កីឡាអន្តរជាតិ
អន្តរជាតិ
Redknapp ថាសមាជិកក្រុម Spurs ឆ្នាំនេះមានសមត្ថភាពឈ្នះពាន EPL
× លោក Harry Redknapp មើលឃើញថា សមត្ថភាពរបស់ក្រុម Tottenham Hotspur បច្ចុប្បន្នគ្រប់គ្រាន់ដើម្បីប្រជែងពាន Premier League ជាមួយក្រុមខ្លាំងៗនៅរដូវកាលនេះ។ អតីតគ្រូមាន់ខ្នាយមាសអះអាងដូច្នេះ ក្រោយលោក Jose Mournho ទិញបានកីឡាករមួយចំនួនរួមទាំងយកបាន Gareth Bale ត្រឡប់ទៅវិញផង។
Spurs ដែលឈ្នះជើងឯកលីគកំពូលអង់គ្លេសលើកចុងក្រោយនៅរដូវកាល ១៩៦០-៦១ យកបានខ្សែប្រយុទ្ធ Gareth Bale ពី Real Madrid ក្រោមលក្ខខណ្ឌខ្ចីជើង និងទិញបាន Sergio Reguilon, Matt Doherty, Pierre-Emile Hojbjerg និង Carlos Vinicius ទៅជួយក្រុមរដូវកាលថ្មីនេះ។
លោក Redknapp ដែលធ្លាប់ចាត់ការ Spurs ចន្លោះពីឆ្នាំ ២០០៨ ដល់ ២០១២ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំគិតថាពួកគេនឹងឡើងដល់កំពូលទាំង៤ (Top4) ... ពួកគេថែមទាំងអាចឈ្នះលីគនៅឆ្នាំនេះទៀតផង»។ ការអះអាងបែបនេះដោយសារគ្រូសញ្ជាតិអង់គ្លេសវ័យ៧៣ឆ្នាំ មើលឃើញពីសមាសភាពកីឡាករថ្មីមួយចំនួនដែលលោក Mourinho នាំចូលពោពេញដោយសមត្ថភាព។
អតីតគ្រូ Portsmouth, Southampton, Queens Park Rangers រូបនេះបន្ថែមថា៖ «ពួកគេមានកីឡាករដែលត្រូវនឹងមុខតំណែង។ នៅតំបន់ប្រយុទ្ធមាន Son Heung-min, Harry Kane និង Gareth Bale ...ខ្សែបម្រើមានពេញលេញអស់ហើយ... ខ្សែការពារ៤រូបនៅខាងក្រោមសុទ្ធតែរឹងមាំ។ Spurs ជាក្រុមដ៏គ្រោះថ្នាក់នៅឆ្នាំនេះ»។
មាន់ខ្នាយមាស ក្រោមការដឹកនាំរបស់អ្នកចាត់ការ Mourinho បានបំបាក់ក្រុម Manchester United នៅ Old Trafford ដោយលទ្ធផល ៦-១ កាលពីចុងសប្តាហ៍មុន។ ពួកគេនឹងត្រូវស្វាគមន៍ West Ham United ក្នុងជំនួបលីគសប្តាហ៍ទី៥ នៅថ្ងៃទី១៨ ខែតុលា ក្រោយត្រឡប់ពីសម្រាកនៃការប្រកួតអន្តរជាតិ។
Spurs ស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាងលីគកំពូលបណ្តោះអាសន្នដោយរកបាន៧ពិន្ទុ ពីការប្រកួត៤លើក៕
Tag:
Harry Redknapp
Tottenham Hotspur
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com