កីឡាជាតិ
ជាតិ
ការបញ្ចប់​ការសាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវ​អូសបន្លាយ​ដល់​ខែឧសភា ឆ្នាំក្រោយ​
06, Oct 2020 , 8:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
ដោយ:
​ការបញ្ចប់​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បន្ត​អូសបន្លាយ​ដល់​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​អះអាងថា ការអូសបន្លាយ​នេះ ដោយសារ​ផ្នែក​ខ្លះ​ត្រូវការ​ចំណាយពេល​ច្រើន​ទៀត​ក្នុងការ​សាងសង់​។​

 
​ទីលាន​បាល់ទាត់​ស្តង់ដា​អន្តរជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរ​តិក​តេ​ជោ ដែល​សាងសង់ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ត្រូវបាន​ពន្យា​ពេល​ជា​បន្តបន្ទាប់​ក្នុងការ​បញ្ចប់​ការសាងសង់​។ បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ពេល​អមដំណើរ​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ចុះ​ត្រួតពិនិត្យ​ទីលាន​ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ លោក វ៉ា​ត់ ចំរើន បានបង្ហាញ​ហេតុផល​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការសាងសង់​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ព្រឹក​នេះ​មានការ​ត្រៀមលក្ខណៈ​ពីរ​សំខាន់ៗ ទី​១. គឺ​កីឡដ្ឋាន​ធំ ដែលមាន​ការប្រែប្រួល​កាលបរិច្ឆេទ​ក្នុងការ​បង្ហើយ​ចុងក្រោយ គឺ​ខាង​ភាគី​ចិន​បាន​បញ្ជាក់ថា យើង​នឹងធ្វើ​រួចរាល់​នៅ​ខែឧសភា ឆ្នាំ​២០២១ ដោយសារតែ​យើង​មានការ​តុបតែង ការធ្វើ​បន្ទប់ ការបំពាក់​កញ្ចក់ បំពាក់​កៅអី វា​នៅ​ត្រូវការ​ពេល​ច្រើន​។ ជាពិសេស ការតុបតែង​ខាងក្នុង ទាំង​តារាង​បាល់ ប្រព័ន្ធ​ខាងក្រោម​តារាង​បាល់ ទីលាន​រត់​អត្តពលកម្ម និង​បន្ទប់ VIP ត្រូវការ​រៀបចំ​ច្រើន​»​។ 
 


​តាម​គម្រោង​ពីដំបូង​ទីលាន​បាល់ទាត់​ដែលជា​សមិទ្ធផល​ធំជាងគេ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ខែធ្នូ ចុងឆ្នាំ​២០២០​។ ប៉ុន្តែ​ក្រោយមក​ការបញ្ចប់​ការសាងសង់​ត្រូវបាន​ពន្យា​ពេល​ដល់​ខែមេសា​ឆ្នាំ​២០២១ ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការដឹក​សម្ភារ​ដែល​បម្រើ​ឲ្យ​ការសាងសង់​តាមផ្លូវ​ទឹក ក្រោយ​មានការ​បិទ​ព្រំដែន​ពី​ប្រទេស​មួយចំនួន​។ 
 
​លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ CAMSOC ផង​នោះ​រំពឹងថា កីឡដ្ឋាន​នេះ​នឹង​បញ្ចប់​ការសាងសង់​តាម​ការគ្រោងទុក​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ ដែល​ធ្វើ​លំនាំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​។ មកដល់​បច្ចុប្បន្ន​កីឡដ្ឋាន​នេះ​សាងសង់​រួចរាល់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ​។    
 
 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹមតែ​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ 
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ រួមមាន​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​៕ 



Tag:
 វ៉ា​ត់ ចំរើន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com