ជាតិ
សង្គមជាតិ
អា​យ៉ៃ​ឆ្លើយឆ្លង​! រវាង​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី ចំរើន​កុសល និង​ស្នងការ​នគរបាលជាតិ ជុំវិញ​ការ​ផាក​ចរាចរណ៍​
08, Oct 2020 , 5:23 pm        
រូបភាព
​ភ្នំពេញ​៖ ករណី​ប៉ូលិស «​ផាក​បទល្មើស​ចរាចរ​ណ៍​» គឺជា​ប្រធានបទ​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ក្លាយជា​អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា រវាង​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី ចំរើន​កុសល និង​ស្នងការ​នគរបាលជាតិ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ចុងក្រោយ ។​



​ជា​ញឹកញយ​គេ​សង្កេតឃើញ លោក ទី ចំរើន​កុសល តែងតែ​ចេញមុខ​រិះគន់​លើ​មន្ត្រីនគរបាល​មាន​សមត្ថកិច្ច ដែល​ប​ញ្ឍ​រ​ជើង​តាម​គោលដៅ ដើម្បី​ត្រួតពិនិត្យ និង​ផាកពិន័យ​លើ​ការបើកបរ​ល្មើសច្បាប់​ចរាចរណ៍​។ ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ មិន​សំចៃមាត់​ក្នុងការ​រិះគន់​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ឡើយ​។​
 
​បើ​គេ​មើល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក ទី ចំរើន​កុសល នោះ ប្រាកដជា​ឃើញ​ការរិះគន់​ពី​ចំណុច​ខុសឆ្គង​របស់​មន្ត្រីនគរបាល​អន្តរាគមន៍ នៅក្នុង​អនុវត្ត​តួនាទី បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៧ តុលា ដូច្នេះ​ថា​៖«​ជារឿយៗ ខ្ញុំ​តែងតែ​សង្កេតឃើញ​ប្អូនៗ​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដែល​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​តាម​គោលដៅ​មួយចំនួន​តែងតែ​ចេញមក​ហៅ ឬ​ឃាត់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​។ នេះ​គឺជា​ការប្រព្រឹត្ត​ខុសពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។  ដោយហេតុថា ប្អូនៗ​មិនមែនជា​នគរបាល​ចរាចរណ៍​ទេ ដូចនេះ​ប្អូនៗ​គ្មាន​ភារកិច្ច​អ្វី​ត្រូវ​ហៅ ឬ​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បានឡើយ​»​។​
 
​ក្នុងន័យនេះ លោក ទី ចំរើន​កុសល បាន​បកស្រាយ​ថា តួនាទី និង​ភារកិច្ច​របស់​នគរបាល​អន្តរាគមន៍ គឺ​ដើម្បី​ជួយ​អន្តរាគមន៍ និង​បង្ក្រាប​រាល់​បទល្មើស​ចរាច​រណ៍​ទាំងឡាយណា ដែល​មិន​ព្រម​ឈប់​តាម​ការបញ្ឈប់​របស់​ន​គ​របាល​ចរាចរណ៍ ឬ​មាន​បង្ក​អំពើហិង្សា​មកលើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​..​។​ល​។​
 
​បើតាម​លោក ចំរើន​កុសល នគរបាល​អន្តរាគមន៍​ត្រូវ​ឈរ​ចម្ងាយ​៥០​ម៉ែត្រ ពី​គោលដៅ​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្តន៍​ច្បាប់​នីមួយៗ មិនមែន​ឈរ​ផ្តុំគ្នា​ជាមួយនឹង​នគរ​បាលច​រា​ចរណ៍​នោះទេ​។ «​កន្លងមក​គោលដៅ​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​នគរបាល​អន្តរាគមន៍​ឈរ​ផ្តុំគ្នា​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ចេញមក​បង្ក្រាប​ដោយ​ឯកឯង គឺ​នៅ​គោលដៅ​អាងទឹក គោលដៅ​ភ្លើងស្តុប​ផ្សារ​ដើម​គរ និង​គោលដៅ​រង្វង់​មូល​គួច​កាណុង​»​។ នេះ​ជាការ​លើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី ចំរើន​កុសល​។​

តើនគរបាលអន្តរាគមន៍មានសិទ្ធិចេញមកឃាត់ ឬហៅរាល់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ដោយឯកឯងបានដែរឬទេ? ជារឿយៗ...

Posted by ឧត្តមសេនីយ៍ ទី ចំរើនកុសល on Wednesday, 7 October 2020
 
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​ចេញមុខ​បកស្រាយ​តប​លោក ទី ចំរើន​កុសល​។ ស្នងការ​នគរបាល​ក្រុង មិន​បដិសេធ​ការលើកឡើង​របស់លោក ចំរើន​កុសល ទេ ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់ថា សកម្មភាព​របស់​នគ​របាល​អន្តរាគមន៍​នេះ គឺ​ដើម្បី​ជួប​ទប់ស្កាត់​យានយន្ត ដែល​អាច​មានបំណង​បើក​រត់គេច​ពី​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​នគរបាល​ចរាចរ​ណ៍​ប៉ុណ្ណោះ​។​
 
