ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ និពន្ធ​សៀវភៅ​កំណាព្យ «​អារ្យធម៌​ខ្មែរ​» ដើម្បី​អបអរ​ទិវា​គ្រូបង្រៀន និង​បណ្ដុះ​គំនិត​ជាតិ​
04, Oct 2020 , 7:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​និពន្ធ​សៀវភៅ​កំណាព្យ​មួយ ដែលមាន​ចំណងជើង​ថា «​អារ្យធម៌​ខ្មែរ​» សម្រាប់​អបអរ​ទិវា​គ្រូបង្រៀន នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ​។ សៀវភៅ​កំណាព្យ​នេះ​នឹង​ចេញផ្សាយ និង​បោះពុម្ព​ចែកជូន​ដល់​គ្រូបង្រៀន នា​ថ្ងៃ​ទិវា​គ្រូបង្រៀន​។

 
​សូម​តាមដាន​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង នៃ​សារព័ត៌​មាននៅ​ថ្មីៗ ជាមួយនឹង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដូចតទៅ​៖ 
 
​សៀវភៅ​កំណាព្យ «​អារ្យធម៌​ខ្មែរ​» សម្រាប់​អបអរ​ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំនេះ ជា​ស្នាដៃ​និពន្ធ​លើក​ទី​២​របស់លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​។ ទិវា​គ្រូបង្រៀន​នៅ​ឆ្នាំមុន លោក​ក៏បាន​និពន្ធ​សៀវភៅ​កំណាព្យ​ដែរ ក្រោម​ចំណងជើង​ថា «​កំណាព្យ​អប់រំ​»​។  
 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ការបង្កើត​សៀវភៅ​កំណាព្យ «​អារ្យធម៌​ខ្មែរ​» សម្រាប់​អបអរ​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​គឺ​លោក​ចង់​លើកកម្ពស់​អារ្យធម៌ វប្បធម៌ និង​អក្សរសិល្ប៍​ខ្មែរ ដល់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​បាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​។ 
 
​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា​៖«​ទាក់ទង​នឹង​ភាសា​ខ្មែរ​បុរាណ ពលរដ្ឋ​ខ្មែរ​យើង​អត់​សូវ​បានដឹង ភាគច្រើន​យើង​បានឃើញ​ប្រាង្គ​ប្រាសាទបុរាណ ប៉ុន្តែ​យើង​អត់​បាន​សិក្សា​ស៊ីជម្រៅ ឬក៏​ផ្សព្វផ្សាយ​អំពី​ភាសា វប្បធម៌ និង អារ្យធម៌​សម័យបុរាណ​ឲ្យ​បាន​ទូលំទូលាយ​ទេ​។ ដូច្នេះ ជា​គោលដៅ​របស់ខ្ញុំ​ផ្ទាល់ គឺ​ការលើកកម្ពស់​ផ្សព្វផ្សាយ​អារ្យធម៌ និង​វប្បធម៌​ឲ្យ​បាន​ទូលំទូលាយ​ឲ្យ​សិស្ស​បានដឹង​។ អ៊ីចឹង​កំណាព្យ​នេះ​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ​ខ្មែរ​»​។ 
 
​បើតាម​លោក ហង់​ជួន ណា​រ៉ុ​ន អារ្យធម៌ និង​វប្បធម៌​ខ្មែរ​អាច​នឹងមាន​ការរីក​ចម្រើន​តាមរយៈ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ លោក ថ្លែងថា​៖«​យើង​មាន​អារ្យធម៌ និង​វប្បធម៌​ខ្មែរ​តាំងពី​យូរលង់​មកហើយ មាន​ភាសា ប្រាសាទ សិល្បៈ ទាំង​ល្ខោន​យីកេ​។ អ៊ីចឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក៏​ជា​ផ្នែក​មួយ​នៃ​អរិយធម៌ សង្គម​ធម៌ និង វប្បធម៌​។ អ៊ីចឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គឺ​យើង​ឃើញថា គឺ​កាន់តែ​ធ្វើ​ឲ្យ​ការអភិរក្ស​ផ្នែក​វប្បធម៌​កាន់តែ​ល្អប្រសើរ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ស្កេ​ន​ប្រាសាទ ហើយ​យើង​ដាក់​នៅ​អន​ឡាញ ហើយ​បង្កើតជា​សារមន្ទីរ​អន​ឡាញ​។ អ៊ីចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​មើលឃើញ​បាន​»​។  
 
​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា​ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ស្តីពី «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​» នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សូម​រម្លឹកថា ទិវា​គ្រូបង្រៀន​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​ឲ្យ​សិស្ស និង​និស្សិត​រម្លឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន ដែល​ធ្លាប់បាន​បង្រៀន និង​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ការពារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ​៕ 
 
 
 
 

Tag:
 ហង់​ជួន ណា​រ៉ុ​ន​
  សៀវភៅ​កំណាព្យ​អារ្យធម៌​
  ទិវា​គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com