រដ្ឋ​រកចំណូលបាន​៦​លាន​ដុល្លារ ពី​ការលក់​ផ្លាកលេខ​រថយន្ដ​
ជាតិ
រដ្ឋ​រកចំណូលបាន​៦​លាន​ដុល្លារ ពី​ការលក់​ផ្លាកលេខ​រថយន្ដ​
30, Sep 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៣០ កញ្ញា​នេះ រដ្ឋ​រកចំណូលបាន​៦​លាន​ដុល្លារ​ហើយ ពី​ការលក់​ផ្លាកលេខ​រថយន្ត​ផ្ទាល់ខ្លួន ឱ្យ​សាធារណជន​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


​ថ្លែង​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង មណ្ឌល​ផ្តល់​សេវាសាធារណៈ​ថ្មី ទីតាំងនៅ​ផ្សា​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល នា​ព្រឹក​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ផ្លាកលេខ​ពិសេស​ដែល​លក់​ឱ្យ​អតិ​ជននេះ អស់​ចំនួន​២០០០​ផ្លាក​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ដំណើរ​លក់​កាលពី​ថ្ងៃទី​៧ មករា ឆ្នាំ​២០២០​។​
 
​ការប្រើ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គេ​អាចដាក់​ជា​ឈ្មោះ​ជា​ឡាតាំង ឬ​ជា​លេខ ដោយ​មិន​លើសពី​៨​ខ្ទង់ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។
លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ គឺ​សំដៅថា ម្ចាស់​យានយន្ត​អាចដាក់​ឈ្មោះ​ខ្លួនឯង ឬ ឈ្មោះ​និង​លេខ ជាដើម​។ ប៉ុន្តែ​ការប្រើ​ឈ្មោះ​សម្រាប់​ចុះបញ្ជី​លេខ​រថយន្ត គឺ​ត្រូវ​សម្រេច​ដោយ​មន្ត្រី​របស់​ក្រសួង ដោយ​ចៀសវាង​ប៉ះពាល់​ឈ្មោះ​ថ្នាក់ដឹកនាំ បុគ្គល​ល្បី និង​អត្តសញ្ញាណ​ជាតិ ជាពិសេស​ពាក្យ​អសុរោះ​ជាដើម​។​
 
​បើតាម​ក្រសួង​ដដែល នៅពេល​ផ្ទេរកម្មសិទ្ធិ​រថយន្ត ម្ចាស់​យានយន្ត​ក៏​អាច​រក្សា​លេខ​ចុះបញ្ជី​ពិសេស​នេះ​ទុក សម្រាប់​ប្រើ​ជាមួយ​រថយន្ត​ថ្មី​ផងដែរ​។ ក្រសួង​សាធារណការ  អះអាងថា ការបង្កើត​ឲ្យ​មាន​លេខ​ចុះបញ្ជី​ពិ​សស​ផ្ទាល់ខ្លួន​នេះ គឺ​ដើម្បី​បន្ថែម​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​រក​ចំណូល​ជូន​រដ្ឋ​។​

Tag:
 ស៊ុន ចាន់ថុល​
  ក្រសួង​សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com