អ្នកស្រី ចេន សុភាព ជាម្ចាស់សហគ្រាសកីតម្បាញខ្មែរ KTK។ ការបើកសហគ្រាសកីតម្បាញខ្មែរ មិនមែនជារឿងចៃដន្យទេ សម្រាប់អតីតបុគ្គលិកអង្គការរូបនេះ។ ក្នុងឈុតសម្លៀកបំពាក់ខ្មែរ មានពណ៌ទឹកមាសបែកលឿងយ៉ាងសមសួន អ្នកស្រី ចេន សុភាព បានពន្យល់ថា មូលហេតុដែលអ្នកស្រី សម្រេចបើកអាជីវកម្មនេះ ដើមឡើយគឺឃើញផលិតផលតម្បាញខ្មែរ មិនសូវមានដាក់លក់នៅតាមផ្សារ តែបែរជាផលិតផលបរទេសដូចជា ស៊ឹងថៃ ឡាវ និងផាមួងជប៉ុនជាដើមទៅវិញ។ ម្យ៉ាង ដោយមើលឃើញស្ត្រីតម្បាញជាច្រើន ត្រូវចំណាកស្រុកចោលកូន ដោយសារផលិតផលខ្មែរមិនមានតម្រូវការ និងមិនអាចរកចំណូលពីមុខរបរប្រពៃណីនេះ បានដូចមុនទៀតឡើយ។
«ពេលហ្នឹង ខ្ញុំក៏ពឹងឱ្យមិត្តភក្កិខ្ញុំ ជូនខ្ញុំទៅតំបន់តម្បាញ (កោះឧកញ៉ា តី)។ ខ្ញុំឃើញតំបន់តម្បាញហ្នឹង បិទកីអស់ហើយ ដោយសារអត់មានតម្រូវការទីផ្សារ គឺពេលហ្នឹងផលិតផលខ្មែរយើងធ្លាក់ទឹកតែម្ដង ជាពិសេសស៊ឹងខ្មែរអត់មានទេ។ ខ្ញុំដើរមើលតាមផ្ទះ ឃើញកីទាំងអស់ គឺគ្របសារ៉ុងជិត អត់មានអ្នកធ្វើទេ។ ខ្ញុំក៏សួរអ្នកត្បាញថា បើខ្ញុំអាចធ្វើទីផ្សារឱ្យ មានដំណើរការឡើងវិញ តើពួកគាត់សហការជាមួយខ្ញុំអត់? អីចឹងអ៊ំៗមីងៗ គាត់ថាបើនាងធ្វើឱ្យដើរវិញ អ៊ំក៏សប្បាយចិត្ត ព្រោះអ៊ំមានការងារធ្វើ ហើយក៏បានចំណូលដែរ»។ នេះជាការបញ្ជាក់របស់ អ្នកស្រី ចេន សុភាព ដោយផ្ដើមដំបូង អ្នកស្រី បានសហកាជាមួយស្ត្រីតម្បាញចំនួន ១០គ្រួសារប៉ុណ្ណោះ។
មានសម្ដីច្បាស់ៗ អ្នកស្រី សុភាព បានប្រាប់សារព័ត៌មានថ្មីៗថា សហគ្រាសកីតម្បាញខ្មែរ KTK មិនត្រឹមតែជាឈ្មួញកណ្ដាល ដែលជាអ្នកនាំយកផលិតផលតម្បាញពីសហគមន៍ មកលក់នោះទេ តែម្ចាស់សហគ្រាស ដែលជាអតីតបុគ្គលិកអង្គការ រយៈពេលជាង១០ឆ្នាំ បានជួយដៃគូសហកាស្ត្រីតម្បាញ ឱ្យមានគំនិតចេះគ្រប់គ្រងការចាយវាយ តាមរយៈការចងក្រងសមាគមន៍ និងបង្កើតក្រុមសន្សំលុយ ដើម្បីឱ្យពួកគេ មានប្រាក់បម្រុងទុកពេលគ្រាលំបាក ឬពេលរដូវបុណ្យទាន ដោយមិនបាច់ទៅចងការប្រាក់គេ។ បច្ចុប្បន្នកីតម្បាញខ្មែរ KTK បានសហកា និងជួយដល់ស្ត្រីតម្បាញ ជាង៣០០នាក់ ដែលអ្នករស់នៅភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង និងខេត្តសៀមរាប ឲ្យមានការងារធ្វើ។
ចង់ឱ្យអតិថិជនស្គាល់ពីផលិតផល ត្រូវកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តដល់អតិថិជន
