ជាតិ
ក្រសួងទេសចរណ៍ នឹង​រៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០ ក្នុង​ខេត្តសៀមរាប​
28, Sep 2020 , 10:14 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​រៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០​ឡើងវិញ ក្នុង​ខេត្តសៀមរាប​ដើម្បី​ចូលរួម អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​៖ «​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​» ដោយបាន​ដាក់ចេញ​នូវ​សកម្មភាព ៤​ចំណុច​ដល់​មន្ទីរ​ទេស​ចរណ៍​ទូទាំងប្រទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​។ នេះ​បើតាម​សារាចរ​ណែនាំ (​សរ​ណន​) ចុះ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​ក្រសួងទេសចរណ៍​។​

 
 
​សរ​ណន បញ្ជាក់ថា គ្រប់​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ប័ណ្ណ​ផ្សព្វផ្សាយ បដា​ពាក្យស្លោក ដាក់តាំង​បង្ហា​តាម​ស្ថាប័នរដ្ឋ អាជីវកម្ម​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​ទីសាធារណៈ ចាប់​ពីថ្ងៃ​ជូនដំណឹង​។ ក្នុងនោះ​មន្ត្រីរាជការ គ្រូបង្រៀន សិស្ស​-​និស្សិត ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ធ្វើ​អនាម័យ​នៅតាម​ទីសាធារណៈ និង​ស្ថាប័ន​នីមួយៗ ។​

​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ មិនទាន់​បង្ហាញ​ពី​ពេលវេលា​ក្នុងការ​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០ នេះ​ទេ។ ប៉ុន្តែ​ក្រសួង​នឹង​ចាប់ផ្ដើម​នាពេល​ដ៏​ខ្លី​ខាងមុខ នៅក្នុង​ខេត្តសៀមរាប ដែលជា​ទីតាំង​ទេសចរណ៍​ប្រ​វិត្ត​សាស្ត្រ និង​ជា​បេះដូង​នៃ​ពលរដ្ឋ​កម្ពុជា​។ ជាទូទៅ ទិវា​ទេសចរណ៍​ពិភពលោក តែង​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ២៧ ខែកញ្ញា នៅ​ទូទាំងប្រទេស​។ 
 
 
​បើតាម សរ​ណន ក្នុងអំឡុងពេល​ប្រារព្ធ​កម្មវិធី ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​៖ «​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​» និង​អនុវត្តតាម​វិធាន​សុវត្ថិភាព និង​សុខភាព​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ពាក់​ម៉ាស ត្រូវមាន​ទឹក​អាល់កុល សម្រាប់​លាងដៃ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ពិភពលោក​បានទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់ ១,៥០០ លាន​នាក់ ក្នុង​អត្រាកំណើន ៤% ចូលរួម​បង្កើត​ការងារ​ប្រមាណ ៣៣០ លាន​នាក់ ត្រូវជា ១០% នៃ​ការងារ​សរុប បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ ១០.៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (World GDP) តំណាង​ឲ្យ ៧% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក និង​ប្រមាណ ២៩% នៃ​ការនាំចេញ​សរុប​ផ្នែក​សេវាកម្ម​៕ 
 
 

Tag:
 ​ទេសចរណ៍​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com