អន្តរជាតិ
តើ​អ្វី​ទៅជា​«​ភ្លៀងអាស៊ីត​»?
28, Aug 2022 , 10:00 am        
រូបភាព
​នៅពេលដែល​ការបំពុល​បរិស្ថាន ជាពិសេស​បរិយាកាស​កំ​ពុង​តែមាន​ភាពអាក្រក់​ទៅៗ​ជាប្រចាំ សារធាតុពុល​ដែលមាន​នៅក្នុង​ខ្យល់​ក៏​កំពុងតែ​បង្ក​ឲ្យ​មាន​ផល​លំបាក​ជាច្រើន​ផងដែរ​។ ក្នុងនោះ​«​ភ្លៀងអាស៊ីត​»​គឺជា​បញ្ហា​មួយ​ដែល​អ្នក​គួរ​បារម្ភ និង​មិនគួរ​មើលរំលង​ឡើយ​។ ខាងក្រោម​នេះ​គឺជា​ចំណេះដឹង​មួយចំនួន​ដែល​លោកអ្នក​អាន​គួរ​យល់ដឹង និង​បង្ការ​។

 
​គេហទំព័រ​របស់​ស្ថាប័ន​ការពារ​បរិស្ថាន​នៃ​សហរដ្ឋអាមេរិក​មួយ​ក្រោម​ឈ្មោះថា epa.gov បានធ្វើការ​ពន្យល់ថា ភ្លៀងអាស៊ីត​គឺជា​បាតុភូត​អាកាសធាតុ​ទាំងឡាយណា​ដែលមាន​កម្រិត​សារធាតុ​អាស៊ីត​នៅ​ជាមួយ​។ ក្នុងនោះ​បាតុភូត​អាកាសធាតុ​អាចមាន​ដូចជា​ទឹកភ្លៀង ព្រិល​ទឹកកក ចំហាយ​ទឹក ឬ​ផង់​ធូលី​ជាដើម​។ ភ្លៀងអាស៊ីត​កើតឡើង​នៅពេលដែល​សារធាតុ​គីមី​មានដូចជា ស៊ុ​ល​ផួ​ឌីអុកស៊ីត និង អាសូតអុកស៊ីត ត្រូវបាន​បញ្ចេញ​ទៅកាន់​បរិយាកាស ហើយ​មានប្រតិកម្ម​ជាមួយនឹង​សារធាតុ​ដទៃទៀត​នៅក្នុង​ខ្យល់​ដូចជា​តំណក់ទឹក ឬ​អុកស៊ីសែន​ជាដើម​។​
 
​ក្រោយពី​ប្រតិកម្ម វា​នឹង​បំ​លែង​ក្លាយជា​សារធាតុ ស៊ុ​ល​ផួ​រិច និង នី​ទ្រី​ច​អាស៊ីត​។ សារធាតុពុល​ទាំងនោះ​ភាគច្រើន​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈផូស៊ីល នៅតាម​រោងចក្រ​ផលិត​អគ្គីសនី នៅតាម​រោងចក្រ​ចំរាញ់​ប្រេងកាត រោងចក្រ​ឧស្សាហកម្ម ឬ​ចេញពី​យានយន្ត​ជាដើម​។ នៅពេលដែល​ទឹកភ្លៀង​អាស៊ីត​ធ្លាក់​ចុះមក​លើដី ឬ​ចូលទៅក្នុង​ប្រភពទឹក សារធាតុ​អាស៊ីត​ទាំងនោះ​នឹង​ទៅ​បង្ក​ឲ្យ​មាន​ភាពមិនប្រក្រតី​ទៅកាន់​សមាស​ធាតុទឹក ធ្វើ​ឲ្យ​ក​ម្រិ​ក pH ធ្លាក់ចុះ និង​អាច​បង្ក​ឲ្យ​មាន​ភាពលំបាក​សម្រាប់​ស​ត្វ​ដែល​រស់នៅក្នុង​ប្រភពទឹក​ទាំងនោះ​។ 
 
​ជាទូទៅ ទឹកភ្លៀង​ធម្មតា​មាន​កម្រិត pH ប្រមាណ​តែ 5.6 តែប៉ុណ្ណោះ​។ ចំពោះ​ភ្លៀងអាស៊ីត​វិញ កម្រិត pH ធ្លាក់ចុះ​ទៅដល់​ចន្លោះ 4.2 ឬ 4.4 ។ តម្លៃ​លេខ​កាន់តែ​ទាប កម្រិត​អាស៊ីត​កើនឡើង​កាន់តែខ្លាំង​។ ចំពោះ​រុក្ខជាតិ​វិញ ភ្លៀងអាស៊ីត​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅកាន់​ស្លឹក និង​ធ្វើ​ឲ្យ​ដំណើរ​រស្មី​សំយោគ​ប្រព្រឹត្តទៅ​មិនបាន​ល្អ​។ ភ្លៀងអាស៊ីត ក៏​អាចធ្វើ​ឲ្យ​ផ្ទះសំបែង ឬ​សំណង់​មួយចំនួន​ងាយ​ពុកផុយ និង​ខូចខាត​ផងដែរ​។ 
 
​ដើម្បី​កាត់បន្ថយ​បញ្ហា​ទាំងនេះ ពលរដ្ឋ​ម្នាក់ៗ​គួរប្រើ​ប្រាស់​ថាមពល​ជាមួយនឹង​អារម្មណ៍​នៃ​ការ​សន្សំសំចៃ ដូចជា​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម កុំ​ប្រើប្រាស់​រថយន្ត​ធំៗ​ដែល​បញ្ចេញ​ផ្សែង​ច្រើន ប្រើ​ទោច​ក្រ​ក្រ​យាន ឬ​បិទ​ភ្លើង និង​ម៉ាស៊ីនត្រជាក់​នៅពេលដែល​មិនចាំបាច់​។ ទាំងអស់នេះ​គឺជា​សកម្មភាព​ដែល​ចូលរួម​ក្នុង​ការរក្សា​បរិស្ថាន សម្រាប់​អ្នកដទៃ​ដែល​រស់នៅ​ជាមួយ និង​អ្នកជំនាន់ក្រោយៗ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com