កីឡាជាតិ
ជាតិ
​ព្រៃវែង​ជា​ក្រុម​ខេត្ត​ដំបូង​ដែល​ឡើងទៅ​វគ្គ​១/២​ពាន​សម្តេច ហ៊ុន សែន ហើយ​ត្រូវ​ប៉ះ​សិស្ស​ច្បង​វិសាខា​
09, Oct 2020 , 9:29 pm        
រូបភាព
ក្រុមព្រៃវែង(ឆ្វេង)និងវិសាខាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន, រូបភាពពី CNCC
ក្រុមព្រៃវែង(ឆ្វេង)និងវិសាខាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន, រូបភាពពី CNCC
ដោយ:
​ក្រុមបាល់ទាត់​បាល់​វិសាខា និង​ព្រៃវែង​បាន​ឡើងទៅ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ជាមួយ​ណាហ្គា​វើ​លដ៍​។

 
​ជ័យជម្នះ ៤-៣ ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​លើ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត វា​គ្រប់គ្រាន់​សម្រាប់​វិសាខា​ក្នុងការ​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ក្រុម​មាន​មូល​ដ្នា​ន​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ ដែល​បាន​ឡើងមក​ដល់​វគ្គ​១/២ បន្ទាប់ពី​ពួកគេ​ទទួលបាន​កៅអី​នេះ​ម្តង​កាលពី​ឆ្នាំ​២០១៩​។ 
 
​កាល​ឆ្នាំ​២០១៩ ក្រុម​ដែល​បាន​ចូលរួម​លេង​ពាន​សម្តេច ហ៊ុន សែន តាំងពី​ឆ្នាំ​២០១៨​មួយ​នេះ ត្រូវបាន​ក្រុម​បឹងកេត​ទម្លាក់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​លទ្ធផល ៤-០​។ កាលនោះ​ក្រុម​បឹងកេត​ជា​អ្នក​គ្រង​តំណែង​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ៥-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ចំណែក វិសាខា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤​។ 
 
​នា​ជំនួប​ជើង​ទី​ពីរ​ដ៏​ស្វិតស្វាញ​កាលពី​ថ្ងៃទី​៨ តុលា  នៅ​កីឡដ្ឋាន​ព្រី​នស៍ គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​បឹងកេត​លើ​ម្ចាស់ផ្ទះ​វិសាខា​បាន​កើតឡើង​ត្រឹម​៦​នាទី​ដំបូង​ក្នុង​តង់​ទី​១​។ គ្រាប់​បាល់​នេះ បាន​កើតឡើង​ក្រោយ​ការ​ស៊ុត​របស់​កីឡាករ សៀង ច​ន្ធា ហើយ​អ្នកចាំទី កែវ សុខ​សិលា ចាប់​ផ្លាត បន្ទាប់មក​កីឡាករ ស៊ិន សុ​ផា​ណាត់ បាន​ទាត់​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់ ដើម្បី​ស្តារ​ស្ថានការណ៍ តែ​ទៅ​ត្រូវ​កីឡាករ អ៊ុក សុវណ្ណ ផ្លាត​ចូល​ទី​តែម្តង​។​
 
​មុន​ចប់​តង់​ទី​១​ក្រុម​ទាំងពីរ​បាន​បង្កើត​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​ដាក់គ្នា​ទៅវិញទៅមក តែ​ធ្វើ​មិនបាន​សម្រេច​។ ឈាន​តង់​ពីរ​ការប្រកួត​ដំណើរការបាន​ពីរ​នាទី​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បានតែ​តបាល់​បញ្ចូល​ទី​បានសម្រេច ដើម្បី​តាម​ស្មើ ១-១ ឲ្យ​ម្ចាស់ផ្ទះ ក្រោយ​បាល់​ផ្លាត​ចេញពី​ខ្សែការពារ​របស់​បឹងកេត​។ ប៉ុន្តែ​៣​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ បាន​ញាក់​ខ្សែការពារ​វិសាខា ហើយ​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​បានសម្រេច ដើម្បី​បង្កើន​ការនាំ​មុខ ២-១ សាជាថ្មី​សម្រាប់​បឹងកេត​។ 
 
