កីឡាជាតិ
ជាតិ
សម្តេច ទៀ បាញ់ ជំរុញ​ឲ្យ​បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​ប្រើប្រាស់​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​ឲ្យ​ចំ​គោលដៅ​
30, Sep 2020 , 8:29 pm        
រូបភាព
សម្តេច ទៀ បាញ់ កាត់ខ្សែបូក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញអាងហែលទឹកពហុកីឡដ្ឋានជាតិ
សម្តេច ទៀ បាញ់ កាត់ខ្សែបូក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញអាងហែលទឹកពហុកីឡដ្ឋានជាតិ
ដោយ:
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បង្កើត​ក្រុមការងារ ឬ​គណៈកម្មការ​ទទួលខុសត្រូវ និង​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ អាង​ហែល​ទឹក​នេះ ត្រូវបាន​ស្តារ និង​ជួសជុល​ឡើងវិញ ដោយ​ចំណាយ​ថវិកា​ជិត​៣​លាន​ដុល្លារ​។ លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​អំពាវនាវ​ដល់​សិស្ស និស្សិត ដែល​ចង់​ក្លាយជា​កីឡាករ​ហែល​ទឹក​ចូលរួម​ហ្វឹកហាត់​កីឡា​នេះ​ទាំងអស់គ្នា​។

 
​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក សហការគ្នា​ថែរក្សា​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្តេច ស្នើ​ឲ្យ​ប្រើប្រាស់​អាង​ហែល​ទឹក​នេះ​ធ្វើជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​កីឡាករ​កីឡាការិនី សម្រាប់​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។  
 
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​ខាងលើ​បានផ្តល់​គំនិត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ដល់​សហ​ព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ភាគី​ពាក់ព័ន្ធ ត្រូវ​រៀបចំ​គណៈកម្មការ ឬ​ក្រុមការងារ​ទទួលខុសត្រូវ​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ធានា​នូវ​ការប្រើប្រាស់​ឲ្យ​បាន​ចំ​ទិសដៅ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​កីឡាហែលទឹក​»​។​
 


 
​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ជួបពិភាក្សា​គ្នា​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។ ជា​លទ្ធផល​ក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទាំងស្រុង​លើ​គម្រោង​បង្កើត​គណៈកម្មការ​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ សមាជិក​នៃ​គណៈកម្មការ​នេះ ត្រូវតែ​ជា​មន្ត្រី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ 
 
​មានមតិ​មួយចំនួន​បាន​លើកឡើងថា ការបង្កើត​គណៈកម្មកា​រ​នេះ ទំនងជា​ក្រសួង​អប់រំ​ចង់​គ្រប់គ្រង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​តែឯង​ផ្តាច់មុខ​។ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ចេញមក​បដិសេធ​ទាំងស្រុង​ចំពោះ​ការលើក​នេះ ហើយ​លោក​អះអាងថា ក្រសួង​បង្កើត​គណៈកម្មការ​នេះ​ឡើង គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សហព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​ថែទាំ​ទៅវិញ​ទេ​។ 
 
