ជាតិ
ពីនេះ ពីនោះ
ពីថ្ងៃទី៣ ដល់ទី៦ តុលា ខេត្តជាប់សមុទ្រ អាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ
× ក្រសួងធនធានទឹក និងឧតុនិយម បានអំនាវនាវឲ្យពលរដ្ឋ និងប្រជានេសាទតាមសមុទ្រ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលក់សមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៣-៦តុលា។ ក្រៅពីខេត្តជាប់សមុទ្រ ក្រសួងក៏អំពាវនាវឲ្យពលរដ្ឋកម្ពុជា ប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងពីថ្ងៃទី ៣០ កញ្ញា ដល់ថ្ងៃទី៦ តុលាផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ៦ ខែតុលា ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយឆ្លងកាត់ប្រទេសកម្ពុជា ភ្ជាប់ជាមួយសម្ពាធទាប ពីសមុទ្រចិនខាងត្បូង។
ឥទ្ធិពលនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ពីថ្ងៃទី៣០កញ្ញា ដល់ថ្ងៃទី៣ តុលា អាចមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិច ទៅមធ្យម ហើយនឹងបង្កើនការធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបង្គួរទៅច្រើន ពិសេសខេត្តនៅភាគពាយ័ព្យ។
ចំណែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិច ទៅបង្គួរ ចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ថ្ងៃទី៦ តុលា។ រីឯបណ្តាជាប់សមុទ្រ អាចមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិច ទៅមធ្យម ចាប់ពីថ្ងៃទី៣០កញ្ញា ដល់ថ្ងៃទី២តុលា។ បន្ទាប់មកភ្លៀងនឹងបង្កើនការធ្លាក់ពីបង្គួរ ទៅច្រើន។
ក្រសួងធនធានទឹក បានស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ទឹកជំនន់ ពិសេសពលរដ្ឋនៅទីទំនាបក្បែរផ្លូវទឹក បណ្តាខេ្តត្តជាប់តំបន់ភ្នំ និងមាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ។ ជាមួយគ្នានោះ ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ពីថ្ងៃទី៣ ដល់ទី៦តុលា។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ បណ្ដាខេត្តមួយចំនួនបានជួបនូវនូវជំនន់ទឹកភ្លៀងដែលបង្កពីព្យុះទី១១ «នូល» ដោយបណ្តាលប៉ះពាល់ផ្ទះសម្បែងពលរដ្ឋ ផ្លូវសាធារណៈ និងផលដំណាំមួយចំនួនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com