ជាតិ
សង្គមជាតិ
លោក វ៉ា គឹមហុង អះអាង​ជាថ្មី​ថា រដ្ឋាភិបាល មិន​ធ្វើ​ឲ្យ​បាត់​ដី​សូម្បីតែ «១​មិល្លី​ម៉ែត្រ​»
01, Oct 2020 , 1:59 pm        
រូបភាព
លោក វ៉ា គឹមហុង ថ្លែងក្នុងវេទិកា​ផ្សព្វផ្សាយ​ពី​ការងារ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម (រូបពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិទទួលបន្ទុកិច្ចការព្រំដែន)
លោក វ៉ា គឹមហុង ថ្លែងក្នុងវេទិកា​ផ្សព្វផ្សាយ​ពី​ការងារ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម (រូបពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិទទួលបន្ទុកិច្ចការព្រំដែន)
​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង តាមរយៈ​ការចរចា​ដោយ​សន្តិវិធី ហ្មត់ចត់ ច្បាស់លាស់ និង ម៉ឺង​មាត់​បំផុត ដើម្បី​ធានា​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ពេញលេញ មិន​ឲ្យ​បាត់បង់​ទឹកដី​នោះឡើយ​។​



​ការលើកឡើង​របស់លោក វ៉ា គឹមហុង គឺ​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ពី​ការងារ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​រៀបចំឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។ ក្នុង​វេទិកា​នោះ លោក បានបង្ហាញ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេចបាន​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យ និង បូរណភាព​ដែនដី​រវាង​គ្នា​និង​គ្នា​។ 
 
​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​វេទិកា​ផ្សព្វផ្សាយ​របស់​យើង នាពេលនេះ និង​បានជា​ជំនួយស្មារតី​បន្ថែមទៀត​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី និង តំណាង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ពី​សុ​ឆន្ទៈ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ក្នុងការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ឲ្យ​បាន​ស្ថិតស្ថេរ គង់វង្ស មិន​ឲ្យ​បាត់បង់​សូម្បីតែ​១​មិ​ល្លី​ម៉ែត្រ ដូចដែល​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បានប្រកាស​ជា​ញយៗ​នោះ​»​។ 
 
​យ៉ាងណា លោក នៅតែ​មើលឃើញថា មាន​មនុស្ស​មួយចំនួន តែង​ព្យាយាម​បំភ្លៃ​ការពិត​ពី​រឿង​ព្រំដែន ហើយ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ ស្រែក​តវ៉ា​និង​ចោទ​លើ​រដ្ឋាភិបាល ថា​ធ្វើ​ឲ្យ​បាត់​ដីស្រែ​ទៅ​វៀតណាម ដូចជា​ករណី​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាដើម​។ លោក អំពាវនាវ​ឲ្យ​អ្នកចូលរួម​ក្នុង​វេទិកា​នោះ ជួយ​ផ្សព្វផ្សាយ​និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​យល់ដឹង​ច្បាស់​អំពី​ព្រំដែន និង​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ញុះញង់​អំពី​ព្រំដែន​។​
 
​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន រៀបចំ​វេទិកា​ខាងលើ តាម​ការណែនាំ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ពី​រឿង​ព្រំដែន ​បន្ទាប់ពី​លោក រ៉ុង ឈុន ជា​សកម្មជន​ដ៏​លេចធ្លោ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង និង​ដើរ​មើល​តាម​ព្រំដែន​។ 
 
​លោក រ៉ុង ឈុន បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​អះអាងថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​នោះ បាន​បាត់​ដីធ្លី​ទៅ​វៀតណាម ហើយ​តំបន់​ខ្លះទៀត​នៅជាប់​ព្រំដែន ត្រូវបាន​វៀតណាម រំកិល​ចូលមក​ដី​កម្ពុជា​។ លោក សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ព័ត៌មាន​ទាំងនេះ គឺ​ប្រជាពលរដ្ឋ ជា​អ្នករាយការណ៍​ដល់​លោក​។ ក្រោយមក លោក ក៏ត្រូវ​ចាប់ខ្លួន ហើយ​បច្ចុប្បន្ន កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់ថា លោក បាន​បំភ្លៃ​ពី​រឿង​ព្រំដែន​។ 
 
​បន្ថែម​ពីនេះ វេទិកា​ខាងលើ ក៏​ដើម្បី​បំភ្លឺ​បន្ថែម​ដែរ ពី​ការបោះពុម្ព​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ រវាង​កម្ពុជា​-​វៀតណាម​។ មជ្ឈដ្ឋាន​ខ្លះ ពិសេស​ក្រុម​អ្នកប្រឆាំង វាយប្រហារ​ថា ផែនទី​ថ្មី​នេះ ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​ទៅ​វៀតណាម​។ 
 
​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម មាន​ប្រវែង​ប្រមាណ​ជា​១២៧០ គីឡូម៉ែត្រ​។ បច្ចុប្បន្ន ការបោះបង្គោល​ព្រំដែនរ​វាង​ប្រទេស​ទាំង​២ សម្រេចបាន​៨៤​ភាគរយ​ហើយ ដោយ​នៅសល់តែ​១៦​ភាគរយ​ទៀត​ប៉ុណ្ណោះ​។ ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​បង្ហាញ​ពី​ការកំណត់​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះឯង​។ លោក វ៉ា គឹមហុង ប្រកាស​កន្លងមក​ថា កម្ពុជា គ្រោង​យក​ផែនទី​ថ្មី​នេះ ទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​៕

Tag:
 កម្ពុជា​-​វៀតណាម​
  ព្រំដែន​
  វ៉ា គឹមហុង
© រក្សាសិទ្ធិដោយ thmeythmey.com