«​ចំពោះ​កម្លាំង​អន្តរាគមន៍​ពិសេស (​ជា​កម្លាំង​សហការ​) មាន​ភារកិច្ច​ចុះ​សហការ​ជាមួយ​កម្លាំង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក ជា​ពិ​សេ​ពេល​យាន​ដែល​ល្មើស បើក​គេចវេស​ពី​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​នគរបាល​រាច​រណ៍ ដូច​ជាការ​រឹងរូស មិន​ឈប់​មធ្យោបាយ​ដើម្បី​ឲ្យ​ត្រួតពិនិត្យ បង្ក​បាតុភាព ឬ​មាន​ករណី​សង្ស័យថា​អ្នកបើកបរ​មធ្យោបាយ​ទាំងនេះ មាន​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ល​។ គឺអាច​ចេញមក​ជួយ​ឃាត់​យាន​ទប់ស្កាត់ និង​ប្រដេញ​ក្នុងករណី​ចាំបាច់​ណាមួយ ។ ហើយ​ចំពោះ​ការដែល​លើកឡើងថា កម្លាំង​អន្តរាគមន៍​ពិសេស គ្មាន​សិទ្ធិ​ឃាត់​យាន​ត្រួតពិនិត្យ​គឺ​ត្រឹមត្រូវ តែ​កម្លាំង​អន្តរាគមន៍ អាច​ចុះ​សហការ​ទប់ស្កាត់​ឃាត់​យាន ដែលមាន​បំណង​ចង់​បើក​គេចវេស​ពី​ការត្រួតពិនិត្យ របស់​កម្លាំង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក ដែលជា​កម្លាំង​ជំនាញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​
 

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​...

Posted by ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ on Thursday, 8 October 2020
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កំពុង​តាមដាន​ករណីនេះ​។ លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន បាន​និយាយថា គោលដៅ​ចរាចរណ៍​ពិតជា​ចាំបាច់​មាន​មន្ត្រី​អន្តរាគមន៍ ដើម្បី​ជួយ​អន្តរាគមន៍​លើ​ករណី​ពលរដ្ឋ​គេចវេះ​ពី​ការត្រួតពិនិត្យ ។

«​នៅ​គ្រប់​គោលដៅ​នគរបាល​ចរាចរណ៍ កន្លែង​ខ្លះ​យើង​ដាក់ កន្លែង​ខ្លះ​យើង​អត់​ដាក់​កម្លាំង​អន្តរាគមន៍​(​នគរបាល​អន្តរាគមន៍​)​។ មូលហេតុ​អ្វី​បាន​យើង​ដាក់​កម្លាំង​អន្តរាគមន៍ យើង​ជៀសវាង​អ្នក​គេច​រត់​ឬ​មានប្រតិកម្ម នៅ​កន្លែង​គោលដៅ​ចរាចរណ៍​។ ពេលខ្លះ​ដោយសារ​គោលដៅ​ចរាចរណ៍​ទាំងអស់​ក៏មាន​ភារកិច្ច​ចូលរួមចំណែក​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ចោរឆក់ …​។ ហើយ​នគរបាល​អន្តរាគមន៍​មាន​តួនាទី​សម្របសម្រួល​ជួយ​គាំទ្រ​ដល់​នគរបាល​ចរាចរ​ណ៍​នៅ​គោលដៅ​នោះ គាត់​មាន​សិទ្ធិ​ឃាត់​(​រថយន្ត​) ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ចរាចរណ៍ ប៉ុន្តែ​គាត់​មិនមែនជា​អ្នកអនុវត្ត​តួនាទី​ជា​នគរបាល​ចរាចរណ៍ ចេញ​លិខិត​ពិន័យ​នោះទេ​។ ការផាកពិន័យ​គឺ​នគរបាល​ចរាចរណ៍​ជា​អនុវត្ត​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឆាយ គឹម​ខឿន ដោយ​សង្កាត់​ធ្ងន់​ថា បើ​ម​ន្រី្ត​ណាមួយ​ឃាត់រ​យន្ត ដែល​មិនមាន​កំហុស​គឺ​ខុស​ទាំង​ន​ម​ន្រី្ត​នគរបាល​ចរាចរណ៍​និង​នគរបាល​អន្តរាគមន៍​។​
 
​មិនមែន​តែ​ករណី​នគរបាល​អន្តរាគមន៍​នេះ​ទេ កន្លងមក​លោក ទី ចំរើន​កុសល ក៏​រិះគន់​លើ​ករណី​មន្ត្រី​ចរាចរណ៍​ជាប់កិច្ចសន្យា ចុះ​អន្តរាគមន៍​ឃាត់​យានយន្ត​លើ​ដងផ្លូវ​ដែរ​។ បើតាម​លោក ចំរើន​កុសល មន្ត្រី ជាប់កិច្ចសន្យា គឺមាន​ភារកិច្ច​ជួយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ដើម្បី​សម្រួល​ចរាចរណ៍ តែ​គ្មាន​សិទ្ធិ​ចេញមក​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ​ឡើយ​។​
 
​ក្រោយ​ការរិះគន់​នេះ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ហៅ​មន្ត្រី​ជាប់កិច្ចសន្យា​រូបនេះ មក​ធ្វើ​កិច្ចសន្យា ត្រួតពិនិត្យ និង​បានដាក់​ពិន័យ​នៅ​ការិយាល័យ​ផងដែរ​៕
 
 

Tag:
 ទី ចំរើន​កុសល​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com