ជាតិ
អតីត​កុងស៊ុល​ខ្មែរ​នៅ​គុន​មិញ លោក គ្រុយ លឹម​ហេង ជាប់ទោស​៧​ឆ្នាំ និង​រង​ពិន័យ​១០​លាន​រៀល​
08, Oct 2020 , 11:55 am        
រូបភាព
លោក គ្រុយ លឹមហេង ពេលស្ថិតក្នុងតួនាទីអគ្គកុងស៊ុលកម្ពុជា​ប្រចាំក្រុងគុនមិញ ខេត្តយូណាន។ រូបថត theindependentbd
លោក គ្រុយ លឹមហេង ពេលស្ថិតក្នុងតួនាទីអគ្គកុងស៊ុលកម្ពុជា​ប្រចាំក្រុងគុនមិញ ខេត្តយូណាន។ រូបថត theindependentbd
​ភ្នំពេញ​៖ អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន លោក គ្រុយ លឹម​ហេង ត្រូវបាន​សម្រេច​ដាក់ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល​ចូល​រដ្ឋ នៅ​ថ្ងៃទី​៨ តុលា​នេះ ក្រោម​បទ​ចោទ​ចំនួន​៤​។


​លោក គ្រុយ លឹម​ហេង ត្រូវបាន​តុលាការ​បានសម្រេច​ចោទប្រកាន់ រួមមាន​ទី​១ ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ,​ទី​២ រំលោភ​អំណាច និង​ទី​៣ វីតិក្រម (​យកលុយ​លើស​ការកំណត់​) និង​ទី​៤ ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​ឈ្មោះ គ្រុយ លឹម​ហេង ប្រព្រឹត្ត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៥ ដល់ ២០១៩ ។​
 
​កន្លងមក​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចុះ​ស៊ើបអង្កេត​លើ​ករណី​លោក គ្រុយ លឺ​ម​ហេង បាន​និយាយថា អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ពុករលួយ ចន្លោះ​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ ។ លោក​ថា ករណី​បទល្មើស​ទាំងនោះ រួមមាន​ការយក​លុយ​លើស​តម្លៃ​កំណត់ និង​ការប្រើ​អំណាច​ហួស​ជាដើម​។

ក្នុងន័យនេះ​លោក យិនទៀង បាន​សង្កត់ធ្ងន់ថា លោក គ្រុយ លឹម​ហេង បាន​ប្រើ​អំណាច​ដកយក​លុយ​រប​ស់អគ្គ​កុងស៊ុល​កម្ពុជា ពី​ធនាគារ​ចិន​មួយ តាមរយៈ​ការប្រើប្រាស់​«​ត្រា​អគ្គ​កុងស៊ុល​» ខុសច្បាប់​អស់​រយៈពេល​២​ខែ​កន្លងមក នៅ​គ្រា​ដែល​រូបលោក ត្រូវបាន​ដកចេញ​ពី​តំណែង កាលពី​ឆ្នាំ​២០១៨៕
 
 

Tag:
 គ្រុយ លឹម​ហេង​
  កុងស៊ុល
© រក្សាសិទ្ធិដោយ thmeythmey.com