ជាតិ
សង្គមជាតិ
កាលវិភាគ​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃ​២១​ធ្នូ ត្រូវបាន​ប្រកាស​ហើយ​
11, Oct 2020 , 5:59 pm        
រូបភាព
រូបសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូកកំពុងតែ​​រៀននៅក្នុងថ្នាក់ជាមួយនឹងគ្រូ
រូបសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូកកំពុងតែ​​រៀននៅក្នុងថ្នាក់ជាមួយនឹងគ្រូ
ដោយ:
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២២ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​។ ក្រសួង​អប់រំ កាលពី​ថ្ងៃទី​៩ ខែតុលា បានប្រកាស​តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា​ប្រឡង​បាក់​ឌុប សម្រាប់​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។

 
​កាលវិភាគ សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០២០​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ថា្នក់ គឺ​ថា្នក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​រួមមាន  ប្រវត្តិវិទ្យា​, ជីវវិទ្យា​, គីមីវិទ្យា​, រូបវិទ្យា​, ភាសាបរទេស​, អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ផែនដី និង​បរិស្ថានវិទ្យា​, ប្រវត្តិវិទ្យា​, ភូមិវិទ្យា​, ភាសាបរទេស​, សីលធម៌ ពលរដ្ឋ​វិជ្ជា​, អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា​។​


កាលវិភាគប្រឡងបាក់ឌុប​សម្រាប់ថ្នាក់វិទ្យាសាស្ត្រ
 
​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ ក្រសួង​អប់រំ​នឹង​នៅតែ​បន្ត​រឹតបន្តឹង​ដូច​ឆ្នាំមុនៗ​ដែរ​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ មានប្រសាសន៍ថា​៖«​យើង​នៅតែ​បន្ត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​តាម​ស្តង់ដា​ដែលមាន​ពីមុន​។ មិនមែន​មានន័យថា ឆ្នាំ​កូ​វីដ​-១៩ នេះ យើង​ប្រឡង​ឲ្យ​ធូរ​ជាង​ឆ្នាំមុន​ទេ​។ យើង​មាន​គោលដៅ​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​សិស្ស​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​មានចំណេះ​វិជ្ជា មាន​បំ​និ​ន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សេដ្ឋកិច្ច​របស់​យើង​។ ការប្រឡង​គឺ​យើង​រៀបចំ​យុទ្ធនាការ​ដដែល​ទាំងអស់​»​។ 
 


កាលវិភាគប្រឡងបាក់ឌុប​សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម​

​សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០២០​នេះ មាន​បេក្ខជន​ប្រឡង​ជាង​១១​ម៉ឺន​នាក់​។ កាល​២០១៩​កន្លងទៅ បេក្ខជន​ប្រឡង​បាក់​ឌុប ក៏មាន​១១​ម៉ឺន​នាក់​ដែរ ដោយ​ប្រឡង​ជាប់​ជិត​៨​ម៉ឺន​នាក់ ស្មើនឹង​ជាង​៦៨​ភាគរយ​។ ក្នុងចំណោម​អ្នក​ប្រឡង​ជាប់​នោះ បេក្ខជន​ជាប់​និទ្ទេស A មាន​៤៤៣​នាក់​, និទ្ទេស B មាន​២៤៣០​នាក់​,​និទ្ទេស  C មាន​៥៨៤៧​នាក់​, និទ្ទេស D មាន​១៤១០០​នាក់ និង​និទ្ទេស E មាន​៥៦២៣២​នាក់​៕ 
 

Tag:
 បាក់​ឌុប​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com