ជាតិ
សេដ្ឋកិច្ច
លោក ស៊ាន សុ​រ្យ​ផល្លា «​បណ្តុះ​ផ្សិត​» ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់
10, Oct 2020 , 12:59 pm        
រូបភាព
លោក ស៊ាន សុ​រ្យ​ផល្លា ម្ចាស់​កសិដ្ឋាន​បណ្តុះ​ផ្សិត Sangha Agriculture កំពុងស្ថិត​នៅក្នុង​បន្ទប់​ត្រជាក់​បណ្តុះ​ផ្សិត នៅ​រាជធានី​ភ្នំពេញ​។
លោក ស៊ាន សុ​រ្យ​ផល្លា ម្ចាស់​កសិដ្ឋាន​បណ្តុះ​ផ្សិត Sangha Agriculture កំពុងស្ថិត​នៅក្នុង​បន្ទប់​ត្រជាក់​បណ្តុះ​ផ្សិត នៅ​រាជធានី​ភ្នំពេញ​។
ភ្នំពេញ​៖​លោក ស៊ាន សុ​រ្យ​ផល្លា បាន​បណ្តុះ​ផ្សិត​លក់ ដោយ​ប្រើ​ប្រព័ន្ធ​ចំហាយ​ទឹក នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់   ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព នៃ​ការលូតលាស់​របស់​ផ្សិត​ឱ្យបាន​ល្អ និង​មាន​គុណភាព​។ ម្ចាស់​កសិដ្ឋាន​បណ្តុះ​ផ្សិត Sangha Agriculture នៅ​រាជធានី​ភ្នំពេញ​រូបនេះ បាន​អះអាងថា ផ្សិត​ដែល​បណ្តុះ​នៅក្នុង​បន្ទប់ ម៉ាស៊ីនត្រជាក់​នេះ បាន​ទិន្នផល​ល្អ មាន​សុវត្ថិភាព​ខ្ពស់ ដល់​អ្នក​ទទួលទាន និង​មាន​រសជាតិ​ឆ្ងាញ់​។

 
​សូម​អញ្ជើញលោក​-​អ្នកអាន​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាននៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស៊ាន សុ​រ្យ​ផល្លា Sangha Agriculture ខាងក្រោម​ដូចតទៅ​៖ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ ការបណ្តុះ​ផ្សិត​បែប​ទំនើប នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​នេះ តើ​អនុវត្ត​ដូចម្តេច​?
លោក ស៊ាន សុ​រ្យ​ផល្លា​៖ ការបណ្តុះ​ផ្សិត​នេះ មាន​៥០​ភាគរយ​គឺ​បណ្តុះ​បែប​បុរាណ ដែល​ប្រជាកសិករ ជាទូទៅ​តែងតែ​អនុវត្ត​ដោយ​ប្រមូល​កាកសំណល់​កសិកម្ម ដូចជា​ចំបើង កម្ទេច​អាចម៍រណារ​ជាដើម​នោះ យកមក​សម្អាត បន្ទាប់មក​យើង​ដាក់​មេ​ផ្សិត​ដើម្បី​បន្ទំ​។ ដោយឡែក លក្ខណៈ​៥០​ភាគរយ​ទៀត ដែលជា​ចំណុច​ខុសប្លែក ពី​ការបណ្តុះ​ផ្សិត​របស់​ប្រជាកសិករ​ទូទៅ​នោះ គឺ​យើង​បន្ទំ​ផ្សិត​នៅក្នុង​ធុង​តូចៗ ល្មម​ដែលមាន​រន្ធ​នៅ​ជុំវិញ​។ បន្ទាប់ពី​មេ​ផ្សិត​ដុះ​ពេញ​ធុង​ហើយ យើង​យក​ធុង​នោះ ដាក់​លើ​រោង​ផ្សិត​ជា​ជួរៗ នៅក្នុង​បន្ទប់​ត្រជាក់​បិទ​ជិត​មួយ គ្មាន​ពន្លឺ​ចេញ​-​ចូល​។ នៅក្នុង​បន្ទប់​ត្រជាក់ ដើម្បី​បណ្តុះ​ផ្សិត​នេះ គឺមាន​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ជា​ចម្បង ដើម្បី​រក្សា​សីតុណ្ហភាព​ចន្លោះ​ពី​២៥-២៦​អង្សា​សេ​ថេរ បន្ទាប់មក​គឺ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ចំហាយ​ទឹក សម្រាប់​ស្រោចស្រព​ផ្សិត​ទាំងនោះ ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​។​


