កីឡាជាតិ
ជាតិ
អ្នកគាំទ្រ​បាល់ទាត់​ខ្មែរ អាច​ទស្សនាការ​ប្រកួត​បាន ប៉ុន្តែ​ត្រឹម​១០​ភាគរយ​នៃ​កៅអី​សរុប​នៅ​កីឡដ្ឋាន​ប៉ុណ្ណោះ​
24, Sep 2020 , 9:59 pm        
រូបភាព
កីឡដ្ឋាន​ខេត្តសៀមរាប ដែល​សូលទីឡូអង្គរ ប្រើប្រាស់ជាទឹកដីរបស់ខ្លួន។ រូបថត FFC
កីឡដ្ឋាន​ខេត្តសៀមរាប ដែល​សូលទីឡូអង្គរ ប្រើប្រាស់ជាទឹកដីរបស់ខ្លួន។ រូបថត FFC
ដោយ:
​ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឡើងវិញ​។ ប៉ុន្តែ​ក្រសួង តម្រូវ​ឲ្យ​ក្លិប​ទាំងអស់​បន្ត​រក្សា​អនាម័យ និង​អនុវត្តតាម​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ក្រសួង នឹងមិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ បើ​ក្លិប​ណា​មិន​អនុវត្តតាម​វិធានការ​របស់ខ្លួន​។

 
​ក្រោយ​ប្រកួត​បិទទ្វារ មិន​ឲ្យ​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ជិត​៤​ខែ ដោយសារ​បារម្ភ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​អាច​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​គ​កំពូល​ឡើងវិញ​។ ប៉ុន្តែ​ក្រសួង​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​កៅអី​សរុប​នៃ​កីឡដ្ឋាន​នីមួយៗ ខណៈ​អ្នក​ចូល​ទស្សនា​ត្រូវ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​បញ្ជាក់​លេខ​កៅអី​ច្បាស់លាស់ និង​ភ្ជាប់​ជាមួយ​អាស័យដ្ឋាន និង​លេខ​ទូរ​សព្ទ​។  
 
​ទោះបី​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា​ក៏ពិតមែន ក្រសួង​តម្រូវ​ឲ្យ​ក្លិប​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សុវត្ថិភាព​តាមរយៈ​ការរក្សា​អនាម័យ និង​អនុវត្តតាម​វិធានការ​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ វិធានការ​ទាំងនោះ​រួមមាន ក្លិប​ទាំងអស់​ត្រូវមាន​មា​ស៊ីន​វាស់​កម្តៅ កាល់​កុល ឬ​ជែ​ល​លាងដៃ​តាម​ច្រកចេញចូល​កីឡដ្ឋាន ត្រូវមាន​បង្គន់​អនាម័យ​គ្រប់គ្រាន់ អ្នកគាំទ្រ​ត្រូវ​ពាក់​ម៉ាស់ មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​មាន​ជំងឺ​ផ្តាសាយ​ចូល​ទស្សនា និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ចូល​កីឡដ្ឋាន​។ 
 
​ក្រសួង​សង្កត់ធ្ងន់ថា បើ​ក្លិប​ណា​មិន​អនុវត្តតាម​វិធានការ​ខាងលើ នោះ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ការប្រកួត​នោះ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​។ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នឹង​ផ្អាក​មិន​ឲ្យ​មាន​ទស្សនិកជន​ចូល​ទស្សនា​បណ្តោះអាសន្ន ក្នុងករណី​រកឃើញ​ទស្សនិកជន​ណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ​។ 
 
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០២០ ត្រូវបាន​ផ្អាក​ការប្រកួត​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ដោយសារ​បារម្ភ​ពី​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រោយមក​នៅ​ថ្ងៃទី​២៩ ខែឧសភា ក្រសួង​អប់រំ​យុវជន​និង​កីឡា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អនុញ្ញាត​ឲ្យ​រៀបចំ​ការប្រកួត​គ្រប់​ប្រភេទ​កីឡា រួមទាំង​បាល់ទាត់​ឡើងវិញ​។ ប៉ុន្តែ​ការប្រកួត​ទាំងនោះ មិន​តម្រូវ​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​៕ 
 
 

Tag:
 ក្រសួងសុខាភិបាល​
  Hun Sen Cup
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com