ជាតិ
សេដ្ឋកិច្ច
បុរសម្នាក់នៅខេត្តព្រៃវែង ឆ្លាក់រូបិយប័ណ្ណជាតិពីឈើ
×
ដោយ៖ ប៉ូ សុភា
បុរសម្នាក់រស់នៅក្នុង ស្រុកព្រះស្តេច ខេត្តព្រៃវែង ឆ្លាក់រូបិយប័ណ្ណជាតិពីឈើ ដើម្បីសាកល្បងស្នាដៃថ្មី ក្រៅពីរូបភាពផ្សេងៗ ដែលលោកធ្លាប់បានឆ្លាក់ ជាង២០ឆ្នាំមកនេះ។
ក្រដាសប្រាក់១សែនរៀលរបស់ខ្មែរ ត្រូវបានលោក មុន្នី ចន្ទ័ ច្នៃប្រឌិតឱ្យក្លាយទៅជាចម្លាក់ ដ៏ទាក់ទាញ សម្រាប់ដាក់តាំងលម្អនៅក្នុងផ្ទះ ដូចចម្លាក់ផ្សេងទៀតដែរ។ ជាលើកដំបូងហើយ ដែលលោក ច័ន្ទ ឆ្លាក់ក្រដាសប្រាក់ខ្មែរ ក្រៅពីរូបភាពផ្សេងៗ ក្នុងអាជីពជាង២០ឆ្នាំនេះ។ « សមិទ្ធផលចម្លាក់រូបិយប័ណ្ណនេះកើតឡើង ដោយសារតែចិត្តខ្ញុំចង់សាកល្បងស្នាដៃចម្លាក់ដែលប្រឡូកយូរឆ្នាំហើយ ថាតើអាចធ្វើបានឬអត់ ទើបសម្រេចចាប់ផ្តើមសាកល្បង »។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ។
ជាងចម្លាក់រូបនេះ បានចំណាយពេលជាង១០ថ្ងៃ ទើបអាចឆ្លាក់រូបិយប័ណ្ណនេះ ឱ្យចេញជារូបរាង ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ បុរសមានបទពិសោធន៍២០ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖« នេះជាចម្លាក់រូបិយប័ណ្ណលើកដំបូង ខ្ញុំគិតថា មិនទាន់ល្អស្អាតបានមួយរយភាគរយទេ ព្រោះនៅទាស់ត្រង់មានស្នាមប្រេះសាច់ឈើនៅចំព្រះភក្ដ្រសម្តេចឪ ជាស្នាមប្រេះស្រាប់ពីធម្មជាតិរបស់សាច់ឈើ » ។
ចម្លាក់រូបិយប័ណ្ណក្រដាសមួយសែនរៀលនេះ ពិតជាមានន័យណាស់សម្រាប់រូបលោក មុន្នី ចន្ទ័។ « ចម្លាក់មួយផ្ទាំងនេះ មានតម្លៃណាស់សម្រាប់ខ្ញុំ ព្រោះមានរូបសម្តេចឪ សម្តេចម៉ែ ដែលជាស្តេចផែនដី និងមានក្បាច់រចនារបស់ខ្មែរ លាយគ្នាក្នុងចម្លាក់មួយផ្ទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក ច័ន្ទ។
