ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះ​ប្រមូល​ទឹកបាន​ច្រើនតែ​អាជ្ញាធរ​ស្នើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ប្រើប្រាស់​ដោយ​សន្សំសំចៃ​
10, Oct 2020 , 9:39 pm        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប​ក៏ដូចជា​តំបន់​ដទៃទៀត​ក្នុងប្រទេស​កម្ពុជា​ដែរ មាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់ ពិសេស​អំឡុង​ពាក់កណ្ដាល​ខែកញ្ញា​មក ដោយសារ​រង​ឥទ្ធិពល​នៃ​ព្យុះ ដែល​បណ្ដាលឱ្យ​ស្ទឹង បឹង ស្រះ និង​ទីវាល​ទំនាប​នានា មាន​ទឹកជា​អតិបរិមា​។ ចំណែក​នៅ​តំបន់​អង្គរ​វិញ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រមូល​ទឹក​យកទៅ​រក្សាទុក​នៅតាម​ក​សិន្ធុ និង​បារាយណ៍​នានា សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​កិច្ចការ​អភិរក្ស ក៏ដូចជា​សម្រាប់​ចែកចាយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នា​រដូវប្រាំង​ខាងមុខនេះ​។ ដ្បិតថា បច្ចុប្បន្ន​ក្នុង​តំបន់​អង្គរ​មាន​បរិមាណ​ទឹកជា​អតិបរិមា​ក៏ពិតមែន តែ​អាជ្ញាធរ​នៅតែ​ទ​ទួ​ច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​សន្សំសំចៃ ជៀសវាង​ការខ្វះខាត​នា​រដូវប្រាំង​ខាងមុខ​។​

 
ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

 
 
​ការងារ​គ្រប់គ្រង​ទឹក ជា​កិច្ចការ​ស្នួល​ទី​២​បន្ទាប់ពី​កិច្ចការ​អភិរក្ស​ប្រាសាទ ដែលមាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលបន្ទុក​លើ​កិច្ចការ​ទាំងនេះ​។ ទឹក ត្រូវបាន​ចាត់ទុកថា មាន​សារសំខាន់​ខ្លាំង​ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទ ព្រោះថា វា​រួមចំណែក​ជួយ​ទប់​លំនឹង​នៃ​គ្រឹះ​ប្រាសាទ​ដែល​សង់​នៅលើ​ដីល្បាយខ្សាច់​។ ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួមចំណែក​ទាំង​ទៅលើ​កិច្ចការ​អភិរក្ស​ប្រាសាទ និង​ប្រយោជន៍​សម្រាប់​ផលដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​។​
 
​ខ្ញុំ​បាន​នៅ​ដល់​ទ្វារ​ទឹក​នៃ​ក​សិន្ធុ​ក្រុង​អង្គរធំ ដែល​នៅ​ទីនោះ​មាន លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបរាប់​ពី​ការងារ​ទូទៅ​នៃ​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ទឹក សម្រាប់​ប្រើប្រាស់​ទូទៅ​។ លោក​ប្រាប់ថា មកដល់ពេលនេះ ទឹក​ដែល​ប្រមូលបាន គឺ​សឹង​ដល់​កម្រិត​អតិបរិមា​ហើយ តែ​អាជ្ញាធរ​ជាតិ​អប្សរា មិនទាន់​បញ្ចូល​ពេញ​ទាំងស្រុង​ទេ ដោយ​ទុក​សម្រាប់​ទទួល​ទឹកភ្លៀង​ដែល​អាច​នៅមាន​បន្ថែមទៀត នា​ចុងរដូវ​វស្សា​នេះ​។ លោក​បន្ថែមថា ទឹក​ទាំងអស់​ត្រូវបាន​ប្រមូល​ទុក​នៅក្នុង​បារាយណ៍​ខាងជើង បារាយណ៍​ខាងលិច ក​សិន្ធុ​ក្រុង​អង្គរធំ និង​ក​សិន្ធុ​អង្គរវត្ត​ជាដើម មុននឹង​ចែកចាយ​បន្ត​ឬ​ទម្លាក់​ទៅតាម​ស្ទឹង​មួយចំនួន​មាន​ស្ទឹង​ពួក និង​ប្រឡាយ​អូរ​ខ្លូត ជាដើម​។​


