ភ្នំពេញ៖ សហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តែងប្រើប្រាស់ស្លឹកចេក និងដើមឫស្សីសម្រាប់វេចខ្ចប់ និងចម្អិនអាហារសម្រាប់ឲ្យភ្ញៀវទេសចរ ដែលមកកម្សាន្តលេងនៅរមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងធានាបាននូវបរិស្ថានល្អ នៅក្នុងសហគមន៍។
មុននឹងធ្វើដំណើរ មកដល់រមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន ដែលមានជនជាតិដើមភាគតិច ជាអ្នកចម្អិនម្ហូបអាហារប្រចាំតំបន់ដោយប្រើស្លឹកចេក និងដើមឫស្សី គឺត្រូវឆ្លងកាត់វាលស្មៅពណ៌បៃតងខ្ចី និងព្រៃដ៏ស្រស់បំព្រង ក្នុងចម្ងាយ៤គីឡូម៉ែត្រ។ សហគមន៍ជនជាតិដើមភាគតិចព្នង ដែលរស់នៅក្នុងរមណីយដ្ឋានទឹកធ្លាក់នេះ មានប្រពៃណីវេចខ្ចប់អាហារ ពីស្លឹកចេក និងបំពង់ឫស្សីសម្រាប់ឲ្យភ្ញៀវទេសចរ ដែលមកកម្សាន្តលេងនៅរមណីយដ្ឋាននេះតាំងពីដូនតាមកហើយ។
ម្ហូបអាហារដែលដាក់ក្នុងបំពង់ឫស្សីសម្រាប់ឲ្យភ្ញៀវទេសចរបរិភោគ
អ្នកស្រី ណាក់ នីតា តំណាងឲ្យសហគមន៍ពូហ្យាម និងជាសមាជិកអង្គការសមាគមអភិរក្សសត្វព្រៃ នៅរមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ពេលមានភ្ញៀវទេសចរ មកកម្ម៉ង់អាហារនៅរមណីយដ្ឋានទឹកធ្លាក់នេះ សហគមន៍តែងរៀបចំបាយដោយខ្ចប់ពីស្លឹកចេក ម្ហូបចម្អិននៅក្នុងបំពង់ឫស្សី ហើយក៏ប្រើបំពង់ឫស្សី ធ្វើជាចានដាក់ម្ហូបអាហារ។
កំពុងតម្រៀបចំណីអាហារ ដែលបានវេចខ្ចប់នឹងស្លឹកចេក ដែលស្ងោរហើយ និងចម្អិនម្ហូបនឹងបំពង់ឫស្សីរួចជាស្រេច នៅលើតុវែងមួយសម្រាប់ឲ្យភ្ញៀវទេសចរ អ្នកស្រី ណាក់ នីតា បានបញ្ជាក់ថា មូលហេតុដែលសហគមន៍ ប្រើប្រាស់ស្លឹកចេក និងបំពង់ឫស្សីសម្រាប់ខ្ចប់អាហារ និងចម្អិនអាហារ ដោយយល់ថាវិធីនោះ គឺផ្តល់ភាពងាយស្រួលដល់ចុងភៅ អាហារមានរសជាតិឈ្ងុយ ចូលរួមកាត់បន្ថយសំរាមប្លាស្ទិក បរិស្ថានស្អាត និងជួយទាក់ទាញភ្ញៀវទេសចរផងដែរ។
អ្នកស្រី ណាក់ នីតា បានរៀបរាប់ដូច្នេះថា៖«ការប្រើប្រាស់ស្លឹកចេក និងដើមឫស្សី វាជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បើយើងប្រើប្លាស្ទិក វាប៉ះពាល់ដល់បរិស្ថាន ដោយសារប្លាស្ទិកវាមិនងាយរលាយទេ។ យើងស្រួលប្រមូលសំរាមទៀត។ ប៉ុន្តែបើប្រើស្លឹកចេកអ៊ីចឹង វាឆាប់រលាយ។ ពេលវារលាយ យើងអាចយកវាធ្វើជាជីបានទៀត។ ម្យ៉ាងទៀតក៏ជួយទាក់ទាញភ្ញៀវទេសចរផងដែរ ពីព្រោះសព្វថ្ងៃ ភ្ញៀវគឺត្រូវការកន្លែងណា ដែលមានសោភ័ណភាពល្អ អនាម័យ និងរៀបចំបរិស្ថានល្អ។ បើយើងប្រើប្លាស្ទិក ធ្វើឲ្យមានសំរាមជុំវិញហ្នឹង អ៊ីចឹងភ្ញៀវអត់ចូលចិត្ត មកលេងទេ»។
បាយដែលខ្ចប់ពីស្លឹកចេក និងចងដោយខ្សែឫស្សី
