កីឡាជាតិ
ជាតិ
ពាក់ព័ន្ធ​ការប្រើ​ពាក្យ​បុក្ក​តោ​៖ គ្រូបង្វឹក​គុន​ល្បុក្កតោ ឆន ច័ន្ទ​វីរៈ ព្រម​កែសម្រួល និង​ទទួលកំហុស​
08, Oct 2020 , 11:29 pm        
រូបភាព
លោក ឆន ច័ន្ទវីរៈ ហៅគ្រូ អាថាន់ គ្រូបង្វឹកគុនល្បុក្កតោក្មេងវត្តថាន់, រូបភាពពីហ្វេសប៊ុកល្បុក្កតោក្មេងវត្តថាន់
លោក ឆន ច័ន្ទវីរៈ ហៅគ្រូ អាថាន់ គ្រូបង្វឹកគុនល្បុក្កតោក្មេងវត្តថាន់, រូបភាពពីហ្វេសប៊ុកល្បុក្កតោក្មេងវត្តថាន់
ដោយ:
​លោក ឆន ច័ន្ទ​វីរៈ ហៅ​គ្រូ អា​ថា​ន់ គ្រូបង្វឹក​គុន​ល្បុក្កតោ​ក្មេង​វត្ត​ថា​ន់ ព្រម​កែសម្រួល និង​ទទួលស្គាល់​កំហុស ពាក់ព័ន្ធ​គម្រោង​ផ្លាស់ប្តូរ​ទៅប្រើ​ពាក្យ​«​បុក្ក​តោ​»​ជំនួស​ឲ្យ​ពាក្យ​«​ល្បុក្កតោ​» ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ គ្រូបង្វឹក​រូបនេះ ស្នើ​ឲ្យ​បញ្ចប់​រឿងនេះ​ត្រឹមនឹង ព្រោះ​លោក​មិន​ចង់​វែកញែក​នាំ​ឲ្យ​មានរឿង​វែងឆ្ងាយ​។

 
​លោក ឆន ច័ន្ទ​វីរៈ គ្រូបង្វឹក​គុន​ល្បុក្កតោ​ក្មេង​វត្ត​ថា​ន់ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​គម្រោង​ផ្លាស់ប្តូរ​ឈប់​ប្រើប្រាស់​ពាក្យ​«​ល្បុក្កតោ​»​ទៅប្រើ​ពាក្យ​«​បុក្ក​តោ​»​ជំនួស​វិញ​។ ភ្លាមៗ​នោះ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​និង​ព្រឹទ្ធាចារ្យ​គុន​មួយចំនួន​បាន​ចេញមក​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​នេះ​។ 
 
​លើសពីនេះ លោក ថែមទាំង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​គ្រូបង្វឹក​រូបនេះ​ទៀតផង បើ​មិន​កែសម្រួល​និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​។ ការ​ប្រតិកម្ម​និង​ព្រមាន​នេះ ធ្វើឡើង​ក្រោយ លោក ព្រួយបារម្ភ​ខ្លាច​ការផ្លាស់ប្តូរ​នេះ​ជះឥទ្ធិពល​មិនល្អ​ដល់​ការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍ និង​ដំណើរ​ការចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO​។ 
 
​លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ឲ្យ​កែសម្រួល​វិញ​ជាបន្ទាន់​។ នេះ​ជា​វិទ្ធង្សនា​វប្បធម៌ និង​យុទ្ធ​គុន​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ ដែល​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ប​ញ្ញី​ជា​បេតិកភណ្ឌ​ជាតិ​រួចហើយ​នូវ​ពាក្យ​ថា ល្បុក្កតោ និង​មាន​កំណត់ត្រា​ក្នុង​វចនានុក្រម​សម្តេច​ស​ង្ឈ​ជួន ណាត ពិសេស​សំណើ​រដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី នៃ​មនុស្សជាតិ UNESCO រួចហើយ​យ​។ គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ល្បុក្កតោ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។ 
 
​ក្រោយ​មានការ​ប្រតិកម្ម​ពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​ព្រឹទ្ធា​មួយចំនួន​នៅ​យប់​ថ្ងៃ​ដដែល​លោក ឆន ច័ន្ទ​វីរៈ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ល្បុក្កតោ​ក្មេង​វត្ត​ថា​ន់​» ដើម្បី​បង្ហាញ​ពី​ការទទួលស្គាល់​កំហុស និង​ព្រម​កែប្រែ​តាម​អ្វី ដែល​ថ្នាក់ដឹកនាំ​បានកំណត់​។   
 
​ទន្ទឹមនឹង​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​ថ្នាក់ដឹកនាំ និង​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ គ្រូបង្វឹក ដែលមាន​ឈ្មោះ​ក្រៅ​ហៅ អា​ថា​ន់ រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សូម​គោរព​ឯកឧត្តម លោកជំទាវ ពុក​ម៉ែ​បងប្អូន និង​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ទាំងអស់​ជាទីគោរព​ទាក់ទង​នឹង​ក្បាច់គុន ដោយ​ប្រើពាក្យ​ក្បាច់គុន​ល្បុក្កតោ​ឲ្យ​ដូរ​ទៅជា​«​បុក្ក​តោ​»​ខ្ញុំ​នឹងធ្វើ​ការកែប្រែ​ឲ្យ​ទៅជា​«​ល្បុក្កតោ »​វិញ​»​។ 
 
​គ្រូបង្វឹក​រូបនេះ​អះអាងថា កំហុសឆ្គង​ខាងលើ​មិន​ពាក់ព័ន្ធ​បុគ្គល​ណាមួយ​នោះឡើយ ពោល​គឺជា​កំហុស​របស់លោក​តែ​ម្នាក់​គត់​។ ហើយ​លោក​ស្នើ​ឲ្យ​បញ្ចប់​រឿងនេះ​ត្រឹមនឹង ដ្បិត​លោក​មិន​ចង់​ជជែក​វែកញែក​វែងឆ្ងាយ​បន្តទៀត​៕   
 
 
 
 

Tag:
 ​ល្បុក្កតោ​
  ឆន ច័ន្ទ​វីរៈ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com