 
​កញ្ញា អ៊ូ សុខ​មាន​៖ ផ្សិត​ដែល​បណ្តុះ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​នេះ តើ​ចំណាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទើប​ទទួលបាន​ទិន្នផល​? ហើយ​ផ្សិត​ក្នុង​មួយៗ​ធុង អាច​ផ្តល់​ទិន្នផល​បាន​ប៉ុន្មាន​? 
 
លោក ស៊ាន សុ​រ្យ​ផល្លា​៖ រយៈពេល​នៃ​ការបណ្តុះ​ផ្សិត គឺ​អាស្រ័យទៅលើ​ប្រភេទ​ពូជ​នីមួយៗ​។ ជាក់ស្តែង​ប្រភេទ​ពូជ​អយ​ស្ទ័​រ​(​ពណ៌​ស ពណ៌​លឿង ពណ៌​មាស​)​ដែល​យើង​កំពុង​អនុវត្ត​សព្វថ្ងៃនេះ គឺ​ក្រោយពី​យើង​បានដាក់​មេ​ផ្សិត​បន្ទំ​ក្នុង​ធុង​នីមួយៗ អស់​រយៈពេល​៤ ទៅ​៥​សប្តាហ៍​ហើយ​នោះ យើង​ក៏​យក​ធុង​ផ្សិត​ទាំងនោះ មក​ដាក់​លើ​រោង​ផ្សិត​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ដើម្បី​ថែទាំ ដែល​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។ ក្នុង​រយៈពេល​១​ទៅ​២​សប្តាហ៍ គឺអាច​ប្រមូល​ផល​បានជា​បណ្តើរៗ​ហើយ​។ ក្នុងការ​បណ្តុះ​ផ្សិត​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​នេះ គឺ​យើង​មិន​ចំណាយពេល​ថែទាំ ហើយ​អាច​ប្រមូល​ផល​ផ្សិត​ដែល​ថ្មី​ស្រស់ មាន​សុវត្ថិភាព មាន​រសជាតិ​ឆ្ងាញ់​ជាប្រចាំ បាន​រហូតដល់​៣-៤​ខែ​។ ផ្សិត​ក្នុង​មួយ​ធុងៗ អាច​ផ្តល់​ទិន្នផល ចន្លោះ​ពី​១៨ ទៅ​២២​គីឡូក្រាម​។​
 
​កញ្ញា អ៊ូ សុខ​មាន​៖ តាម​ខ្ញុំ​ដឹង កសិដ្ឋាន​បណ្តុះ​ផ្សិត​ទំនើប ដែល​ប្រើ​នូវ​ប្រព័ន្ធ​ចំហាយ​ទឹក​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​របស់លោក​ស៊ាន សុ​រ្យ​ផល្លា​នេះ គឺ​ទើបតែ​បាន​ដំណើរ​ការប្រមាណ​ជា​៣​ខែ​ប៉ុណ្ណោះ​។ តើ​ការបណ្តុះ​ផ្សិត​បែបនេះ ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ​ដែរ​? 


