ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ល្អ​និង​អាក្រក់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​អ្វីខ្លះ​?
11, Oct 2020 , 8:59 pm        
រូបភាព
​របប​អាហារ​សុខភាព​ល្អ គឺ​ចាំបាច់​ណាស់​សម្រាប់​គ្រប់គ្នា​។ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ថែម​មួយកម្រិត​ទៀត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ របប​អាហារ​ល្អ​មួយ​អាចជួយ​គ្រប់គ្រង​ទម្ងន់​និង​ជាតិ​ស្ករ​បាន​យ៉ាង​ប្រសើរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ល្អ​និង​អាក្រក់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ៖

 
​អាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
១. ទំពាំង​បារាំង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហៅថា glutathione ដែល​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​។​
 
២. អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​ស​សៃ​
 
​ជាតិ​ស​សៃ គឺ​សំខាន់បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ វា​ជួយ​ពន្យឺត​បរិមាណ​នៃ​ជាតិ​ស្ករ​ដែល​ត្រូវ​បញ្ចេញ​ទៅក្នុង​ឈាម​ដែល​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​ស្ថេរភាព​។​
 
៣. ត្រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។​
 
៤. បាយ​អង្ករសម្រូប​
 
​ជាតិ​ស​សៃ​ក្នុង​បាយ​អង្ករសម្រូប​ជួយ​ពន្យឺត​និង​គ្រប់គ្រង​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម្យ៉ាងវិញទៀត​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ខ្ពស់​នៃ​បាយ​អង្ករសម្រូប​ក៏​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ធ្វើឱ្យ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​កាន់តែ​ប្រសើរឡើង​ផងដែរ​។​
 
៥. បន្លែ​ប្រភេទ cruciferous
 
​រួមមាន​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ស្ពៃក្ដោប និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​ក្រៅពី​មាន​ផ្ទុក​សមាសធាតុ sulfur ឬ glucosinolates ខ្ពស់​ដែល​អាច​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន A វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។​
 
៦. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​គ្រប់គ្រង ឬ​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​គុណភាព​ខ្ពស់​និង​កាបូ​អ៊ី​ដ្រា​ត​ទាប​។​
 
៧. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins,  polysaccharides និង epigallocatechin gallete ដែល​ជួយ​បញ្ចុះ ក៏ដូចជា​គ្រប់គ្រង​ការ​ស្រូបយក​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​ដល់​ទៅ ៤២​ភាគរយ​។​
 
៨. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​ដែល​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ លើសពីនេះទៅទៀត ប៉ោម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​, វីតាមីន C រួមទាំង​សារធាតុ polyphenols ដែល​ជួយ​ពន្យឺត​ការរំលាយ និង​ស្រូប​យកជាតិ​ស្ករ​ផងដែរ​។ ដូច្នេះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ កុំ​ចិត​សំបក​ប៉ោម​ចេញ គ្រាន់តែ​លាង​ឱ្យ​ស្អាត​ទៅបាន​ហើយ ក៏​ព្រោះ​សំបក​ជា​ផ្នែក​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សំខាន់ៗ​ច្រើន​បំផុត​។​
 
៩. ផ្លែ​ស្រកានាគ​
 
​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អស្ចារ្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​
 
១០. ក្រូច​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ flavanones, flavonols និង​អាស៊ីត phenolic ដ៏​មាន​ឥទ្ធិពល​ជួយ​ក្នុងការ​ទប់ស្កាត់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ក្រូច​មិន​ត្រឹមតែ​ពន្យឺត​ការរំលាយ​ជាតិ​ស្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ការដឹកជញ្ជូន​គ្លុយកូស​តាមរយៈ​ថ្លើម និង​ពោះវៀន​ផងដែរ​។​
 
១១. យ៉ា​អួរ​
 
​ជាពិសេស​យ៉ា​អួរ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​បន្ថែម គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​កាបូ​អ៊ី​ដ្រា​ត​គុណភាព​ខ្ពស់​។ វា​ជួយ​ទប់ស្កាត់​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ អាហារ​នេះ​ក៏មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ផងដែរ​។​
 
១២. បន្លែ​បៃតង​
 
​បន្លែ​បៃតង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​! នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​កំណត់​កម្រិត​នៃ​ជាតិ​ស្ករ​ដែល​បញ្ចេញ​ទៅក្នុង​ចរន្តឈាម​។ ដូច្នេះ​វា​មានន័យថា ការទទួល​ទាន​បន្លែ​បៃតង​ជួយ​ទប់ស្កាត់​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។​
 
​អាហារ​ដែល​អ្នកជំងឺ​នោម​ផ្អែម ឬ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​គួរ​ចៀសវាង​
១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត 
 
​ការកាត់បន្ថយ​ការទទួល​ទាន​អាហារ​សម្បូរ​ដោយ​កាបូ​អ៊ី​ដ្រា​ត​ជា​គន្លឹះ​ចម្បង​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ បរិមាណ​នៃ​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក​ធ្វើឱ្យ​កោសិកា​ធន់​នឹង​អាំង​ស៊ុយ​លីន​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​តែម្ដង​ឡើយ​ក៏​ព្រោះ​រាងកាយ​នូវ​ត្រូវការ​វា​! អ្វីដែល​សំខាន់ គឺ​ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​។​
 
២. អាហារ​ចៀន​បំពង 
 
​អាហារ​ចៀន ឬ​បំពង​ភាគច្រើន គឺមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​វិធី​ចម្អិន​ផ្សេងទៀត​ដូចជា​ស្ងោ អាំង ឬ​ចំហុយ​ជំនួស​វិញ​។ ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​អាហារ​ចៀន ឬ​បំពង​មិនបាន​ចូរ​ជ្រើសរើស​ប្រើប្រាស់​ខ្លាញ់​ល្អ​ដូចជា​ប្រេង​អូ​លីវ​។​
 
៣. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៤. បា​យស​
 
​បា​យស​ធ្វើ​ឳ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​ដោយសារ​វា​មាន​ផ្ទុក​ជាតិ​
​ស​សៃ​តិច ប៉ុន្តែ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ដែល​រាងកាយ​បំ​លែង​ទៅជា​ជាតិ​ស្ករ​ខ្ពស់​។​ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​កាត់បន្ថយ​បា​យស ហើយ​ព្យាយាម​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​។ ជាតិ​ស​សៃ​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឳ្យ​មាន​ស្ថេរភាព​។​
 
៥. ផ្លែឈើ​ក្រៀម ឬ​ដំណាំ​ផ្លែឈើ​
 
​ពិតណាស់​ផ្លែឈើ គឺ​ល្អ​សម្រាប់​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​។ ទោះជា​យ៉ាងណា​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម ព្រមទាំង​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​ផ្លែឈើ ក៏​ព្រោះ​ផ្លែឈើ​មួយចំនួនធំ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ពិសេស គឺ​ផ្លែឈើ​ក្រៀម ឬ​ដំណាំ​ផ្លែឈើ​តែម្ដង​។​
 
៦. អាហារ​កញ្ចប់​
 
​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ជៀសឱ្យផុត​ពី​ការទទួល​ទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​បង្ក​ទៅជា​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​កញ្ចប់​ច្រើន​ក៏បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ដែល​អាច​នាំ​ឲ្យ​កើតមាន​ជំងឺ​ទឹកនោមផ្អែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com