​ភាពសប្បាយ​រីករាយ​ស​ម្រា​ប់​អ្នកគាំទ្រ ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​របស់​បឹងកេត​កើតឡើង​មិនបាន​ប៉ុន្មាន​នាទី​ផង កីឡាករ អ៊ិន សូ​ដា​វីដ បានតែ​តបាល់​បញ្ចូល​ទី​ក្រោយ​ការលើក​របស់​កីឡាករ ឆេង ម៉េង បានសម្រេច ដើម្បី​តាម​ស្មើ ២-២ ឲ្យ​វិសាខា​នៅ​នាទី​ទី​៥៥​។ 
 
​ភាពសប្បាយ​រីករាយ​ស​ម្រា​ប់​ក្រុម​បឹងកេត​បានកើត​ឡើង​សាជាថ្មី ក្រោយ​កីឡាករ ស្លេះ ស៊េ​ន លើក​បាល់​ឲ្យ​កីឡាករ ម៉ុ​ន វ៉ាន់ដា ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ឲ្យ​បឹងកេត​នាំមុខ ៣-២ នៅ​នាទី​ទី​៧១​។ ៩​នាទី​ក្រោយមក​កីឡាករ អ៊ុក សុវណ្ណ ដែល​ធ្វើ​ឲ្យ​ចូល​ខ្លួនឯង​នៅ​តង់​ទី​១ បាន​ទាត់​បាល់ Free kick បញ្ចូល​ទី​យ៉ាង​ល្អ​ឲ្យ​វិសាខា​តាម​ស្មើ ៣-៣​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​លទ្ធផល​នេះ​តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​ជើង​ទី​១​។ ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ខ្សែប្រយុទ្ធ ម៉ាត់ នូ​រុណ ជា​អ្នកទទួលបន្ទុក​ទាត់​បា​ល់​ទី​១​សម្រាប់​បឹងកេត តែ​ជួយ​សង្គ្រោះបាន​ពី​អ្នកចាំទី កែវ សុខ​សិលា​។ ក្រោយមក​កីឡាករ កែវ សុខ​ផេង ដែល​ទទួលភារៈ​ទាត់​បាល់​ដំបូង​របស់​វិសាខា​បាន​ទាត់​បញ្ចូល​ទី​១ ដើម្បី​នាំមុខ ១-០ មុន​កីឡាករ ពុំ បារាំង ទាត់​បញ្ចូល​ទី​តាម​ស្មើ ១-១ ឲ្យ​បឹងកេត​។ បន្ទាប់មក​កីឡាករ ទៀត គឹម​ហេង បាន​ទាត់​គ្រាប់​ទី​ពីរ​បញ្ចូល​ទី​បា​នស​ម្រ​ច​ឲ្យ​វិសាខា​នាំមុខ ២-១ តែ​តាម​ស្មើ ២-២ វិញ​ដោយ​កីឡាករ សឿត ណា​វ៉ា​។ គ្រាប់​បាល់​នាំមុខ ៣-២ សម្រាប់​វិសាខា​កើតឡើង​សាជាថ្មី ដែល​សម្រេចបាន​ដោយ​កីឡាករ ទិ​ត្យ ឌី​ណា​។ 
 
​កីឡាករ សេត រ៉​ស៊ី​ប ដែលជា​អ្នកទទួល​ភារកិច្ច​ទាត់​បាល់​ពិន័យ​ទី​៤​របស់​បឹងកេត​ធ្វើបាន​សម្រេច ដើម្បី​តាម​ស្មើ ៣-៣ តែ​នាំមុខ ៤-៣ សម្រាប់​វិសាខា​បានកើត​ឡើង ដែល​ធ្វើបាន​ដោយ​កីឡាករ ច្រឹង ពលរដ្ឋ​។ ជ័យជម្នះ​សម្រាប់​វិសាខា​បានកើត​ឡើង​ក្រោយ​ខ្សែការពារ ទេស សម្បត្តិ ដែលជា​អ្នកទទួលបន្ទុក​ទាត់​បា​ល់​ចុងក្រោយ​របស់​បឹងកេត​ធ្វើ​មិនបាន​សម្រេច​។ 
 