​លោក​បានបង្ហាញ​ពី​គោលបំណង​នៃ​ការបង្កើត​គណៈកម្មការ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​គោលបំណង​រួម​នៃ​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​នេះ គឺ​ដើម្បី​ឲ្យ​មាន​តម្លាភាព ព្រោះ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ទឹកដី​របស់​ក្រសួង​អប់រំ​។ ជា​លក្ខខណ្ឌ​រួម សហព័ន្ធ​ជា​អ្នកគ្រប់គ្រង​ថែទាំ និង​ប្រើប្រាស់​ធម្មតា គ្រាន់តែ​ថា នៅក្នុង​នឹងមាន​ក្រសួង​អប់រំ​ជា​អាជ្ញាធរ​ដែនដី ព្រោះ​វា​ជាទី​តាំង​របស់គាត់​។ ការបង្កើត​នេះ គឺ​សង្កត់ធ្ងន់​លើ​ការប្រើប្រាស់ និង​ថែទាំ​រក្សា​អនាម័យ​»​។​
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រៀបចំ​ផែនការ និង​យន្តការ​ក្នុងការ​ត្រៀម​ជួសជុល និង​ថែទាំ​ឲ្យ​បានល្អ​ជាប្រចាំ ដើម្បី​រក្សា​គុណភាព និង​ស្តង់ដា​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ លើសពីនេះ សម្តេច ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ខិតខំ​ស្វែងរក​ដៃគូ​សហការ ដើម្បី​ទិញ​ឧបករណ៍ និង​បរិក្ខា​បំពាក់​ផ្សេងៗ​បន្ថែមទៀត​។ 
 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ រូបនេះ ទទូច​ឲ្យ​សហព័ន្ធ​នេះ​ប្រើប្រាស់​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​ឲ្យ​អស់​លទ្ធភាព និង​ប្រកបដោយ​ប្រសិទ្ធិភាព​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​កីឡាករ​កីឡាការិនី​ឲ្យ​បាន​កាន់តែច្រើន និង​មាន​គុណភាព​ខ្ពស់​។ ជាពិសេស ត្រូវ​បណ្តុះបណ្តាល​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស តាមរយៈ​ការ​បញ្ជូនទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ឬ​ហៅ​គ្រូបង្វឹក​បរទេស​មក​ប​ង្ហា​ត់​នៅ​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រំពឹងថា តាមរយៈ​អាង​ហែល​ទឹក​នេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នឹង​បណ្តុះ​បាន​ធនធាន​កីឡាករ​កីឡាការិនី​កាន់តែច្រើន និង​មាន​ប្រកបដោយ​គុណភាព​។ ជាមួយគ្នានេះ លោក ក៏បាន​អំពាវនាវ​ដល់​យុវជន​-​យុវនារី សិស្ស​និស្សិត ដែល​ចង់​ក្លាយជា​កីឡាករ​ហែល​ទឹក​អាជីព​ឲ្យ​ចូលរួម​ហ្វឹកហាត់​កីឡាហែលទឹក តាមរយៈ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។ 
 
 


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវអាងហែលទឹកពហុកីឡដ្ឋានជាតិ 

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​នោះដែរ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រូបនេះ បាន​រៀបរាប់​ពី​ប្រវត្តិ​សាងសង់ និង​ការប្រើប្រាស់​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​។ អាង​ហែល​ទឹក​នេះ​បាន​សាងសង់​ក្នុង​ទស្សវត្សរ៍​៦០(១៩៦១-១៩៦៥)​ជា​ស្នាដៃ​របស់​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោម​ព្រះរាជ​តំរិះ​ផ្តួចផ្តើម​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ​។ 
 
​អាង​ហែល​ទឹក​ដែល​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុ​ជាមួយនេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ឆ្នាំ​១៩៦៧ ហើយ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​អន្តរជាតិ​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​មិន​ចូល​បក្ខសម្ព័ន្ធ​(GANEFO)​។ 
 
​សម្ភារៈ បរិក្ខា និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក្នុង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវបាន​បំផ្លាញ​ស្ទើ​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ច​នោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៩​។ តែ​ត្រូវបាន​ជួសជុល​កែលម្អ និង​ស្តារឡើងវិញ​នៅ​អំឡុង​ឆ្នាំ​១៩៨០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ព្រឹទ្ធ​ចា​រ្យ ហែម ថុ​ន អតីត​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​លោក ផាត់ លឹម​អុន រួមជាមួយ​មន្ត្រី​ជាច្រើនរូប​ទៀត​។ 
 
​ដោយសារ​ឧបករណ៍ និង​បរិក្ខា​មួយចំនួន​ក្នុង​អាង​ហែល​ទឹក​នេះ​មាន​សភាព​ចាស់​រិច​រិល សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏បាន​ជួសជុល និង​ស្តារឡើងវិញ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែមេសា ឆ្នាំ​២០២០​។ ការជួសជុល និង​ស្តារឡើងវិញ​នេះ បាន​ចំណាយ​ពេលវេលា​១៨​ខែ និង​ថវិកា​ជិត​៣​លាន​ដុល្លារ ដែលជា​ជំនួញ​របស់​ក្រុមហ៊ុន​ចិន​។ 


 
​អាង​លោតទឹក​ដែលមាន​ជម្រៅ​៤,៥​ម៉ែត្រ ទទឹង​២០​និង​បណ្តោយ​២៥ រួមជាមួយ​អាង​ហែល​ទឹក​មាន​ទទឹង​២៥ និង​បណ្តោយ​៥០ និង​ខ្សែបន្ទាត់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​វត្តមាន​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ 
 
​ក្រោយ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​ដើរ​ត្រួតពិនិត្យ​ទីលាន​ហ្វឹកហាត់​តាម​សហព័ន្ធ​នីមួយៗ ដែលមាន​មូលដ្ឋាន​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕       
 


 
 

Tag:
 ​ហែល​ទឹក​
  ទៀ បាញ់​
  អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com