ជាតិ
ពលរដ្ឋ​អាចធ្វើ​ប័ណ្ណបើកបរ​អន្តរជាតិ សម្រាប់​ប្រើប្រាស់​នៅ​៩៩​ប្រទេស​
30, Sep 2020 , 11:58 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារជីបម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ កញ្ញា ២០២០
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារជីបម៉ុង ណូរ៉ូម៉ល នៅថ្ងៃទី៣០ កញ្ញា ២០២០
​ភ្នំពេញ​៖ ពលរដ្ឋ​អាចធ្វើ​ប័ណ្ណបើកបរ​អន្តរជាតិ សម្រាប់​ប្រើប្រាស់​នៅក្រៅ​ប្រទេស​បាន​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​នៅក្នុង​ពិធី​ដាក់​ដំណើការ​មជ្ឈមណ្ឌល​ចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និង​ប្តូរ​បណ្ណ​បើកបរ​រថយន្ត​នៅ​ផ្សារ​ទំនើប​ជីប ម៉ុង ណូ​រ៉ូ​ម៉​ល នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​


​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ពលរដ្ឋ​អាច​យក​ប័ណ្ណបើកបរ​ខ្លួន​បច្ចុប្បន្ន ទៅ​ដូរ​យក​ប័ណ្ណបើកបរ​កម្រិត​អន្តរជាតិ ដោយ​ចំណាយ​តម្លៃ​សេវា​អស់​តែ​២៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែលមាន​សុពលភាព​ប្រើប្រាស់​រយៈពេល​១​ឆ្នាំ​។ បើតាម​លោក ស៊ុន ចាន់ថុល ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ពលរដ្ឋ​អា​យកទៅ​ប្រើប្រាស់​នៅ​ប្រទេស​ចំនួន​៩៩​។​
 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«៩៩​ប្រទេស​យើង​យក​(​ប្រើ​បណ្ណ​បើកបរ​អន្តរជាតិ​)​ទៅ​បើកឡាន​នៅ​ទី​នោះបាន ដោយ​អត់​មាន​បញ្ហា​ទេ​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​យើង​បានផ្ដល់​ជូនទៅ​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​នៅ​បរទេស​។​ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ជា​ស្ដង់ដារ​អន្តរជាតិ​»​។​
 
​បើតាម​លោក ស៊ុន ចាន់ថុល ពលរដ្ឋ​អាច​យក​ប័ណ្ណបើកបរ​ខ្លួន ទៅ​ប្ដូរ​នៅ​ទីតាំង​ផ្ដល់​សេវា​ប័ណ្ណបើកបរ​របស់​ក្រសួង​។ ប័ណ្ណបើកបរ​អន្តរជាតិ​នេះ ក៏មាន​តាម​ប្រភេទ​រថយន្ត​ផងដែរ ក្នុងនោះ​មាន​ប្រភេទ A, B, C ជាដើម​។ ពលរដ្ឋ​អាច​ស្នើសុំ​ប័ណ្ណបើកបរ​អន្តរជាតិ​តាម​ប្រភេទ​រថយន្ត​ខ្លួន ហើយ​ក្រសួង​នឹង​បោះត្រា​លើ​ប្រភេទ​រថយន្ត និង​លើ​រូបថត របស់​បុគ្គល​ស្នើសុំ​។ 
 
​បច្ចុប្បន្ន​ការិយាល័យ​ផ្ដល់​សេវា​ប័ណ្ណបើកបរ ដែល​ស្ថិតនៅក្រោម​ចំណុះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​៣​ទីតាំង គឺ​ស្ថិតនៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ និង​នៅ​ផ្សារ​ទំនើប​ណូ​រ៉ូ​ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង ៕
 
 

Tag:
 ប័ណ្ណបើកបរ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com