ជាតិ
សង្គមជាតិ
អភិបាលក្រុង​ភ្នំពេញ​៖ គម្រោង​លុប​ស្រះ​ជាង​១០​ហិកតា​នៅ​ហ្គ្រេ​ន​ភ្នំពេញ មិនមែនជា​ទ្រព្យសម្បត្តិ​សាធារណៈ​ឡើយ​
29, Sep 2020 , 11:19 am        
រូបភាព
លោក ឃួង ស្រេង
លោក ឃួង ស្រេង
​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍ​ថ្មី​ដោយ​លុប​ស្រះ​ទឹក​ដែលមាន​ទំហំ​ជាង​១០​ហិកតា​(​បណ្តា​យ​៤២៣​ម៉ែត្រ​,​ទទឹង​២៤៥​ម៉ែត្រ​)​របស់​ក្រុមហ៊ុន​ជីបម៉ុង នៅ​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​នោះ គឺ​មិនមែនជា​ទ្រព្យសម្បត្តិ​សាធារណៈ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ ។​



​ឆ្លើយតប​តំណាង​ពលរដ្ឋ​១៤០​គ្រួសារ នាំគ្នា​តវ៉ា​នឹង​គម្រោង​លុប​ស្រះ​ទឹក​នេះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ក្នុងការ​អន្តរាគមន៍​រក្សា និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​នេះ ពី​ក្រុមហ៊ុន​ជីប ម៉ុង បានឡើយ​។ លោក បន្តថា បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អន្តរាគមន៍​រក្សា និង​ទប់ស្កាត់​ការ​លុប​ស្រះ​ទឹក​ខាងលើនេះ វា​នឹង​ក្លាយជា​ទង្វើ​រំលោភ​មាត្រា​៨៥ និង​មាត្រា​៨៨​នៃ​ច្បាប់​ភូមិបាល​។​
 
​លិខិត​មួយច្បាប់​របស់​សាលា​រាជធានី​ភ្នំពេញ ជូនទៅ​តំណាង​ពលរដ្ឋ​ទាំង​១៤០​គ្រួសារ​រស់នៅក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេ​ន​ភ្នំពេញ កាលពី​ថ្ងៃទី​២៨​កញ្ញា​ម្សិលមិញ ដោយ​សង្កត់ធ្ងន់ថា ស្រះ​ទឹក​ដែលមាន​ទំហំ​ជាង​១០​ហិកតា​នេះ គឺមាន​ប័ណ្ណ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​លេខ ភ​.​ព ១២៥៩៨ ចុះ​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០០៩​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូរិយា​ដី​រាជធានី​ភ្នំពេញ ដែលជា​កម្មសិទ្ធិ​របស់​លោក លាង ឃុន និង​លោក លាង ម៉េង បាន​ទិញ​ពី​ក្រុមហ៊ុន​វ៉ា​យ អិ​ល ភី​គ្រុប​។ មានន័យថា ទីតាំង​ស្រះ​នោះ ស្ថិតនៅក្នុង​សិទ្ធិ​កាន់កាប់​ឯកជន​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន ជីប ម៉ុង​។​


រូបប្លង់មេដើម(ចាស់) នៃការអភិវឌ្ឍបុរីហ្គ្រេនភ្នំពេញនៅទីក្រុងរណប។ 

​កាលពី​ថ្ងៃទី​២៦​កញ្ញា តំណាង​ពលរដ្ឋ​ទាំង​១៤០​គ្រួសារ រស់នៅក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាននាំគ្នា​តវ៉ា​ជំទាស់​ចំពោះ​គម្រោង​លុប​ស្រះ​ទឹក​(​បឹង​)​ក្នុង​សហគមន៍ ដោយ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន នេះ​។  ពលរដ្ឋ​ទាំងនោះ បាន​ជួបជុំគ្នា ក្នុង​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេ​ន​ភ្នំពេញ ដោយមាន​កាន់​បដា​ធំៗ  ដើម្បី​បញ្ជាក់​ពី​គោលជំហរ​ក្នុងការ​ប្រឆាំង​ដាច់ខាត​ចំពោះ​គម្រោង​លុប​បឹង​នេះ​។ 
 
​ក្នុង​បដា​ប្រឆាំង​ចំពោះ​គម្រោង​លុប​បឹង​នេះ មាន​សរសេរ​ដូច្នេះ​ថា​៖«​គាំទ្រ​ការអភិវឌ្ឍ ដោយ​រក្សា​ស្រះ​ទឹក និង​ទីលាន​វាយ​កូន​ហ្គោល​តាម​ប្លង​មេ ដែលមាន​ផ្សព្វផ្សាយ​លក់​របស់​ក្រុមហ៊ុន YLP និង CIPUTRA​។ ក្រុមហ៊ុន ជីប ម៉ុង ត្រូវ​រក្សា​ស្រះ​ទឹក​ដូច​ប្លង់​មេ​មុន​ឆ្នាំ​២០១៩»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​ខាង​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដើម្បី​សុំ​ការអត្ថាធិប្បាយ​លើ​ករណី​នេះឡើយ​៕

Tag:
 អភិវឌ្ឍ​
  ក្រុង​រណប​
  ហ្គ្រេ​ន​ភ្នំពេញ​
  លោក ឃួ​ង ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com