កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី​៖ តេ​ក្វាន់​ដូ ITF នឹងមិន​ឲ្យ​កម្ពុជា​ខកចិត្ត បើ​ក្លាយជា​វិញ្ញាសា​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
11, Oct 2020 , 10:59 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា
ដោយ:
​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​អះអាងថា កីឡា​តេ​ក្វាន់​ដូ ITF នឹងមិន​ធ្វើ​ឲ្យ​កម្ពុជា​ខកចិត្ត​ឡើយ បើ​កីឡា​នេះ​ត្រូវ​បានដាក់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការបង្ហាញ​ភាពជឿជាក់​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​-​ចៅក្រម​កម្រិត​«​ក​»​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពីពេល​ថ្មីៗ​។

 
​មូល​ហេតុដែល​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា រំពឹង​ខ្ពស់​បែបនេះ ដោយ​សម្អាង​លើ​សមត្ថភាព​និង​ភាព​រីកចម្រើន​របស់​កីឡាករ ក្នុងការ​សាង​ស្នាដៃ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​។ 
 
«​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​កីឡាការិនី​យើង ថា​ឲ្យ​តែ​ស៊ី​ហ្គេម​ហ៊ាន​បើកដៃ​ឲ្យ​យើង​ចូលរួម​ប្រកួត​នឹងមិន​ធ្វើ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា CAMSOC និង​សម្តេច​តេ​ជោ ហ៊ុន សែន ខកចិត្ត​ជាដាច់ខាត​។ យើង​ស្រមៃ​ធំ​(big dream)​ប៉ុន្តែ big dream មិនមែន​ស្រមើស្រមៃ​ហើយ​ចូលទៅ​ដេក​វិញ​ទេ ត្រូវ​ហាត់​ឲ្យ​ខ្លាំង​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ រ៉េមី​។ 


 
​កត្តា​ដែល​ធ្វើ​ឲ្យ​ប្រធាន​សហព័ន្ធ​រូបនេះ មាន​ជំនឿ​ចិត្ត​បែបនេះ ដោយសារ​ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​ធ្លាប់​សាង​ស្នាដៃ​ជាច្រើន​មកហើយ​កាលពីពេល​កន្លងទៅ ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ជាក់ស្តែង​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ ITF ដណ្តើមបាន​មេដាយ​ចំនួន​៥ រួមមាន​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​៣​។ 
 
​មេដាយមាស​ដណ្តើមបាន​ដោយ​កីឡាករ ប៉ាល់ ជីវ័ន លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៥​ដាន់​ក្រោយ​យកឈ្នះ​កីឡាករ​ព័រ​តូ​រី​កូ Datiz Luis នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ តាមរយៈ​មេដាយ​នេះ​ជួយ​ឲ្យ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​២៥​ឆ្នាំ​នៃ​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​។ 
 
​អ្វីដែល​ធ្វើ​ឲ្យ លោក កាន់​តែមាន​ទំនុកចិត្ត​ទៀត​នោះ គឺ​សហព័ន្ធ​នេះ ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ម្តង​រួចមកហើយ​កាលពី​អំឡុង​ឆ្នាំ​២០១៦​។ សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នោះ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៥២ ក្នុងនោះ​មាស​៣១ ប្រាក់​១០ និង​សំរឹទ្ធ​១១​។ លើសពីនេះ ក្រុម​អត្ត​ព​លិ​កលើ​ប្រភេទ​កីឡា​នេះ ក៏​ធ្លាប់​ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ​កម្រិត​ពិភពលោក និង​អាស៊ី​ជាច្រើន​ទៀតផង​ដែរ​។​
 
​តាមរយៈ​សមិទ្ធផល​ទាំងនេះ ជួយ​ឲ្យ​កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​កីឡា​សក្តានុពល​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 
 
​អម​ជាមួយ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​ខាងលើ លោក កែវ រ៉េមី ដែលជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​ទាំងអស់​ក្នុង​សហព័ន្ធ ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព អភិវឌ្ឍន៍​កីឡា​នេះ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕   
 
 
   

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com