ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ចុះៗ អាចមកពី​កត្តា​ទាំងនេះ​
09, Oct 2020 , 6:59 pm        
រូបភាព
​ការរក្សា​ឱ្យបាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រក្រតី គឺ​ចាំបាច់​ណាស់​ចំពោះ​គ្រប់គ្នា​។​ថា​តើ​ការឡើង​ចុះៗ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បណ្ដាលមកពី​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​មិនមាន​ស្ថេរភាព ៖

 
១. ការប្រើប្រាស់​ជាតិ​ផ្អែម​សិប្ប​និម្មិត្ត​
 
​ភាគច្រើន​នៃ​ពួកយើង​ជា​ញឹកញយ​តែង​ប្រើប្រាស់​ជាតិ​ផ្អែម​សិប្បនិម្មិត​ជំនួស​ឱ្យ​ស្ករស​និង​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ដែល​គ្មាន​ផ្ទុក​ជាតិ​ស្ករ ប៉ុន្តែ​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្ប​និម្មិត្ត​ជំនួស​វិញ​ដើម្បី​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ទោះជា​យ៉ាងណាក៏ដោយ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​មិនយូរ​មិនឆាប់​នៅតែ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ដដែល​ដោយ​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ភេសជ្ជៈ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បណ្ដាលឱ្យមាន​ភាព​ធ​ន់​នឹង​អាំង​ស៊ុយ​លីន​ដែលជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
២. ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​
 
​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ការ​ទទួលទាន​ទឹក​ឱ្យបាន ២ លីត្រ​ក្នុង​មួយថ្ងៃ គឺ​សំខាន់​ណាស់​ដើម្បី​រក្សាបាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​អាច​កម្ចាត់​ចោល​រាល់​ជាតិពុល​និង​កាកសំណល់​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ក៏​អាច​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បានដែរ​? នេះ​ក៏​ព្រោះតែ​ឈាម​ប្រែ​ជាតិ​ខាប់​ដែល​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​លំ​ហូរឈាម​ប្រមូលផ្ដុំ​ឡើង​។ អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ គឺ​វា​អាច​បង្ក​ជាវ​ដ្ដ​ដ៏​គ្រោះថ្នាក់​មួយ​ដោយ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាលឱ្យ​អ្នក​នោម​ញឹក ហើយ​ការ​នោម​ញឹក​នេះ​កាន់តែ​ធ្វើឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៣. គេង​មិនបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជា​កត្តា​ហានិភ័យ​ចម្បង​មួយ​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ការ​គេង​មិនបាន​គ្រប់គ្រាន់​បណ្ដាលឱ្យ​រាងកាយ​ស្ត្រេ​ស ហើយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​កើនឡើង​ដើម្បី​ប្រាកដថា​រាងកាយ​មាន​ថាមពល​គ្រប់គ្រាន់​នឹង​ប្រយុទ្ធប្រឆាំង​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ​។ ដូច្នេះ​ប្រសិនបើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ហាក់ដូចជា​គ្រប់គ្រង​មិនបាន ហើយ​មិនដឹង​មកពី​មូលហេតុ​អ្វី ចូរ​សួរ​ខ្លួនឯង​ថា​តើ​បាន​គេង​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ឬ​នៅ​? ប្រសិនបើ​នៅទេ​នោះ​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត គឺ​គេង​ឱ្យបាន​គ្រប់គ្រាន់​។​
 
៤. អាកាសធាតុ​ក្ដៅ​ខ្លាំង​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាកាសធាតុ​ក្ដៅ​ខ្លាំង​អាច​ជះ​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នេះ​ក៏​ព្រោះតែ​សីតុណ្ហភាព​ខ្ពស់​អាច​បង្ក​ភាព​ស្ត្រ​ស​ដល់​រាងកាយ ហើយ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​កើនឡើង​តាម​នោះ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កំពុង​ទទួលទាន​ថ្នាំ​គ្រាប់​អាំង​ស៊ុយ​លីន​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​វិញ​នោះ អាកាសធាតុ​ក្ដៅ​អាច​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​ខ្លាំង​ដែល​គ្រោះថ្នាក់​ណាស់​។ សីតុណ្ហភាព​ខ្ពស់​អាច​បណ្តាលឱ្យ​សរសៃឈាម​រីក​ធំ​បង្កើន​សកម្មភាព​របស់​អាំង​ស៊ុយ​លីន​។​
 
៥. ការមិនធ្វើ​លំ​ហាត់ប្រាណ​
 
​ការមិនធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមបញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស​? យោងតាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០ នាទី​រាល់​សប្តាហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​មិនគួរ​ផ្អាក ឬ​រំលង​លើសពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com