ជាតិ
រថយន្ត
ជប៉ុន ផ្តល់​គ្រឿងចក្រ​១៥​គ្រឿង តម្លៃ​ប្រមាណ​៤.៥​លាន​ដុល្លារ​ឲ្យ​កម្ពុជា​ប្រើ​ក្នុង​ការសាងសង់ និង​ថែទាំ​ផ្លូវ​
12, Oct 2020 , 7:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
​ជប៉ុន បានផ្តល់​គ្រឿងចក្រ​ចំនួន​១៥​គ្រឿង ដែលមាន​តម្លៃ​ប្រមាណ ៤,៥ លាន​ដុល្លារ​អាមេរិក ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១២ តុលា​នេះ​។  រដ្ឋមន្ត្រីក្រសួង​សាធារណការ អះអាងថា នឹង​ប្រើប្រាស់​គ្រឿងចក្រ​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធ ក្នុងការ​សាងសង់ និង​ថែទាំ​ផ្លូវ ពិសេស​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​។

 
 
​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ ចំនួន​១៥​គ្រឿង ក្នុងតម្លៃ​ទឹកប្រាក់ ៥០០ លាន​យ៉េន​ជប៉ុន ស្មើនឹង​ប្រមាណ ៤,៥ លាន​ដុល្លារ​អាមេរិក មក​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ ពិធី​ប្រគល់ និង​ទទួល​ជំនួយឥតសំណង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១២ តុលា ដោយមាន​ការចូលរួម​ពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ,​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​, លោក SUGANO Yuichi ប្រធាន​អង្គការ​JICA និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ 
 
​តាម​ការចុះផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ គ្រឿងចក្រ​ទាំង​១៥ គ្រឿង​នេះ រួមមាន Road Stabilizer & Accessories ចំនួន​៣​គ្រឿង​, Vibratory Single Drum Roller with CANOPY Stay ៣​គ្រឿង​, Pneumatic Tire Roller ៣​គ្រឿង​, Vibratory Tandem Roller ៣​គ្រឿង​), Walk-behind Roller ៣​គ្រឿង​, និង Spare Parts & Consumables ផងដែរ​។ គ្រឿងចក្រ​ទាំងនេះ ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​គ្រឿងចក្រ Marubini Protechs​។​


រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
 
​លោក ស៊ុន ចាន់​ថុង រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​មាន​សក្ដានុពល​ជាច្រើន ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​កម្ពុជា​។ លោក ទេសរដ្ឋមន្ត្រី ក៏បាន​ប្តេជ្ញា​នាំយក​គ្រឿងចក្រ​ទាំងនេះ ទៅប្រើ​ប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​នានា ជាពិសេស​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ដែល​ទើបតែ​ត្រូ​ន​បានអនុម័ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​
 
​បើតាម​លោក ស៊ុន ចាន់ថុល ក្រៅតែពី​ជំនួយ​ជា​គ្រឿងចក្រ​នាពេលនេះ ជប៉ុន​ក៏​កំពុងផ្ដល់​ជំនួយឥតសំណង សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់ នៅ​តំបន់​កំពុង​ប្រឈម​នឹង​ទឹកជំនន់ ដែល​សាងសង់​ស្ពាន​ចំនួន ៧​កន្លែង ក្នុង​ខេត្តព្រៃវែង និង​ខេត្តក្រចេះ ចំណាយ​ថវិកា​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក និង​ផ្លូវជាតិ​លេខ​៥ ប្រវែង​សរុប ៣៦៦​គីឡូម៉ែត្រ ក្នុង​ទំហំ​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​ផងដែរ​។ កន្លងមក​ជប៉ុន ក៏បានផ្តល់​ជំនួយ​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផងដែរ រួមមាន​ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ប្រវែង​សរុប ២៥៤,៣​គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩.១​លាន​ដុល្លារ​អាមេរិក ស្ពាន​គី​ហ្សូ​ណា និង​ស្ពាន​ត្សឹ​បា​សា ប្រវែង​សរុប ៣ ៥៧៥ ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​១៨៦ លាន​ដុល្លារ​អាមេរិក និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប ១ ០៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក​ផងដែរ​៕
 
 
 
 

Tag:
 ជប៉ុន​
 ​គ្រឿងចក្រ​
 ​សាងសង់​ផ្លូវ​
 ​ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com