ជាតិ
ទិដ្ឋភាពថ្ងៃរះ អមដោយសមុទ្រពពក នៅលើប្រាសាទព្រះវិហារ
27, Sep 2020 , 1:59 pm        
រូបភាព
ព្រះវិហារ៖ ក្រៅជាទីតាំងដ៏ពិសិដ្ឋដែលមានប្រាង្គប្រាសាទនៅលើកំពូលភ្នំ ប្រាសាទព្រះវិហារ ក៏បានផ្ដល់នូវចំណីអារម្មណ៍ប្លែកដល់ភ្ញៀវទេសចរ តាមរយៈការទស្សនាថ្ងៃរះ អមជាមួយពពកសក្បុសប្រៀបដូចឋានសួគ៌។ បើតាម លោក អឿ សុភាព មគ្គុទេ្ទសក៍នៅប្រាសាទព្រះវិហារ លក្ខណៈពិសេសនៃថ្ងៃរះ គឺភ្ញៀវទេសចរអាចទស្សនាឃើញទាំងថ្ងៃរះ និងពពកយ៉ាងច្រើនរសាយអណ្ដែតលើវេហា។


 
ទិដ្ឋភាពថ្ងៃរះ នៅលើប្រាសាទព្រះវិហារ ជាទស្សនីយភាពដ៏អស្ចារ្យដែលភ្ញៀវទេសចរមួយចំនួន មិនសូវបានឃើញ។ នៅចន្លោះម៉ោង ៥៖៣០នាទីព្រឹក ដល់ម៉ោង៦៖៣០នាទី ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺពណ៌មាស និងមានពពកសក្បុសរសាយលើផ្ទៃមេឃ ប្រៀបដូចឋានសួគ៌ ដែលធ្វើឲ្យភ្ញៀវទេសចរគយគន់យ៉ាងសប្បាយរីករាយ។ លោក អឿ សុភាព មគ្គុទេ្ទសក៍នៅប្រាសាទព្រះវិហារ បញ្ជាក់៖ «ដើម្បីអាចទស្សនាទិដ្ឋភាពថ្ងៃរះ អមនឹងពពកលើប្រាសាទព្រះវិហារ ភ្ញៀវទេសចរ ត្រូវទាក់ទងទៅអាជ្ញាធរជាតិព្រះវិហារជាមុនសិន ព្រោះជាទូទៅភ្ញៀវទេសចរមិនអាចឡើងមកប្រាសាទព្រះវិហារមុនម៉ោង៧៖៣០នាទីព្រឹកនោះទេ»។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក អឿ សុភាព មគ្គុទ្ទេសក៍នៅប្រាសាទព្រះវិហារដូចតទៅ៖ 
 
 
ប្រាសាទព្រះវិហារ ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថៃ្ងទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយអង្ការ UNESCO។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦-១៨ ខែសីហា កន្លងទៅក្រុមកម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំជំរំតង់ «សួគ៌ាបព៌ត» នាជួរភ្នំដងរែកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមជិត៥០នាក់។ ដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ចូលរួមប្រើប្រាស់សេវាកម្មក្នុងស្រុក ជាពិសេសឱ្យភ្ញៀវទេសចរ ស្គាល់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យក្នុងស្រុក។ Cambodia Amazing Trip Planner បានសហការជាមួយសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា៕










 

Tag:
 ថ្ងៃរះ
  ព្រះវិហារ
  សមុទ្រពពក
© រក្សាសិទ្ធិដោយ thmeythmey.com