ជាតិ
សង្គមជាតិ
ការងារ​រុះរើ​សំណង់​លើ​គម្រោង​ផ្លូវ​៣៨​ខ្សែ​ត្រូវបាន​ពន្យារពេល​ដល់​ថ្ងៃទី​៧ តុលា
02, Oct 2020 , 5:29 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ សកម្មភាព​រុះរើ​សំណង់ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប បាននិងកំពុង​អនុវត្តន៍​យ៉ាង​មមាញឹក​។ ប្រជាពលរដ្ឋ​មួយចំនួន​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ទាំងនោះ ដើម្បី​បង្ហាញ​ពី​ការចូលរួម​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ក្រុង​ទេសចរណ៍​មួយ​នេះ​។ យ៉ាងណា ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រង​ផលប៉ះពាល់ ក៏​មិនទាន់មាន​អនុវត្តន៍​ដែរ ដោយសារ​សំណង់​ខ្លះ​ជា​សំណង់​ថ្មី និង​ប៉ះពាល់​ច្រើន​។ នេះ​ជា​រឿង​ដែល​ពិបាក​មួយ ដែល​រដ្ឋបាល​ខេត្តសៀមរាប​កំពុង​ព្យាយាម​ដោះស្រាយ និង​រំពឹងថា​អាច​ប្រព្រឹត្តិ​ទៅដោយ​រលូន​។​

 
​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​ពន្យារពេល​ថ្ងៃ​ផុតកំណត់​នៃ​ការរុះរើ​សំណង់​ដែល​ប៉ះពាល់​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ដែល​កន្លងមក ខ្លួន​បានប្រកាស​យក​ត្រឹម​ថ្ងៃទី​២ តុលា​នេះ​។ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បញ្ជាក់ថា ការពន្យារ​ពេលនេះ​នឹងធ្វើ​រហូតដល់​ថ្ងៃទី​៧ តុលា ទៅតាម​កាលកំណត់​រប​ស់​គណៈកម្មការ​អន្ដរក្រសួង​។ លោក​បន្ថែមថា ក្រោយ​រុះរើ​ចប់សព្វគ្រប់ នឹងមាន​ក្រុមការងារ​បច្ចេកទេស​ដើម្បី​ចុះ​សិក្សា និង​ចាប់​ផ្តើមធ្វើ​ផ្លូវ​តែម្ដង​។​
 
​អភិបាលខេត្ត​សៀមរាប​ទទួលស្គាល់ថា កិច្ចការ​រុះរើ​សំណង់​នេះ​មាន​ភាពស្មុគស្មាញ​ខ្លះ ព្រោះ​ទីតាំង​មួយចំនួន​បាន​ប៉ះពាល់​សំណង់​ធំៗ ដូចជា​ផ្ទះ និង​ផ្ទះល្វែង​ជាដើម​។ យ៉ាងណាក៏ដោយ លោក ទៀ សីហា បាន​សម្ដែង​អារម្មណ៍​រីករាយ​ពេល​ឃើញ​ប្រជាពលរដ្ឋ​មួយចំនួន ស្ម័គ្រ​រុះរើ​សំណង់​ដោយ​ខ្លួនឯង ដោយ​បង្ហាញ​ពី​ឆន្ទៈ​គិត​ប្រយោជន៍​រួម​ជាធំ និង​ចង់បាន​ក្រុង​សៀមរាប​មាន​សោភ័ណ​ស្អាត​។ ក្នុងនាម​ជា​អភិបាល លោក ទៀ សីហា លើទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​សហការ​ជាមួយ​អាជ្ញាធរ ដើម្បីឱ្យ​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក​។​
 
​គួរ​បញ្ជាក់ថា នៅ​ដើមខែ​តុលា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុម័ត​នូវ​កញ្ចប់​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ដែល​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១៕
 
 
 

Tag:
 ផ្លូវ​៣៨​ខ្សែ​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com