សៀមរាប៖ មន្ត្រីសង្ឃនៅក្នុងខេត្តសៀមរាប បានចាប់ផ្តើមបំផុសចលនាឱ្យមានការដាំរុក្ខជាតិហូបផ្លែ ដែលបម្រើប្រយោជន៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈដែលរុក្ខជាតិនោះកំពុងប្រឈមនឹងការបាត់បង់។ រុក្ខជាតិទាំងនោះ មានដើមព្នៅ ជាដើម ដែលមានប្រយោជន៍ទាំងការបរិភោគ និងជាឱសថសម្រាប់ព្យាបាលរោគដ៏មានប្រសិទ្ធភាព។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលជាការរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ដើមព្នៅ ចំនួន៨៤ដើម ត្រូវបាននាំយកទៅដាំដំបូងគេនៅបរិវេណកសិន្ធុអង្គរវត្ត ខណៈដែលកន្លងមកអាជ្ញាធរដាំប្រភេទឈើប្រណិតៗ មានដើមធ្នង់ បេង នាងនួន គ្រញូងជាដើម នៅបរិវេណទីនោះ។ ព្រះចៅអធិការវត្តរាជបូណ៍ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បានផ្តួចផ្តើមឱ្យមានការដាំដើមព្នៅនេះឡើងវិញ និងនៅតំបន់ដែលមានការការពារដោយអាជ្ញាធរជាតិអប្សរា។
ថ្លែងក្នុងពិធីដាំកូនឈើនៅចុងខែកញ្ញា កន្លងទៅ ព្រះមហាវិមលធម្ម មានព្រះបន្ទូលថា ព្រះអង្គស្វែងយល់ពីសារប្រយោជន៍នៃរុក្ខជាតិព្នៅនេះ ថាបានបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរលើសលុប ទើបព្រះអង្គខិតខំស្រាវជ្រាវរកពូជព្នៅដែលមានឱជារសនិងនៅតាមតំបន់មួយចំនួនក្នុងប្រទេស ដើម្បីយកមកបណ្ដុះ និងដាំឡើងវិញ។ ព្រះអង្គបន្តថា ពូជព្នៅដែលបានយកមកដាំនៅពេលនេះ គឺជាព្នៅអត់ជ័រ និងមានឱជារសឆ្ងាញ់ នាំយកពីតំបន់ស្រុកពួក ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
មន្ត្រីសង្ឃអង្គនេះមានបន្ទូលទាក់ទងនឹងគុណប្រយោជន៍នៃរុក្ខជាតិព្នៅ យ៉ាងដូច្នេះថា៖«...ក្នុងក្បួនតម្រាបុរាណដូនតា ឃើញថារុក្ខជាតិព្នៅទាក់ទងឳសថបុរាណ ដែលពេទ្យបុរាណអាចប្រើជាថ្នាំព្យាបាលរោគបានច្រើនប្រភេទ ធ្លាប់ឃើញតាមក្បួនតម្រាថាជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរល្អ...»។
ទៅកាន់ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាប្រមាណ៦០អង្គ/នាក់ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលទៀតថា ព្នៅនេះក៏មានប្រវត្តិពាក់ព័ន្ធនឹងសាសនាព្រហ្មណ៍ផងដែរ ដោយគេយល់ថា ជារុក្ខជាតិរបស់ព្រះសិវៈ។ ព្រះអង្គបន្ថែម៖« ពីព្រោះនៅក្នុងស្លឹកវាមួយទង មានសន្លឹក៣ វាដូចជាលំពែងត្រីសូររបស់ព្រះឥសូរ ម្យ៉ាងទៀតដូចភ្នែករបស់ព្រះឥសូរដូច្នោះដែរ....រហូតដល់ព្រះរាជពិធីរបស់ព្រះមហាក្សត្រ (ខ្មែរ,ថៃ) ពេលអភិសេកឡើងគ្រងរាជ្យសម្បត្តិ ឬចម្រើនព្រះជន្ម គេតែងយកស្លឹកព្នៅទៅថ្វាយជីវពរ...»។
