ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កំពង់ចាម បញ្ជា​ឱ្យ​មន្ត្រី​រៀបចំ​ឯកសារ​ដីធ្លី​ឱ្យ​យុវជន​ម្នាក់ ដែល​ទទួល​សិទ្ធិ​ពី​ជីតា វ័យ​៩៧​ឆ្នាំ
12, Oct 2020 , 10:39 pm        
រូបភាព
​យុវជន​ម្នាក់ ដែល​រស់នៅ​មើលថែរក្សា​ជីតា ឈ្មោះ ប៉ោ អួន អាយុ​៩៧​ឆ្នាំ ត្រូវបាន​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា សម្រេច​ប្រគល់​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ជីតា ក្រោយពី​មានការ​តវ៉ា​ពី​សំណាក់​ឪពុកមា​។​ករណី​វិវាទ​ដីធ្លី​ក្នុង​គ្រួសារ​នេះ កើតឡើង​នៅ​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​



​យុវជន ដែល​ទទួលបាន​សិទ្ធិ​ដីធ្លី​នេះ បានរស់នៅ​ជា​ម្ដាយ ដោយ​មើលថែ​ជីតា ប៉ោ អួន រហូតមក ខណៈដែល​ឪពុក​បង្កើត បាន​ស្លាប់​តាំងពី​ឆ្នាំ​២០១០​។ លោកតា ប៉ោ អួន វ័យ​៩៧ ឆ្នាំ មានកូន​ប្រុស​២​នាក់​(​ស្លាប់​១​នាក់​)​។​
 
​ដោយសារ​វ័យ​កាន់តែ​ចាស់​នោះ លោកតា អ៊ួ​ន ក៏បាន​សម្រេច​ផ្ទេរ​ដីស្រែ​២​កន្លែង ទៅឱ្យ​កូនប្រុស​ទី​២ និង​គ្រួសារ​។ ចំណែក​ដី​លំនៅដ្ឋាន​បច្ចុប្បន្ន និង​ស្រែ​១​កន្លែង​ទៀត លោកតា បានសម្រេច​ប្រគល់ឱ្យ​ចៅប្រុស និង​កូនប្រសារ​ស្រី​។ ប៉ុន្តែ​កេរ​ដែល​លោកតា ទុកឱ្យ​ចៅ និង​កូនប្រសារ​នេះ ត្រូវបាន​កូនប្រុស​ទី​ពីរ មិន​សុខចិត្ត ហើយ​ប្ដឹង​ជំទាស់​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​។​
 
​បើតាម​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា តុលាការខេត្ត​បានសម្រេច​ឱ្យ​យុវជន និង​ម្ដាយ ឈ្នះក្តី ដោយ​ទទួលបាន​សិទ្ធិ​កាន់កាប់​កេរ​ពី​ជីតា​ខ្លួន​ហើយ​។ រដ្ឋបាលខេត្ត​កំពង់ចាម បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​ករណីនេះ សាលាដំបូង​ខេត្ត បានចេញ​សាលក្រម​សម្រេច​ផ្ទេរកម្មសិទ្ធិ​ឲ្យ​ទៅ​ចៅ​របស់​កូន​ទី​១ តាម​បំណង​របស់​លោកតា ប៉ោ អួន​»​។​
 
​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ​ដោយ​ពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ និង​អនុវត្តតាម​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត លោក​អភិបាលខេត្ត បានសម្រេច​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត រៀបចំ​ឯកសារ និង​នីតិវិធី​ក្នុង​ការផ្ទេរ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដី​លំនៅដ្ឋាន​១​កន្លែង និង​ដីស្រែ​១​កន្លែង របស់​លោកតា ប៉ោ អួន ឱ្យទៅ​ចៅប្រុស កាន់កាប់​ដោយ​ស្របច្បាប់ តាម​បំណង​របស់​លោកតា​៕

Tag:
 ដីធ្លី​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com