អាហារប្រចាំតំបន់សហគមន៍ជនជាតិដើមភាគតិចពូហ្យាម ដែលភ្ញៀវនិយមបរិភាគនោះ គឺសម្លប្រូង។ អ្នកស្រី ណាក់ នីតា បានរៀបរាប់ពីការចម្អិនអាហារ ដោយប្រើដើមឫស្សីជំនួសឲ្យការប្រើឆ្នាំងនេះដូច្នេះថា៖«ការចម្អិនអាហារដោយបំពង់ឫស្សី គឺរាងយូរជាងចម្អិនដោយឆ្នាំង។ បើចម្អិនដោយឆ្នាំង យើងដាក់ទឹកច្រើន។ តែបើយើងចម្អិនដោយឫស្សី យើងដាក់ទឹកតិចបំផុត ដោយវាចេញទឹកពីបំពង់ឫស្សី ហើយបន្លែសម្លប្រូង ក៏មានចេញជាតិទឹកដែរ។ បំពង់ឫស្សី យើងស្លទៅវាឈ្ងុយក្លិនពីឫស្សី។ សម្លប្រូងហ្នឹង បើយើងស្លនៅនឹងឆ្នាំង គឺវាអត់ឆ្ងាញ់ទេ។ អាហារដែលចម្អិនដោយឫស្សី គឺយើងអាចទុកបានដល់១ថ្ងៃ»។
តាមរយៈការរៀបចំវេចខ្ចប់អាហារ ពីស្លឹកចេក និងចម្អិនអាហារនឹងដើមឫស្សី សហគមន៍ជនជាតិដើមភាគតិចព្នង ត្រូវបានទទួលការសរសើរ និងលើកទឹកចិត្តពីភ្ញៀវទេសចរ ដែលមកទស្សនាទឹកធ្លាក់មិនដាច់ពីមាត់ឡើយ។ អ្នកស្រី នីតាបានរៀបរាប់ដូច្នេះថា៖«ភ្ញៀវថាសហគមន៍យើងចេះរៀបចំបានល្អទាំងការវេចខ្ចប់ និងទាំងបរិស្ថានល្អ»។
ទឹកធ្លាក់លែងអង លែងឃិន នៅខេត្តមណ្ឌលគិរី
បើតាមអ្នកស្រី នីតា នៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង អាចមានធនធានស្លឹកចេក និងដើមឫស្សីគ្រប់គ្រាន់ សម្រាប់ដាក់អាហារ និងវេចខ្ចប់ឲ្យភ្ញៀវទេសចរ ដែលមកកម្សាន្តលេង ពីព្រោះសហគមន៍តែងតែគិតគូរ ដាំជាបន្តបន្ទាប់។ អ្នកស្រី នីតាបានរៀបរាប់ដូច្នេះថា៖«សម្រាប់តំបន់នេះ គឺមានដើមឫស្សីច្រើន មើលតែដើមឫស្សីណារាងចាស់ គឺយើងកាត់ ហើយ ដើមណារាងខ្ចី គឺយើងទុកឲ្យវាលូតលាស់ទៀត។ ដើម្បីឲ្យគ្រប់គ្រាន់ សម្រាប់វេចខ្ចប់។ សហគមន៍របស់ខ្ញុំ នឹងជំរុញឲ្យមានការដាំឫស្សីជាបន្តទៀត»។
ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តលេងនៅទីរមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន សហគមន៍ជនជាតិដើមភាគតិចព្នង នឹងបង្ហាញពីប្រពៃណីទំនៀមទម្លាប់ ដោយផ្សារភ្ជាប់បរិស្ថានល្អ អនាម័យជូនដល់ភ្ញៀវទេសចរ និងរក្សាធនធានធម្មជាតិ៕
អ្នកស្រី ណាក់ នីតា តំណាងឲ្យសហគមន៍ពូហ្យាម និងជាសមាជិកអង្គការសមាគមអភិរក្សសត្វព្រៃ នៅរមណីយដ្ឋានទឹកធ្លាក់លែងអង លែងឃិន
ម្ហូបអាហារដែលវេចខ្ចប់នឹងស្លឹកចេក និងដើមឫស្សីរបស់សហគមន៍ជនជាតិដើមភាគតិចព្នង
សម្លប្រូងដែលជាឈ្មោះសម្លជនជាតិដើមភាគតិចព្នងនៅតំបន់ទឹកធ្លាក់លែងអង លែងឃិន ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចំអិននឹងដើមឫស្សី
ដើមឫស្សីដែលសហគមន៍ជនជាតិដើមភាគតិចព្នងយកទៅប្រើប្រាស់ជារបស់សម្រាប់ចំអិនអាហារ
ទី៣ ទឹកធ្លាក់លែងអង លែងឃិន នៅខេត្តមណ្ឌលគិរី