កីឡាជាតិ
ជាតិ
លោក ហង់​ជួន ណា​រ៉ុ​ន ទទួល​សា្គ​ល់​ថា ការអភិវឌ្ឍ​កីឡា​តាម​ខេត្ត នៅមាន​បញ្ហា​ប្រឈម​
25, Sep 2020 , 11:39 am        
រូបភាព
លោក ហង់ជួន ណារ៉ុន (ឆ្វេង)ប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀន ដែលបានបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡា
លោក ហង់ជួន ណារ៉ុន (ឆ្វេង)ប្រគល់សញ្ញាបត្រជូនដល់គ្រូបង្រៀន ដែលបានបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡា
ដោយ:
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​សង្កេតឃើញថា ការអភិវឌ្ឍ​ការងារ​អប់រំ​កាយ និង​កីឡា​នៅតាម​សាលា​ក្នុង​រាជធានី​ខេត្ត​មួយចំនួន​នៅ​ជួប​បញ្ហា​ប្រឈម​នៅឡើយ ដោយសារ​កត្តា​ធនធាន និង​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​សង្ឃឹមថា គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ​និង​កីឡា​ជាង​២៥០​នាក់ ដែល​ទើប​បញ្ចប់​ការសិក្សា​កាលពីពេល​ថ្មីៗ នឹង​ក្លាយជា​ផ្នែក​ក្នុង​ការជួយ​ស្តារ​ស្ថានភាព​នោះ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

 
​នា​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ផ្នែក​អប់រំ​កាយ​និង​កីឡា​ជំនា​ន់ទី​២៧ និង​២៨​ទាំង​២៥១​នាក់ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មានប្រសាសន៍ថា ការអនុវត្ត​កម្មវិធី​អប់រំ​កាយ​និង​កីឡា នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​រាជធានី​ខេត្ត​មួយចំនួន នៅ​ជួប​បញ្ហា​ប្រឈម​នៅឡើយ​។ បញ្ហា​ប្រឈម​ដែល​រដ្ឋមន្ត្រី​រូបនេះ​សង្កេតឃើញ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​ពុំមាន​ស្តង់ដា សមត្ថភាព​ធនធាន​មន្ត្រី​អប់រំ​កាយ​និង​កីឡា កីឡាករ គ្រូបង្វឹក និង​អាជ្ញាកណ្តាល​-​ចៅក្រម​នៅមានកម្រិត​។ 


 
​ទន្ទឹមនឹង​លើកឡើង​ពី​ភាពជោគជ័យ​របស់​វិស័យ​កីឡា​មួយចំនួន​នៅលើ​ឆាក​អន្តរជាតិ និង​សមិទ្ធផល​ជាច្រើន ដែល​សម្រេចបាន​នាពេល​កន្លងមក លោក ហង់​ជួន ណា​រ៉ុ​ន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖«​ទោះជា​យ៉ាងណាក៏ដោយ ការងារ​អប់រំ​កាយ​និង​កីឡា​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​នៅ​កម្រិត​រាជធានី​-​ខេត្ត ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​យើង​នៅតាម​ខេត្ត​នៅមានកម្រិត សមត្ថភាព​មន្ត្រី​អប់រំ​កាយ និង​កីឡា កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល​-​ចៅក្រម​នៅមានកម្រិត ខ្វះ​ធនធាន​អនុវត្ត​ផែនការ​គោល​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។​
 
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT កម្ពុជា​រូបនេះ ជំរុញ​ឲ្យ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ផ្នែក​អប់រំ​កាយ​និង​កីឡា​ដែល​ទើប​បញ្ចប់​ការសិក្សា​ខាងលើ ប្រើប្រាស់​ចំណេះដឹង​ថ្មីៗ​ដែល​ខ្លួន​ទើប​ទទួលបាន ជួយ​អភិវឌ្ឍន៍​កម្មវិធី​អប់រំ​កាយ និង​កីឡា​នៅតាម​សាលា​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​រំពឹងថា គ្រូបង្រៀន​ទាំងនោះ​នឹង​ជួយ​បណ្តុះបណ្តាល​ធនធាន​ថ្នាល​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​។ 


 
«​ខ្ញុំ​សង្ឃឹមថា លោកគ្រូ​អ្នកគ្រូ​ទាំងអស់​នាពេល​បច្ចុប្បន្ន​នេះ នឹង​ចេញទៅ​បំពេញការងារ​តាម​គ្រឹះស្ថានសិក្សា​ផ្សេងៗ​នៅ​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ទៅតាម​អ្វីដែល​បាន​រៀនសូត្រ ជាពិសេស​អនុវត្តតាម​កម្មវិធី​ថ្មី​នៅក្នុង​ការអប់រំ​កាយ និង​កីឡា ហើយ​ផ្សារភ្ជាប់​រវាង​ការហាត់​ហ្វឹកហ្វឺន​អប់រំ​កាយ​និង​កីឡា ដើម្បី​លើកកម្ពស់​កីឡា​ផ្សេងៗ​នៅតាម​សាលារៀន ដើម្បី​ធ្វើយ៉ាងណា​បណ្តុះ​ថ្នាល​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយៗ​ឲ្យ​ស្រលាញ់​កីឡា ដើម្បី​លើកកម្ពស់​សុខភាព​នៅតាម​សាលា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់​ជួន ណា​រ៉ុ​ន​។ 
 
​ក្នុងឱកាស​នោះ លោក បាន​កោតសរសើរ​លោក​គ្រូ​អ្នកគ្រូ និង​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​ធនធាន​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ​និង​កីឡា និង​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បានរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ ជាពិសេស​អង្គការ JICA និង​បេះដូង​មាស ដែល​បាន​ជួយ​ជួសជុល​និង​សាងសង់​ហេ​ដ្ឋា​រដ្ឋា​សម្ព័ន្ធ និង​អាង​ហែល​ទឹក​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា និង​ការរៀបចំ​កម្មវិធីសិក្សា​ផ្នែក​អប់រំ​កាយ​និង​កីឡា​នៅតាម​សាលា​នានា​៕ 


លោក ស សុខា (ឆ្វេង)ប្រគល់សញ្ញាបត្រជូនគ្រូបង្រៀនកម្រិតមូលដ្ឋានផ្នែកអប់រំកាយនិងកីឡា









Tag:
 ហង់​ជួន ណា​រ៉ុ​ន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com