បើតាមបុរសសម្បុរស្រអែមរូបនេះ ចម្លាក់រូបិយប័ណ្ណដែលលោកឆ្លាក់នេះ គឺគ្មានបំណងដាក់លក់នៅលើទីផ្សាទេ គ្រាន់ជាការឆ្លាក់សាកល្បងស្នាដៃរបស់លោក ក្នុងនាមជាងចម្លាក់តែប៉ុណ្ណោះ។ « ខ្ញុំឆ្លាក់រូបច្រើនណាស់ដើម្បីដាក់លក់លើទីផ្សារ រីឯរូបចម្លាក់រូបីយប័ណ្ណនេះខ្ញុំគ្មានគោលបំណងលក់ទេ គឺឆ្លាក់ទុកជាវត្ថុអនុស្សាវរីយសម្រាប់ខ្ញុំតែប៉ុណ្ណោះ »។ នេះជាការអះអាងរបស់លោក ច័ន្ទ ដែលបានបន្ថែមថា ប្រសិនបើមានអ្នកស្រលាញ់សិល្បៈចម្លាក់នេះពិត លោកនឹងចែករំលែកទៅតាមនិស្ស័យ និងមនោសញ្ចេតនា។
បើតាមលោក ច័ន្ទ ចម្លាក់រូបិយប័ណ្ណមួយសែនរៀលចំនួន២ផ្ទាំង លោកចែកទៅមនុស្សពីរនាក់ហើយ ដែលបានទាក់ទងទៅលោក។ លោក បានបញ្ជាក់ដូច្នេះថា៖ « លើកទីមួយរបស់ខ្ញុំឆ្លាក់ចេញពីឈើបេង មានទំហំ ១១០សម គុណ ២២០សម ត្រូវបានបងប្រុសនៅខេត្តមណ្ឌលគីរីសុំចែកយកទៅតាំងក្នុង Resort របស់គាត់។ រីឯមួយផ្ទាំងទៀតឆ្លាក់ពីឈើធ្នង់ មានទំហំ ៩០សម គុណ ៨០សម ត្រូវបានបងប្រុសជាអ្នកស្រលាញ់សិល្បៈចម្លាក់ រស់នៅភ្នំពេញសុំចែកយកទៅតាំងផ្ទះ»។
លោក កែវ សុភ័ក្ត្រ ដែលទិញបានចម្លាក់រូបិយប័ណ្ណមួយផ្ទាំង ទំហំ ៩០សម គុណ ៨០សម ពីលោក ច័ន្ទ បាននិយាយថា លោកបាននិយាយលួងលោមវិចិត្រករូបនេះ រហូតគាត់ទន់ចិត្តទើបព្រមចែកឱ្យខ្លួន។ « បងខ្ញុំពិតជាមាននិស្ស័យនឹងចម្លាក់មួយផ្ទាំងនេះណាស់ បងសុំជួយចែកឱ្យខ្ញុំទៅ ខ្ញុំនឹងយកទៅថែក្សាឱ្យបានល្អ ។ ខ្ញុំមិនយកទៅលក់បន្តទេ ។ហើយម្យ៉ាងវិញទៀតបើបងចែកឱ្យខ្ញុំហើយ បងក៏អាចឆ្លាក់ថ្មីទៀតបាន ហើយអាចនឹងល្អជាងមួយផ្ទាំងនេះទៀតណាបង ។ ពាក្យនេះហើយទើបគាត់(លោក មុន្នី ច័ន្ទ)ព្រមចែកឱ្យខ្ញុំ។ » នេះជាការលើកឡើងរបស់លោក កែវ សុភ័ក្ត្រ។
អាជីវករ នៅក្រុងភ្នំពេញរូបនេះ ពិតជាចាប់អារម្មណ៍ ចម្លាក់រូបិយប័ណ្ណមួយសែនរៀលមួយផ្ទាំងនេះណាស់ ដោយសារជាស្នាដៃចម្លាក់ដ៏កម្រ មិនងាយបានឃើញ។ លោក ថ្លែងបែបនេះថា៖ « និយាយដោយស្មោះត្រង់ ខ្ញុំមិនដែលបានឃើញចម្លាក់ណាបង្កប់ភាពរស់រវើក ប្រៀបដូចជា មានជីវិតដូច្នេះ កាលពីមុនទេ។ ខ្ញុំបានចុះទៅអង្វរសុំចែកគាត់រហូតដល់ ស្រុកព្រះស្តេចក្នុងខេត្តព្រៃវែង ទើបគាត់យល់ព្រមចែកបន្តមក »៕
Tag:
រូបិយប័ណ្ណ
ឆ្លាក់
ចម្លាក់
អនុស្សាវរីយ
និស្ស័យ
© រក្សាសិទ្ធិដោយ thmeythmey.com