កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងធ្លាក់ចុះដល់ -២ភាគរយ នៅឆ្នាំ២០២០នេះ។ នេះ បើតាមរបាយការណ៍ថ្មីមួយទៀតរបស់ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ធនាគារពិភពលោក ចាត់ទុកការធ្លាក់ចុះ -២ភាគរយនៃកំណើតសេដ្ឋកិច្ច ថាជាការធ្លាក់ចុះយ៉ាងគំហុកបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ហើយជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពគ្រួសារ និងអាចធ្វើឲ្យភាពក្រីក្រកើនឡើងទៀតផង។
បើតាមធនាគារពិភពលោក ការរាលជំងឺកូវីដ-១៩ គឺជាមូលហេតុចម្បង ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះយ៉ាងគំហុកបែបនេះ។ ធនាគារពិភពលោក បានឲ្យដឹងថា វិស័យសំណង់ វិស័យទេសចរ និង ផ្នែកនាំចេញទំនិញទៅក្រៅប្រទេស ជាដើម ដែលចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា បានរងការប៉ះពាល់ដោយសារជំងឹរាតត្បាតនេះ។
ជាមួយគ្នានេះ ធនាគារពិភពលោក ព្យាករទុកថា នៅឆ្នាំ២០២១ កំណើតសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងដល់៤,៣ភាគវិញ និងបន្តស្ទុះឡើងដល់៥,២ភាគរយ នៅឆ្នាំ២០២២។ ផ្អែកលើរបាយការណ៍របស់ធនាគារពិភពលោកដដែល មុនជំងឺកូវីដ-១៩ ផ្ទុះឡើង កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់៧,១ភាគរយ ក្នុងឆ្នាំ២០១៩។
ការព្យាការរបស់ធនាគារពិភពលោក ខុសបន្តិចពីការព្យាការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅចុងខែកញ្ញា ឆ្នាំ២០២០ បង្ហាញថា ក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះដល់ទៅ-៤ភាគរយឯណោះ។ តែធនាគារអភិវឌ្ឍន៍អាស៊ី ព្យាការណ៍ថា ឈានដល់ខែសីហា ឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងដល់៥,៧ភាគរយ។
ទាំងការព្យាកររបស់ធនាគារពិភពលោក ទាំងការព្យាកររបស់ធនាគារអភិឌ្ឍន៍អាស៊ី សុទ្ធតែមិនស្របនឹងរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសចុះទៅពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីចុងខែមិថុនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះតែក្នុងរង្វង់១,៩ភាគរយទេ។ ប្រមុខរដ្ឋាភិបាល បានហៅការធ្លាក់ចុះ១,៩ភាគរយនៃកំណើនសេដ្ឋកិច្ចកម្ពុជា ថាមិនធ្លាប់កើតមានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
ពេលជំងឺកូវីដ-១៩ ចូលមកដល់កម្ពុជា រដ្ឋាភិបាល ក៏ចាប់ផ្តើមដាក់ចេញវិធានការនានា ជាមួយនឹងការត្រៀមថវិកាពី៨០០លានដុល្លារ ទៅដល់ជាង៣ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ។ បន្ថែមពីនេះ រដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាមួយដោយឡែក សម្រាប់ឧបត្ថម្ភជាប្រចាំខែ ដល់កម្មករ ដែលត្រូវព្យួរការងារ និងដល់គ្រួសារក្រីក្រ៕