ជាតិ
សង្គមជាតិ
​ក្រុមហ៊ុន​៤ និង​សហគមន៍​កសិកម្ម​៥០​នៅ​៦​ខេត្ត​រួមគ្នា​ជំរុញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​
29, Sep 2020 , 5:59 pm        
រូបភាព
 ​លោក រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​នាពិធី​ចុះ​កិច្ច​សន្យា​ផលិតផលកសិកម្ម​លើដំណាំ​កសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ​រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជា​នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​
​លោក រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​នាពិធី​ចុះ​កិច្ច​សន្យា​ផលិតផលកសិកម្ម​លើដំណាំ​កសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ​រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជា​នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​
ដោយ:
​ភ្នំពេញ​៖ ការចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ស្រូវ​សរីរាង្គ រវាង​ក្រុមហ៊ុន​ចំនួន​៤ និង​សហគមន៍​កសិកម្ម​ចំនួន​៥០​នៅ​ខេត្ត​ចំនួន​៦ នា​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​នឹង​ជំរុញ​ឲ្យ​ផលិតផល​កសិកម្ម​ធានាបាន​នូវ​បរិមាណ​ផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព គុណភាព ធានាបាន​នូវ​តម្លៃ សាមគ្គី កិច្ចសហការ ជំនឿ​ទុកចិត្ត ដើម្បី​នាំ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ​។

 
​សហគមន៍​ទាំង​៥០​ដែល​ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ដូចជា​ខេត្តតាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង មណ្ឌល​គី​រី និង​ព្រះវិហារ ត្រូវបាន​ចុះកិច្ចសន្យា​លើ​ដំណាំ​ស្រូវ​ជាង​២​ម៉ឺន​តោន និង​ដំណាំ​ដំឡូង​មី​ជាង​៣​ម៉ឺន​តោន ជាមួយនឹង​ក្រុមហ៊ុន​៤​គឺ​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា​(CACC),​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ​កម្ពុជា (Amru Rice), ក្រុមហ៊ុន Signatures of Asia (SOA) និង​ក្រម​ហ៊ុន បាយ័ន​ហេ​រី​ធេ​ច​។ 
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​សាក្សី​ដឹងឮ​អំពី​ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​លើ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ស្រូវ​សរីរាង្គ​នេះ បាន​បញ្ជាក់ថា ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​ទាំងនេះ​នឹង​នាំ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​មាន​សក្តា​នុ​ពុល និង​នាំ​ឲ្យ​សហគមន៍​មានការ​ប្រុងប្រែង​លើ​ការផលិត​កសិកម្ម​ប្រកបដោយ​គុណភាព​។ ជាពិសេស​ជំរុញ​ឲ្យ​អ្នក​ដាំ​ដំណាំ​ហូប​ជា​គ្រួសារ នឹង​ងាក​មក​ដាំ​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​។​
 
«​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នេះ​គឺមាន​សាក្សី​ដ៏​ធំ​មួយ​គឺ​រដ្ឋមន្ត្រី​កសិកម្ម​តែម្តង ដែល​មិនអាច​ឲ្យ​មាន​ភាគី​ណា​ប្រែ​ក្រឡាស់​បានឡើយ​។ នេះ​ជាការ​ផ្តល់​ភាពកក់ក្តៅ​ដល់​សមាជិក​សហគមន៍​កសិកម្ម​»​។ នេះ​បើតាម​លោក វេ​ង សាខុន ដែល​បញ្ជាក់ថា តាំងពី​មានការ​ចុះកិច្ចសន្យា​រវាង​ភាគី​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម​មក​មិនដែល​មាន​ភាគី​ណា​ដែល​មិន​គោរព​ទៅតាម​កិច្ចសន្យា​នោះទេ​។​
 
​បើតាម​លោក វេ​ង សាខុន កាលណា​ភាគី​ណា​មិន​គោរព​ទៅតាម​កិច្ចសន្យា​នឹង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សហគមន៍​កសិកម្ម​នោះ​នឹង​គ្មាន​អ្នកណា​គេ​ធ្វើការ​ជាមួយ​ទៀត ហើយ​ផលិតផល​មិនដឹង​ជាល​ក់​ឲ្យ​ពី​ណា ការផលិត​មិន​ទៀងទាត់​។ ក្រុមហ៊ុន​មិនសូវ​ជា​ជួប​បញ្ហា​ទេ បើ​សហគមន៍​ហ្នឹង​មិន​ពេញចិត្ត ទៅ​សហគមន៍​ផ្សេងទៀត ដើម្បី​ចងសម្ព័ន្ធ​»​។ 
 
​លោក វេ​ង សាខុន បាន​បញ្ជាក់ថា​ការចុះកិច្ចសន្យា​នេះ​មិនមែន​គ្រាន់តែ​មានការ​ចុះកិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​សហគមន៍​នោះទេ គឺ​ត្រូវមាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍ និង​ដៃគូ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត​ផងដែរ ដើម្បី​រៀបចំ​ឯកសារ និង​បច្ចេកទេស​ដាំ​ដុះ​សម្រាប់​ឆ្លើយតប​លើ​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កន្លងទៅ ការចុះ​សន្យា​ដោយ​ទ្វេភាគី​រវាង​កសិករ និង​អ្នកបញ្ជា​ទិញ ដោយ​ស្ងាត់ៗ ដល់ពេល​មួយ​គាត់​នឹង​ប្រែ​ប្រ​ឡាស់​វិញ ដោយ​ពុំមាន​អ្នកណា​ធ្វើជា​សាក្សី​ឡើយ​»​។ 
 