ទោះបីជាផលិតផលតម្បាញខ្មែរ មិនសូវមានលក់លើទីផ្សារទូលំទូលាយ ដូចជាផលិតផលបរទេសក៏ពិតមែន ប៉ុន្តែអ្នកស្រី សុភាព យល់ថា ការមិនសូវមានលក់លើទីផ្សារច្រើននេះ មិនមែនដោយសារតែអតិថិជនមិនគាំទ្រនោះទេ ប៉ុន្តែដោយសារអ្នកលក់ មិនផ្សព្វផ្សាយ និងផ្ដល់ទំនុកចិត្តដល់អតិថិជន។ ដូចនេះ អ្នកស្រីជឿជាក់ថា ការធ្វើទីផ្សារត្រូវ ស្គាល់ពីអតិថិជនគោលដៅច្បាស់ ផលិតផលមានគុណភាព នោះអតិថិជន នឹងបែរចិត្តគាំទ្រស្នាដៃ ផលិតផលខ្មែរ។ «ខ្ញុំដើរទៅរកអតិថិជន មិនមែនអតិថិជន មករកខ្ញុំទេ។ គឺយើងជាអ្នករកស៊ី យើងទៅរកភ្ញៀវមុន ព្រោះយើងដឹងភ្ញៀវ យើងជាអ្នកណាគេ។ អីចឹង ខ្ញុំទៅរកអ្នកដែលស្គាល់ៗហ្នឹង ឱ្យដឹងថា ខ្ញុំចាប់ផ្ដើមរកស៊ីអាហ្នឹងហើយ ឱ្យគាត់ចាប់ផ្ដើមសាកផលិតផលយើង នោះមនុស្ស នឹងចាប់ផ្ដើមស្គាល់(ផលិតផល)»។
អ្នកស្រី ចេន សុភាព បានព្យាយាមបញ្ជ្រាបគំនិតស្រលាញ់ផលិតផលតម្បាញខ្មែរ និងកសាងកេរ្តិ៍ឈ្មោះខ្លួន ឱ្យអតិថិជនជឿជាក់ តាមរយៈការចូលរួមកម្មវិធីផ្សេងៗ ជាពិសេសនោះ ចូលរួមកម្មវិធីប្រកួតប្រជែងជាច្រើន អមជាមួយការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដើម្បីឱ្យគេបានស្គាល់ និងដឹងពីគុណភាព ផលិតផលតម្បាញរបស់ខ្មែរ។ ការណ៍នេះ បានធ្វើឱ្យអ្នកស្រី ទទួលចំណាច់ថ្នាក់លេខមួយ លើពានរង្វាន់សហគ្រិនថ្នាក់ជាតិ២០២០ កាលពីពេលថ្មីៗ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ ផលិតផលកីតម្បាញខ្មែរ កាន់តែមានឈ្មោះល្បីល្បាញ។ អ្នកស្រី សុភាព អះអាង ក្នុងសម្ដីជឿជាក់ដូច្នេះថា៖«យុទ្ធសាស្ត្រទីផ្សារដែលខ្ញុំធ្វើកន្លងមកហ្នឹង គឺខ្ញុំធ្វើឱ្យគេស្គាល់ ចេន សុភាព ហ្នឹងអ្នកណាគេសិន ព្រោះអី ចេន សុភាព គឺកីតម្បាញខ្មែរ។ កីតម្បាញខ្មែរគឺ ចេន សុភាព។ ខ្ញុំត្រូវយកខ្លួនខ្ញុំហ្នឹង ភ្ជាប់ជាមួយផលិតផល និងអាជីវកម្មរបស់ខ្ញុំ។ អីចឹងគឺខ្ញុំ ត្រូវតែអភិវឌ្ឍន៍ខ្លួនខ្ញុំ តាមការធ្វើអ្វីមួយ ឱ្យជោគជ័យដូចជាទៅប្រកួតបានជាប់ពាន ឱ្យគេស្គាល់ខ្ញុំ ដល់គេស្គាល់គេហៅទៅធ្វើវាគ្មិន កាន់តែគេស្គាល់ច្រើនទៀត»។
អ្នកស្រី ចេន សុភាព៖ ចង់ឱ្យអាជីវកម្មដើររលូន ត្រូវស្គាល់អាជីវកម្មឱ្យច្បាស់
ផ្ដើមទុនចំនួន ៣៥០ដុល្លារ សហគ្រាសកីតម្រាញខ្មែរ KTK មានដំណើរលូតលាស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នសហគ្រាសមួយនេះ មានពីរសាខា និងមានផលិតផលតម្បាញច្រើនជម្រើស ដល់អតិថិជន។ សហគ្រិនវ័យ ៣៩ឆ្នាំរូបនេះ ចាត់ទុកការធ្វើអាជីវកម្ម ដូចជាការចិញ្ចឹមកូនអីចឹង ព្រោះបើមិនមើលថែដិតដល់ទេនោះ វានឹងឈឺច្រើន ហើយរយៈពេល៥ឆ្នាំមកនេះ អ្នកស្រី សុភាព