កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​គ្រូ អា​ថា​ន់ ដែល​គ្រោង​ប្រើពាក្យ «​បុក្ក​តោ​» ជំនួស​«​ល្បុក្កតោ​»
07, Oct 2020 , 4:21 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដោយ:
​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក ឆន ច័​ន្ធ​វីរៈ ហៅ​គ្រូ អា​ថា​ន់ ដែល​គ្រោង​ប្រើពាក្យ​«​បុក្ក​តោ​»​ជំនួស​ឲ្យ​ពាក្យ​«​ល្បុក្កតោ​»​។ លោក ប្រាប់​ឲ្យ​គ្រូបង្វឹក​រូបនេះ កែប្រែ​ជាបន្ទាន់ បើ​មិន​ចង់​ប្រឈមមុខ​ផ្លូវច្បាប់​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបង្ហាញ​ប្រតិកម្ម​យ៉ាងខ្លាំង​លើ​លោក ឆន ច័ន្ទ​វីរៈ គ្រូបង្វឹក​គុន​ល្បុក្កតោ​វត្ត​ថា​ន់ ដែល​គ្រោង​ប្រើប្រាស់​ពាក្យ​«​បុក្ក​តោ​»​ជំនួស​ឲ្យ​ពាក្យ​«​ល្បុក្កតោ​» ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ត្រៀម​ចុះបញ្ជី​ជា​សម្បត្តិ​បេ​ក​ភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO ជា​ផ្លូវការ​។ 
 
​លើសពីនេះ លោក ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​គ្រូបង្វឹក​គុន​ល្បុក្កតោ ដែលមាន​ឈ្មោះ​ក្រៅ​ហៅ​គ្រូ អា​ថា​ន់ រូបនេះ​ទៀតផង បើ​ពុំ​កែសម្រួល​ពាក្យពេចន៍​របស់ខ្លួន ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា​«​ល្បុក្កតោ​ក្មេង​វត្ត​ថា​ន់​»​នៅ​ថ្ងៃទី​៧ តុលា ឆ្នាំ​២០២០​។  
 
«​សូម​ឲ្យ​កែសម្រួល​វិញ​ជាបន្ទាន់​។ នេះ​ជា​វិទ្ធង្សនា​វប្បធម៌ និង​យុទ្ធ​គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ ដែល​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ប​ញ្ញី​ជា​បេតិកភណ្ឌ​ជាតិ​រួចហើយ​នូវ​ពាក្យ​ថា ល្បុក្កតោ និង​មាន​កំណត់ត្រា​ក្នុង​វចនានុក្រម​សម្តេច​ស​ង្ឈ​ជួន ណាត ពិសេស​សំណើ​រដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ UNESCO រួចហើយ​យ​។ គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ល្បុក្កតោ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។ នេះ​ជាការ​ដាស់តឿន និង​ព្រមាន​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​ការ​ប្រតិកម្ម និង​ព្រមាន​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​រូបនេះ ធ្វើឡើង​ក្រោយ​លោក ឆន ច័ន្ទ​វីរៈ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ដូច្នេះ​ថា​៖«​ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​កូនសិស្ស​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស ដែល​បាន​ហាត់រៀន​ក្បាច់គុន​ចេញពី​ខ្ញុំ សូម​ប្តូរ​ពាក្យ​«​ល្បុក្កតោ​»​ទៅជា​«​បុក្ក​តោ​»​។ ខ្ញុំ​នឹង​កែប្រែ​នៅក្នុង​ផេ​ក ឡូហ្គោ ហ្វេ​ស​ប៊ុ​ក យូ​ធូប និង​ទីក​តុ​ក សូមមេត្តា​ជ្រាប​ពី​ខ្ញុំ ឆន ច័ន្ទ​វីរៈ ហៅ​លោកគ្រូ អា​ថា​ន់​»៕  
 

Tag:
 ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  ឆន ច័ន្ទ​វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com