COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ឲ្យ​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​បាល់ទាត់ និង​បេ​ស្ប៊​ល​ជា​លើក​ទី​២
14, Oct 2020 , 11:27 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងត្បូង (KFA) អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល K-League វិញ ចាប់ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែតុលា​នេះ​។ ដោយសារ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ការឆ្លង COVID-19  KFA ឲ្យ​អ្នកគាំទ្រ​ត្រឹម ២៥ ភាគរយ​ប៉ុណ្ណោះ​នៃ​សមត្ថភាព​ផ្ទុក​សរុប​ក្នុង​កីឡដ្ឋាន​។​


​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១៣ ខែតុលា ការអនុញ្ញាត​របស់ KFA​ធ្វើឡើង បន្ទាប់ពី​លី​គ​បេ​ស្ប៊​ល​របស់​កូរ៉េខាងត្បូង KBO ដែលជា​កីឡា​ដ៏​ពេញនិយម​បំផុត​នៅ​កូ​រ៉ា​ខាងត្បូង បាន​ឲ្យ​អ្នកគាំទ្រ​វិលត្រឡប់​ចូល​ទស្សនា​វិញ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​២​ខែ​។ ៥​ប្រកួត​នៅ​នៃ​លី​គ KBO នៅ​ថ្ងៃទី​១៣ ខែតុលា​ជាមួយ​អ្នកគាំទ្រ​២០​ភាគរយ បាន​ដំណើរការ​ដោយ​ជោគជ័យ​។​
 
​ដើមឡើយ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye-kyun បានអនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​មួយចំនួន​កាលពី​ខែកក្កដា​កន្លងមក​។ ប៉ុន្តែ ៣ សប្តាហ៍​ក្រោយមក​បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ការឆ្លង COVID-19 រដ្ឋាភិបាល​កូរ៉េ​ក៏​បញ្ជា​ឲ្យ​បិទ​កីឡដ្ឋាន​វិញ ទាំង​បាល់ទាត់ និង​បេ​ស្ប៊​ល​។​
 
​បើ​ទោះ​ការអនុញ្ញាត​មាន​ចំនួន​ត្រឹម​២៥​ភាគរយ​ក្តី ប៉ុន្តែ​ការអនុញ្ញាត​នេះ ទទួលបាន​ការអបអ​រ​សាទរ​ពី​សំណាក់​អ្នកគាំទ្រ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​កំពុង​ទន្ទឹងរង់ចាំ​ចូល​កីឡដ្ឋាន​ឡើងវិញ​។​
​ដោយសារ​បញ្ហា​ជំងឺឆ្លង COVID-19 លី​គ KBO និង K-League របស់​កូរ៉េខាងត្បូង​បាន​បើក​រដូវ​កាល​របស់​ពួកគេ​វិញ​នៅ​ដើមខែ​ឧសភា ដោយ​បិទទ្វារ​កីឡដ្ឋាន​រហូតមក​។ គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា​នេះ កូរ៉េខាងត្បូង​មាន​ជំ​នួន​អ្នកស្លាប់​៤៣៨​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជិត​២៥០០០​ករណី​។ អ្នកជា​សះស្បើយ​ចំនួន​ជាង​២៣​ម៉ឺន​ករណី ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ជាង​៨០​នាក់​៕

Tag:
 K-League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com