 
 
​ចាប់ពី​ឆ្នាំ​២០១២​មក និយាយ​ជារួម​ក្រោយ​មានការ​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ក្នុង​តំបន់​អង្គរ គឺ​ពុំ​ធ្លាប់មាន​ជំនន់​ទឹកភ្លៀង​លិចលង់​តំបន់​ប្រាសាទ និង​ក្រុង​សៀមរាប​ទៀត​នោះទេ​។ ទាំងនេះ គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​គ្រប់គ្រង​ទឹក ដែល​ប្រឹង​កកាយ​រក​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ និង​ស្ដារឡើងវិញ​ប្រហែល​៩០​ភាគរយ​។ ការស្ដារ​ឡើងវិញ​នេះ អនុញ្ញាតឱ្យ​មានការ​ប​ង្វែ​រ​ទឹក​ទម្លាក់​ទៅ​បឹង​ទន្លេ​សាបាន​យ៉ាង​ងាយ ដែល​បញ្ជៀ​ស​នូវ​ជំនន់​ទឹកភ្លៀង​។ 
 
 
​ជាមួយគ្នានេះដែរ បើតាម​ការបញ្ជាក់​ពី​មន្ត្រី​គ្រប់គ្រង​ទឹក បរិមាណ​ទឹក​នៅ​ឆ្នាំនេះ មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន ហើយ​មានការ​រំពឹងថា ក្នុង​រដូវប្រាំង​ឆ្នាំនេះ​ទឹក​មិនមាន​ការខ្វះខាត​នោះទេ​។ ទោះជា​យ៉ាងណា អ្នកជំនាញ​ទឹក​ស្នើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​អង្គរ ប្រើប្រាស់​ដោយ​ការ​សន្សំសំចៃ ព្រោះ​តំបន់​ទឹក​មួយចំនួន​ដូចជា​នៅ​បារាយណ៍​ខាងលិច ក្រៅពី​ប្រើប្រាស់​សម្រាប់​កិច្ចការ​អភិរក្ស និង​ស្រោចស្រព​ដំណាំ​កសិករ​ហើយ​នោះ ក៏​ប្រើ​ដើម្បី​ផលិត​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។  លោក សុ​ឃីម បន្ត​៖« ពីមុន យើង​បញ្ចូល​ក្នុង​បារាយណ៍​សម្រាប់តែ​ស្រោចស្រព​ទេ តែ​ឥឡូវ​យើង​ត្រូវការ​ទឹក​មួយផ្នែក​ដើម្បី​បញ្ជូន (​ផលិត​ទឹកស្អាត​) ទៅ​ក្រុង​»​។​
 
 
​លោក ភឿន សុ​ឃីម ពន្យល់​បន្ថែមទៀត​លើ​ករណី​ការប្រើប្រាស់​ទឹក​ក្នុង​តំបន់​អង្គរ​យ៉ាង​ដូច្នេះ​ថា​៖​​«​អាកាសធាតុ​លើ​ពិភពលោក​កាន់តែ​ប្រែប្រួល ទឹក​សំខាន់​ក្នុង​តំបន់​អង្គរ​ទាំង​ការអភិរក្ស​ប្រាសាទ បរិស្ថាន ព្រៃឈើ អ៊ីចឹង​ទោះ​យើង​ខិតខំ​ប្រមូល​ទឹក​យ៉ាងណា តែ​យើង​សង្ឃឹមថា​រដូវប្រាំង​ឆ្នាំនេះ សុំឱ្យ​ពលរដ្ឋ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក ដើម្បី​ប្រើប្រាស់​ឱ្យបាន​គ្រប់​មធ្យោបាយ​...»៕
 
 

Tag:
 ទឹក​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com