​ដោយឡែក ក្រុម​ព្រៃវែង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ដែល​ឡើង​មកពី​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បន្ទាប់ពី​ពួកគេ​ទម្លាក់​ក្រុម​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ដើម្បី​ឡើងមក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ តាំងពី​ពានរង្វាន់​សម្តេច ហ៊ុន សែន បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​អាចឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង កីឡាករ សុខ ដារ៉ាវុធ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​ភ្ញៀវ​ទ័ព ក្រោយ​ការប្រកួត​ដំណើរការបាន​៧​នាទី​ក្នុង​តង់​ទី​១​។ ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ​ព្រៃវែង​បានកើត​ឡើង​នៅ​នាទី​ទី​២៦ ក្រោយ​កីឡាករ វុ​ធ តុលា បាល់​បាល់​ពិន័យ​១១​ម៉ែត្រ​បញ្ចូល​ទី​បានសម្រេច​។ ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ក្រុម​ព្រៃវែង​ពី​សំណាក់​អាជ្ញាកណ្តាល​នេះ បាន​កើតឡើង​ក្រោយ​កីឡាករ ខែ​ក ខេ​ម​រី​ន្ទ ធ្វើ​ឲ្យ​កីឡាករ វឿន វ៉ា ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ ក្រោយ​រូបគេ​ព្យាយាម​រារាំង​កីឡាករ​រូបនេះ​មិន​ឲ្យ​អូស​បាល់​ចូល​តំបន់​គ្រោះថ្នាក់​។ 
 
​គ្រាប់​បាល់​នាំមុខ ២-១ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​បានកើត​ឡើង​នៅ​នាទី​ទី​៣៥ ដែល​រកបាន​ដោយ​កីឡាករ គី រី​ណា តាមរយៈ​ការ​តែ​ត​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ការលើក​ពី​មិត្ត​រួម​ក្រុម​។ ប៉ុន្តែ​ក្រោយមក​នៅ​នាទី​ទី​៤៤​កីឡាករ ណា​រ៉ុង កក្កដា បា​នរក​គ្រាប់​បាល់​តាម​ស្មើ ២-២ ឲ្យ​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទ មុន​ចប់​តង់​ទី​១​។ 
 
​ការប្រកួត​តង់​ទី​២​ដំណើរការបាន​៧​នាទី កីឡាករ វឿន វ៉ា ដែលជា​អ្នកបង្កើត​ឲ្យ​មាន​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​ព្រៃវែង បា​នរក​គ្រាប់​នាំមុខ ៣-២ សាជាថ្មី​ឲ្យ​ព្រៃវែង តាមរយៈ​ការទា​ត់បាល់​បន្តក់​ពី​ចម្ងាយ​រំលង​អ្នកចាំទី ពេជ្រ តារា បញ្ចូល​ទី​យ៉ាង​ល្អ​។ បន្ទាប់មក​នៅ​កីឡាករ វុ​ធ តុលា បានសម្រេច​គ្រាប់​បាល់​ទី​៤​ឲ្យ​ម្ចាស់ផ្ទះ​ព្រៃវែង​នៅ​នាទី​ទី​៧០ មុន​កីឡាករ សុខ ដារ៉ាវុធ រក​គ្រាប់​បាល់​តាម​ពីក្រោយ ៤-៣ ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​ទី​៨៣​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​លទ្ធផល​នេះ តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​កាត់សេចក្តី ក្រោយ​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​ព្រៃវែង ១-០ នៅ​ជើង​ទី​១​។ ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​កីឡាករ ភួង សុខ​សា​ណា ដែលជា​អ្នក​ទាត់​បាល់​ដំបូង​សម្រាប់​ក្រុម​ភ្ញៀវ​ធ្វើ​មិនបាន​សម្រេច ក្រោយ​ជួយ​សង្គ្រោះបាន​ពី​អ្នកចាំទី វីរៈ ដា​រ៉ា​។ ក្រោយមក​កីឡាករ គី រី​ណា បាន​ទាត់​បាល់​ដំបូង​របស់​ព្រៃវែង​បានសម្រេច មុន​កីឡាករ អ៊ុំ កុម្ភៈ ទាត់​បាល់​ទី​ពីរ​បានសម្រេច​សម្រាប់​ក្រុម​ភ្ញៀវ​។ 
 