មូលហេតុសំខាន់ដែលព្រះចៅអធិការវត្តរាជបូណ៍នាំដើមព្នៅមកដាំក្នុងតំបន់អង្គរ ក្រៅពីកិច្ចការអភិរក្ស និងបំផុសឱ្យពលរដ្ឋដាំឡើងវិញហើយនោះ ក៏មានបំណងចង់ឱ្យបម្រើដល់វិស័យទេសចរណ៍ផងដែរ។ ព្រះមហាវិមលធម្ម ពន្យល់យ៉ាងដូច្នេះថា៖« អាត្មាចង់លើកស្ទួយកិតិ្ដយសរុក្ខជាតិព្នៅមានតម្លៃ មានកម្ពស់ឡើង វាជារុក្ខជាតិរបស់ព្រះសីវៈ ហើយផ្សំជាឳសថជាថ្នាំសម្រាប់ព្យាបាលរោគមនុស្ស...សំខាន់ម្យ៉ាងទៀត ខែវាផ្កា វាចោលក្លិនក្រអូបជិតមួយខែ យកមកដាំនេះឱ្យបានច្រើនមុខអង្គរ សម្រាប់ចោលក្លិនដល់ទេសចរ...»។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានស្វាគមន៍ចំពោះគម្រោងដាំដើមព្នៅនៅតំបន់អង្គរ។ លោកបន្ថែមថា អាជ្ញាធរជាតិអប្សរាបានគិតគូរពីការដាំដើមឈើឡើងវិញក្នុងតំបន់អង្គរចាប់ពីឆ្នាំ២០០៤មក ក្នុងនោះក៏មានគម្រោងរៀបចំជាចម្ការព្នៅមួយកន្លែងដែលស្ថិតនៅបរិវេណខាងជើងនៃក្រុងអង្គរធំ ក្នុងន័យដើម្បីអភិរក្សពូជដើមព្នៅក្នុងប្រទេសកម្ពុជា ទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា ពន្យល់បន្ថែមយ៉ាងដូច្នេះថា៖« នៅតំបន់អង្គរយើងនេះ ជាបេតិកភណ្ឌពិភពលោក ហើយទន្ទឹមនោះវាមានប្រាសាទ ពលរដ្ឋ ធម្មជាតិ...ធនធានធម្មជាតិសំដៅទាំងអស់ពិសេសតំបន់អង្គរមានប្រភេទដើមឈើរហូត ១៨៣ប្រភេទ ចាត់ថ្នាក់ក្នុង៦៣គ្រួសារនៃដើម បំណងរបស់អប្សរាធ្វើយ៉ាងណាឱ្យតំបន់យើងនៅតែជាកន្លែងសម្បូរបែបធនធានធម្មជាតិ»។
ក្រៅពីបង្ហាញការយកចិត្តទុកដាក់លើកិច្ចការអភិរក្ស និងដាំដើមឈើឡើងវិញក្នុងតំបន់អង្គរ ក្នុងនោះអគ្គនាយកអាជ្ញាធរជាតិអប្សរា លើកឡើងថា ស្ថាប័នលោកក៏បានគិតគូរដាំដុះឡើងវិញប្រភេទដើមឈើហូបផ្លែ និងដើមឈើព្រៃហូបផ្លែវិញផងដែរ ដ្បិតដើមឈើមួយចំនួនកំពុងប្រឈមនឹងការបាត់បង់ ដោយសារគ្មានអ្នកដាំឡើងវិញ។ លោក ហង់ ពៅ ពន្យល់យ៉ាងដូច្នេះថា៖«...រាល់ថ្ងៃយើងមិនសូវចាប់អារម្មណ៍ គឺស្វាយមានលក់គ្រប់រដូវ តែស្វាយរបស់យើងចាស់ៗពីមុន នឹងបាត់អស់មាន ពុំសែន ក្បាលដំរី ស្វាយហួត (នៅមានខ្លះ) ស្វាយមួយចំនួនទៀតលែងស្គាល់ តែស្គាល់ច្បាស់ស្វាយកែវរមៀត ដោយសារកន្លែងណាក៏មានលក់ និងងាយស្រួលដាំ មិនមែនមានន័យថា ស្វាយទាំងអស់ពិបាកដាំទេ តែរសជាតិមិនចូលចិត្ត តែវាជាផ្នែកមួយដែលបង្ហាញពីភាពសម្បូរបែបនៃផ្លែឈើនៅស្រុកខ្មែរយើង...ក៏ជាចំណែកទាក់ទាញទេសចរផងដែរ ដែលយើងប្រើក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្មែរ...»។
ក្រៅពីបំផុសចលនាឱ្យដាំដើមព្នៅ ដែលព្រះមហាវិមលធម្ម ពិន សែម យល់ថាមានសារប្រយោជន៍ច្រើនយ៉ាងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋហើយនោះ ព្រះអង្គក៏ហាក់នឹកស្ដាយ និងចង់ឱ្យមានការគិតគូរពីរុក្ខជាតិមួយចំនួន ដូចជាក្រសាំង ស្នៅ និងអំពិល ដែលព្រះអង្គយល់ថា មានអ្នកបរិភោគរាល់ថ្ងៃ តែពលរដ្ឋខ្មែរហាក់ភ្លេច និងមិនសូវនឹកនាដាំឡើងវិញទេ៕