 
លោក ស៊ាន សុ​រ្យ​ផល្លា​៖ ហានិភ័យ​ដ៏​ធំ សម្រាប់​ការបណ្តុះ​ផ្សិត​ទំនើប​នេះ គឺ​បញ្ហា​ចរន្តអគ្គិសនី​។ ក្នុង​បន្ទប់​បណ្តុះ​ផ្សិត​ទំនើប​នេះ បានរៀបចំ​ឡើង​ដោយ​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ទាំង​ប្រព័ន្ធ​ចំហាយ​ទឹក ទាំង​ម៉ាស៊ីនត្រជាក់​ជាដើម ដែល​ដំណើរការ​ទាំងស្រុង ដោយ​ចរន្តអគ្គិសនី​។ ដូច្នេះ ប្រសិនបើ​ចរន្តអគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​បន្ទប់​ត្រជាក់​នេះ​បាន​ដាច់  នោះ​ផ្សិត​របស់​យើង​នឹង​ខូច​។ ខូច​តិច ឬ​ច្រើន វា​អាស្រ័យ​រយៈពេល នៃ​ការ​ដាច់​ចរន្តអគ្គិសនី​។ ជាទូទៅ ប្រសិនបើ​អគ្គិសនី​ដាច់​ត្រឹម​២ ទៅ​៣​ម៉ោង​ទេ ផ្សិត​បណ្តុះ​ក្នុង​បន្ទប់​ត្រជាក់​នោះ គឺ​គ្មាន​បញ្ហា​ទេ​។ 
 
កញ្ញា អ៊ូ សុខ​មាន​៖ បច្ចុប្បន្ន តើ​លោក​ផ្តោត​អតិថិជន ឬ​ទីផ្សារ​ប្រភេទ​ណា ហើយ​ក្នុង​មួយថ្ងៃ អាច​ផ្គត់ផ្គង់​ផ្សិត បាន​ប៉ុន្មាន​គីឡូក្រាម​? 
 



លោក ស៊ាន សុ​រ្យ​ផល្លា​៖ សព្វថ្ងៃនេះ ផ្សិត​របស់ខ្ញុំ កំពុង​ដើរ​លើ​ទីផ្សារ​អន​ឡាញ​(Online)​បាន​យ៉ាង​ល្អ ដោយ​ផ្សិត​នេះ មិនទាន់​ចូល​លក់​ក្នុង​ទីផ្សារ​ទំនើប និង​ទូទៅ​ឡើយ ដោយសារ​ការ​ផ្គត់​ផ្គត់​ផ្សិត​របស់​យើង​នៅមាន​ទំហំ​តូច​នៅឡើយ​។ ក្នុង​មួយថ្ងៃ កសិដ្ឋាន​បណ្តុះ​ផ្សិត​ទំនើប​របស់ខ្ញុំ អាច​ផ្គត់ផ្គង់​ទីផ្សារ​អន​ឡាញ បាន​ត្រឹម​១៥ ទៅ​២០​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​មាន​អតិថិជន​ជាច្រើន កំពុង​រង់ចាំ​បញ្ជា​ទិញ​។  បច្ចុប្បន្ន​យើង​កំពុង​រៀបចំ​ដំឡើង​រោង ឬ​បន្ទប់​ត្រជាក់ សម្រាប់​បណ្តុះ​ផ្សិត​នេះ​ចំនួន​១៥ ទីតាំង​ផ្សេងៗ​គ្នា​ទៀត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​តម្រូវការ​អតិថិជន​។ ទីតាំង​ដំបូង ដែល​អាច​ដំណើរការ​បណ្តុះ​ផ្សិត​ទំនើប​នេះ គឺ​នៅ​ម្តុំ​ផ្សារ​ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ ដោយ​អាច​ផ្គត់ផ្គង់​ផ្សិត ដែល​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី​នេះ បាន​រហូត​៥០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​៕



Tag:
 ផ្សិត​
  បច្ចេកវិទ្យា​
  លោក ស៊ាន សុ​រ្យ​ផល្លា​
© រក្សាសិទ្ធិដោយ thmeythmey.com