​សន សុវត្ថិ ដែល​ទទួលភារៈ​ទាត់​បាល់​ទី​ពីរ​របស់​ព្រៃវែង​ធ្វើបាន​សម្រេច មុន​កីឡាករ វង្ស វិចិត្រ ធ្វើបាន​សម្រេច​ដូចគ្នា​ឲ្យ​ក្រុម​ភ្ញៀវ​។ គ្រាប់​បាល់​នាំមុខ ៣-២ សម្រាប់​ម្ចាស់ផ្ទះ​ក្នុងការ​ទាត់​ប៉េ​ណា​ល់​ទី​បាន​កើតឡើង ដែល​ធ្វើបាន​ដោយ​កីឡាករ ចាន់ សា​រ៉ា​ពេជ្រ តែ​កីឡាករ រឿ​ម ចាន់​រឿន ធ្វើបាន​សម្រេច​គ្រាប់​បាល់​តាម​ស្មើ ៣-៣ ឲ្យ​ទ័ព​។ 
 
​ការខកចិត្ត​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​បាន​កើតឡើង​ក្រោយ​កីឡាករ លីន តារា​ដេ​វី​ទ្យ ដែលជា​អ្នកទទួលបន្ទុក​ទាត់​បា​ល់​ទី​៤​ទាត់​បាល់​រំលង​បង្គោល​ទី​។ ក្រោយមក​កីឡាករ កាន់ ពិសាល បាន​ទាត់​បាល់​ទី​៤​បានសម្រេច​ឲ្យ​ទ័ព​នាំមុខ ៤-៣ លើ​ម្ចាស់ផ្ទះ តែ​តាម​ស្មើ ៤-៤ ដោយ​កីឡាករ វុ​ធ តុលា​។ 
 
​ការខកចិត្ត​សម្រាប់​ក្រុម​កងយោធពល​ខេមរភូមិន្ទ​បាន​កើតឡើង​សាជាថ្មី ក្រោយ​អ្នកចាំទី វីរៈ ដា​រ៉ា ជួយសង្គ្រោះ​បាល់​បាន​ពី​ការទា​ត់របស់​កីឡាករ ជា ណា​វីន ដែលជា​អ្នក​ទទួលភារៈ​ទាត់​បាល់​ចុងក្រោយ​សម្រាប់​ក្រុម​ភ្ញៀវ​។ ក្រោយមក​កីឡាករ សរ សាមុត បាន​ទាត់​ចុងក្រោយ​បានសម្រេច ដើម្បី​នាំ​ជ័យជម្នះ ៥-៤ ជួយ​ឲ្យ​ក្រុម​ព្រៃវែង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​។ 
 
​ក្រុម​ជើងឯក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ដែល​សមាជិក​ភាគច្រើន​ជា​យុវជន​របស់​វិសាខា​មួយ​នេះ ត្រូវ​ប្រជែង​ដណ្តើម​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​វិសាខា ដែល​ទម្លាក់​ក្រុម​បឹងកេត​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០២០​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល ដែល​ទម្លាក់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ទម្លាក់​គីរីវង់​សុខ​សែន​ជ័យ​នៅ​ថ្ងៃទី​២១ តុលា​។ ការប្រកួត​ទាំងពីរ​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕    
 

Tag:
 បាល់ទាត់​
  វិសាខា​
  ព្រៃវែង​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com