ជាតិ
ប្រាសាទភ្នំដា ទីទេសចរណ៍ទាក់ទាញផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិក្នុងខេត្តតាកែវ
× រមណីយដ្ឋានទេសចរណ៍ប្រាសាទភ្នំដា មានភាពទាក់ទាញទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិ។ ទេសចរអាចសម្រាកមើលទេសភាពជុំវិញភ្នំ និងសិក្សារស្រាវជ្រាវពីប្រាសាទដ៏ចំណាស់មួយនេះ។ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។
មានកម្ពស់៤០ម៉ែត្រ ប្រាសាទភ្នំដា កសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ រាងការ៉េ។ ជ្រុងនីមួយៗ មានប្រវែង ១២ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ។ ប្រាសាទនេះ មានទ្វា ៣ជាទ្វាបញ្ឆោត និងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង។
ប្រាសាទដ៏ចំណាស់មួយនេះ កសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នេះបើតាមគេហទំព័ររដ្ឋបាលខេត្តតាកែវ។
ទេសចរ អាចគយគន់ផ្ទៃទឹកយ៉ាងធំល្វឹងល្វើយនៅជុំវិញភ្នំនារដូវវស្សា។ រីឯរដូវប្រាំង ផ្ទៃទឹក ប្រែក្លាយជាវាលស្រែខៀវស្រងាត់មើលដាច់កន្ទុយភ្នែក។ ទេសចរដែលទៅកម្សាន្តនៅប្រាសាទភ្នំដា អាចគយគន់សម្រស់ធម្មជាតិ សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងជាពិសេសអាចភ្លក់រស់ជាតិអាហារតំបន់ដ៏ឈ្ងុ0យឆ្ងាញ់នៅទីនោះផងដែរ។
ដើម្បីទៅដល់ប្រាសាទភ្នំដា ទេសចរអាចធ្វើដំណើរដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក ដោយឡែកបើតាមផ្លូវទឹកទេសចរអាចធ្វើដំណើរដោយទូក និងអូប័រ។ ប្រាសាទភ្នំដា មានចម្ងាយផ្លូវ២៥គីឡូម៉ែត្រតាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ ។
© រក្សាសិទ្ធិដោយ thmeythmey.com