​ក្រោយពី​ចុះកិច្ចសន្យា​សម្រាប់​ការបញ្ជាទិញ ក្រុមហ៊ុន​គឺ​ត្រូវ​ផលិត និង​បង្កើត​ពូជ​ដំណាំ សម្រាប់​ចែកជូន​ដល់​សហគមន៍​កសិកម្ម​។ លោក វេ​ង សាខុន បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ដើម្បី​ធានា​ការនាំចេញ ក្រុមហ៊ុន​ត្រូវបង្កើត​ក្រុមការងារ​របស់គាត់​នៅក្នុង​សហគមន៍​ហ្នឹង​ថា​តើ​ក្រុម​ណា​ដែល​ផលិត​ពូជ​សុទ្ធ ដោយ​យើង​មិនមែន​ចេះតែ​ដើរ​ទិញ​ពូជ​នោះទេ​។ មុននឹង​ក្រុមហ៊ុន​ធ្វើ​ការបញ្ជាទិញ ក្រុមហ៊ុន​នោះ​គឺ​ត្រូវតែ​រៀបចំ​ធ្វើ​ថ្នាល​បណ្តុះ​ពូជ​ខ្លួនឯង ហើយ​ចែក​ដល់​សហគមន៍​»​។ 
 
​ដើម្បី​ឲ្យ​កិច្ចការងារ​នេះ​ប្រកបដោយ​ស្តង់ដារ គុណភាព និង​សុវត្ថិភាព លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្នើ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ជួយ​ពិនិត្យ​លទ្ធភាព​បន្ថែម​ក្នុងការ​ផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​ដែល​កំពុង​អនុវត្ត​កិច្ចសន្យា​។ ស្នើ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​បន្ត​ជួយ​ដល់​សហគមន៍​តាមរយៈ​ការរៀបចំ និង​អនុវត្ត​ស្តង់ដារ​ផលិត​ផលិតផល​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ការបង្កើត​ឲ្យ​មាន​ស្ថាប័ន​បញ្ជាក់​គុណភាព ធ្វើការ​កែលម្អ​អភិវឌ្ឍន៍​មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាព​ដល់​អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​។ 
 
​លោកស្រី ឃ្នូ សម្បត្តិ ដែលជា​អ្នកតំណាង​ឲ្យ​សហគមន៍​សន្តិភាព និង​សេចក្តីក្លាហាន​ចំនួន​៧​គ្រួសារ នៅក្នុង​ភូមិ​ចំនួន​១២ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមាន​វត្តមាន​នៅក្នុង​ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​នោះ​យល់ឃើញថា​ក្រោយពី​សហគមន៍​របស់​អ្នកស្រី​មានការ​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​សម្រាប់ធ្វើ​ការនាំចេញ​អង្ករ​ទៅ​ក្រៅ​ស្រុក បានធ្វើ​ឲ្យ​ប្រជាកសិករ​យល់ច្បាស់​ពី​បច្ចេកទេស​ផលិត និង​ផលិតផល​មាន​ទីផ្សារ​។   
 
«​មុន​មិនទាន់​ចុះកិច្ចសន្យា​នោះ​ទីផ្សារ​អត់​ទូលំទូលាយ គេ​ឲ្យ​តម្លៃ​ផលិតផល​យើង​ថោក ដោយសារ​យើង​អត់​ផលិត​តាម​ស្តង់ដារ​របស់គេ​។ នៅពេលដែល​យើង​ចុះកិច្ចសន្យា​ហ្នឹងហើយ​ធ្វើ​ឲ្យ​ទីផ្សារ​ផលិត​របស់​យើង​មានតម្លៃ​ជាង​មុន​»​។  នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ឃ្នូ សម្បត្តិ ដែល​នឹង​សន្យាថា​ពង្រឹង​លើ​ការផលិត​កសិកម្ម​នៅក្នុង​សហគមន៍​របស់ខ្លួន​ឲ្យ​មានគុណ​ភាព​ដែល​ត្រូវ​នឹង​ស្តង់ដារ​។ 
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​គឺមាន​ត្រឹមតែ​៦២​កិច្ចសន្យា​។ ឆ្នាំ​២០១៨ កើន​ដល់​៩០​កិច្ចសន្យា ឆ្នាំ​២០១៩ កើន​ដល់​៤៩៨​កិច្ចសន្យា រហូតដល់​៩​ខែ​ឆ្នាំ​២០២០​នេះ​កើន​ដល់​៧០១​កិច្ចសន្យា ទៅលើ​ផលិតផល​កសិកម្ម​ដូចជា ស្រូវពូជ ស្រូវ​សរីរាង្គ ស្រូវ​ក្រអូប ស្រូវ​ចំណី ដំឡូង​មី​សរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់​ស្រែ ជ្រូក​។​ល​។ លោក វេ​ង សាខុន សង្ឃឹមថា ការចុះកិច្ចសន្យា​ផលិតផល​កសិកម្ម​នៅ​ចុងឆ្នាំ​នេះ​នឹង​អាច​កើន​ឡើងដល់​១០០០​កិច្ចសន្យា ហើយនឹង​អាច​កើន​ឡើងជា​បន្តៗ​ទៀតផង​ដែរ​៕

Tag:
 កសិកម្ម​
 ​សហគមន៍​
 ​ផលិតផល
© រក្សាសិទ្ធិដោយ thmeythmey.com