កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ៖ គ្មាន​ឡើយ​លទ្ធផល​ស្មើ​រវាង​ស្វាយរៀង និង​ណាហ្គា ខណៈ​គិរីវង់​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន​
07, Oct 2020 , 11:30 am        
រូបភាព
ដោយ:
​ក្រោយ​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជាង​១​ខែ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​វគ្គ​៨​ក្រុម​ចុងក្រោយ​ត្រូវ​បន្ត​ការប្រកួត​របស់ខ្លួន​ឡើង​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ នេះ​។ ក្នុងនោះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ទទួល​ណាហ្គា​វើ​ល​ម៉ោង​៦​ល្ងាច ក្រោយ​ភ្នំពេញ​ក្រោ​ន​ជួប​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។

 
​ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅ​ជើង​ទី​១​នា​កីឡដ្ឋាន​ស្តា​ត​ចាស់ តម្រូវ​ឲ្យ​ជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ​ណាហ្គា​វើ​ល ទាមទារ​ចាញ់ឈ្នះ​ជាដាច់ខាត​នៅ​ល្ងាច​នេះ ដើម្បី​ស្វែងរក​ក្រុម​មួយ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ដូច្នេះ​ការជួបគ្នា​រវាង​ពួកគេ នឹងក្លាយ​ជា​ជំនួប​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន​។ 
 
​ក្នុងករណី​ចប់​ការប្រកួត​៩០​នាទី​រក្សា​លទ្ធផល​ស្មើគ្នា នោះ​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ ត្រូវ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ​ពុំមាន​ការបន្ថែម​១៥​នាទី​ពីរដង​នោះទេ​។ ការប្រកួត​ដែល​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​អាចមាន​ប្រៀប​ជាង​ណាហ្គា​វើ​ល ដ្បិត​ការប្រកួត​រៀបចំ​នៅលើ​ទឹកដី​របស់​ពួកគេ​។ តែ​យ៉ាងណា បាល់ទាត់​អ្វីៗ​ក៏​អាច​កើតមាន​ដែរ​។ 
 
​ខុសពី​ក្រុម​ទាំងពីរ​ខាងលើ ភ្នំពេញ​ក្រោ​ន​ទាមទារ​ត្រឹម​ស្មើ​ជាមួយ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ប៉ុណ្ណោះ​នៅ​ជើង​ទី​ពីរ​នេះ ក្នុងការ​ធានា​កៅអី​ឡើងទៅ​វគ្គ​ពាក់​កណ្តា​ក​ផ្តាច់ព្រ័ត្រ​។ តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ភ្នំពេញ​ក្រោ​ន​ក្នុង​ការការពារ​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ពី​គី​រី​សុខ​សែន​ជ័យ​នោះទេ ព្រោះ​ការប្រកួត​ជើង​ទី​ពីរ​នេះ​ធ្វើឡើង​នៅលើ​ទឺ​ករ​បស់​ពួកគេ​។ បើ​យើង​មើល​លទ្ធ​ផលកាល​ជើង​ទី​១ ដែល​រៀបចំ​នៅ​កីឡដ្ឋាន Smart R.S.N ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​យ៉ាង​ប្រផុតប្រផើយ ២-១​។ ដូច្នេះ​ការជួបគ្នា​នៅ​ជើង​ទី​ពីរ​រសៀល​នេះ នឹងមាន​ភាពស្វិតស្វាញ​ខ្លាំង​ជាង​ជើង​ទី​១៕   
 
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com