ថ្នាក់ដឹកនាំកំពូលៗចិន នៅថ្ងៃទី៣០ ខែកញ្ញា បានជួបជុំគ្នានៅវិមានប្រជាជនចិននៅទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី៧១ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងពិធីអបអរសាទរនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង បានទាមទារឲ្យមានការប្រតិបត្តិគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «ចិនតែមួយ» ឲ្យបានពេញលេញ និងស្មោះត្រង់។
ជារៀងរាល់ឆ្នាំ ចិនតែងតែប្រារព្ធខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឆ្នាំ២០២០នេះ បើទោះបីជាមានការអុកឡុកពីសំណាក់COVID-19 ក្តី ក៏ប្រមុខដឹកនាំចិន មិនចោលឡើយកម្មវិធីដ៏ធំនេះ។
ប្រធានាធិបតីចិន ស៊ី ជិនភីង, នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង, ប្រធានគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក លី ចាន់ស៊ូ សមាជិកបក្សកុម្មុយនីស្ត និងថ្នាក់ដឹកនាំរដ្ឋផ្សេងទៀត បូករួមទាំងភ្ញៀវចំនួន ៥០០នាក់ មកពីក្នុងប្រទេស និងក្រៅប្រទេសមានវត្តមានក្នុងខួបទី៧១នេះ។
ថ្លែងក្នុងពិធីនេះ លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានអំពាវនាវឲ្យថ្នាក់ដឹកនាំចិន ក៏ដូចជាមន្ត្រីចិនទាំងអស់ អនុវត្តឲ្យបានស្ម័គ្រស្មោះ និងពេញលេញលើគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»។ «សកម្មភាពទាំងឡាយ គួរតែគោរពឲ្យបានម៉ត់ចត់ទៅតាមរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសទាំងពីរ»។ លោក លី បានបញ្ជាក់បែបនេះ។
បើតាមទីភ្នាក់ងារព័ត៌មានXinhua មេដឹកនាំលំដាប់ទីពីររបស់ចិនរូបនេះ បន្ថែមថា ចិន គួរតែមានការកែលម្អប្រព័ន្ធ និងយន្តការណ៍មួយចំនួន ដើម្បីអនុវត្តរដ្ឋធម្មនុញ្ញ និងធានាពីភាពជោគជ័យនៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»។ តំបន់រដ្ឋបាលពិសេសទាំងពីរ មានហុងកុង និងម៉ាកាវ ត្រូវបានគ្រប់គ្រងតាមគោលនយោបាយបែបនេះ។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលចិន ក៏បានលើកឡើងពីគោលនយោបាយ «ចិនតែមួយ» ផងដែរ។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំចិន និងភ្ញៀវជាច្រើននាក់ លោកលី បានជំរុញឲ្យមានប្រកាន់ខ្ជាប់គោលការណ៍ «ចិនតែមួយ» និងជំទាស់ដាក់ខាតរាល់បំណងរបស់តៃវ៉ាន់ចង់ប្រកាសឯករាជ្យពីចិន និងការជ្រែតជ្រៀតពីកម្លាំងខាងក្រៅ។
ខុសពីរាល់ដងដែលចិនព្រមានប្រើប្រាស់កម្លាំងទ័ពលើតៃវ៉ាន់ ក្នុងកម្មវិធីដដែលនេះ លោកនាយករដ្ឋមន្ត្រី មិនបានបញ្ចេញជំហរខ្លាំងទៀតឡើយ ដោយលោកបានអំពាវនាវឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរឆ្លងច្រកសមុទ្រតៃវ៉ាន់ ការដំកើងការអភិវឌ្ឍទំនាក់ទំនងរវាងតៃវ៉ាន់ និងចិន និងការរួបរួមជាតិ។ ក្នុងន័យនេះ ចិននឹងប្រកាន់ខ្ជាប់ផ្លូវសន្តិភាព ដើម្បីការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍។
លើសពីនោះ លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការរាតត្បាតនៃCOVID-19 ការស្តារសេដ្ឋកិច្ចឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការបង្កើតឱកាសការងារនៅក្នុងប្រទេសជាដើម៕