តែងតែប្រុងប្រយ័ត្នជានិច្ច។ អ្នកស្រីរៀបរាប់ដូច្នេះថា៖ «ខ្ញុំគ្រប់គ្រងលម្អិតណាស់ ក្នុងតួអាជីវកម្មទាំងមូលរបស់ខ្ញុំ និយាយរួមទៅគឺ ខ្ញុំស្គាល់អាជីវកម្មខ្ញុំដូចបាតដៃខ្ញុំអីចឹង ទាំងពីការធ្វើទីផ្សារ ស្គាល់អតិថិជនគោលដៅជាអ្នកណា ហើយធនធានរបស់ខ្ញុំ មានអ្វីខ្លះ ប្រាក់ចំណូលរបស់ខ្ញុំចូលតាមរយៈអី? តាំងពីការលក់ដុំ លក់រាយ លក់ជាលក្ខណៈដៃគូ តាមរយៈការសហការជាមួយជាងដេរ គេប៉ុន្មានភាគរយ ដើម្បីយកលុយហ្នឹងមកទុកចំណាយ»។
គ្មានភាពជោគជ័យណា បានមកពីការមិនខំប្រឹងនោះទេ ពោលគឺទម្រាំ អ្នកស្រី សុភាព ឈរដល់ចំណុចនេះ ស្ត្រីដែលមានគំនិតល្អិតល្អន់រូបនេះ បានជួបនូវការលំបាកជាច្រើន។« ខ្ញុំជួបឧបសគ្គច្រើនណាស់ ពេលខ្លះក៏ខ្ញុំខ្វះដើមទុន ខ្វះមនុស្សជួយ ពេលខ្លះក៏បាត់បង់ភ្ញៀវ ជួបរឿងច្រើនណាស់ តាំងពីខូចផលិតផល។ ទីផ្សារទៀតសោត មានការប្រកួតប្រជែងតម្លៃ។ តែធ្វើយ៉ាងម៉េច ខ្ញុំមានពាក្យបី នៅក្នុងកីតម្បាញខ្មែរ KTK ទីមួយគុណភាព ទាំងផលិតផល ទាំងសេវាកម្ម។ ផលិតល្អសេវាកម្មអន់ ក៏គេមិនមកទិញយើងដែរ។ ទីពីរ គឺសោភ័ណ្ឌភាព គឺយើងត្រូវធ្វើអ្វីថ្មីរហូត និងទីបីទំនុកចិត្ត។ ទម្រាំឱ្យគេជឿយើង មិនងាយទេ អីចឹងឧបសគ្គមានច្រើន»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុភាព។
«ជួបឧបសគ្គមួយដោះស្រាយមួយ ជួបពីរដោះស្រាយពីរ»។ នេះជាការគូសបញ្ជាក់របស់ សហគ្រិនរូបនេះ ដែលបានបន្តថាខ្លួន មិនដែលគេចវេសបញ្ហា ឬទុកចោលបញ្ហាមិនដោះស្រាយនោះឡើយ។ ការណ៍នេះ ជាហេតុនាំឱ្យអ្នកស្រី សុភាព កាន់តែស្គាល់ពីអាជីវកម្មរបស់ខ្លួន និងបានរិះរកគំនិតថ្មីៗ មកអភិវឌ្ឍន៍បន្ថែម ដើម្បីឱ្យអាជីវកម្មឈរទៅមុខបាន។
តាមរយៈបទពិសោធន៍ សមត្ថភាព និងការប្រឹងប្រែង បានធ្វើឱ្យសហគ្រិនស្ត្រីឆ្នើមរូបនេះ បានសម្រេចគោលដៅ ដោយជាផ្នែកមួយ ជួយឱ្យផលិតផលតម្បាញខ្មែរ មានតម្រូវការទីផ្សារ និងជួយដល់ជីវភាពស្ត្រីតម្បាញខ្មែររាប់រយនាក់ មិនឱ្យចំណាកស្រុក។ ស្ត្រីជាកូនអ្នកខេត្តព្រះសីហនុរូបនេះ មិនស្ទាក់ស្ទើរ ក្នុងការជំរុញឱ្យស្ត្រីផ្សេងទៀត ជាពិសេសយុវតី ដែលចង់ធ្វើអាជីវកម្ម ត្រូវហ៊ានធ្វើអ្វី ដែលខ្លួនចូលចិត្ត ប្រឹងឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ អ្នកស្រីផ្ដាំដូច្នេះទៅយុវតីដែលចង់ក្លាយជាសហគ្រិន៖«បើសិនជាលទ្ធផល មិនសម្រេចដូចអ្វីដែលខ្លួនចង់បាន ក៏កុំបោះបង់ឲ្យសោះ តែត្រូវកែច្នៃបន្ថែមទៀត ព្រោះជោគជ័យ ត្រូវការពេលវេលា និងភាពអត់ធន់»៕