19។
គិតមកត្រឹមពេលនេះ កម្ពុជាមានករណីCOVID-19 សរុបចំនួន ២៧៥ករណី មិនមានអ្នកស្លាប់ និងអ្នកជាសះស្បើយចំនួន ២៧៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com