កីឡាអន្តរជាតិ
អន្តរជាតិ
Neymar តាម​ស្មើ​កំណត់ត្រា Ronaldo ក្រោយ​ធ្វើបាន hat-trick ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ប៉េ​រូ ៤-២
14, Oct 2020 , 3:18 pm        
រូបភាព
Neymar បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង (hat-trick) ដើម្បី​ជួយ​ប្រេ​ស៊ី​ល​យកឈ្នះ​ប៉េ​រូ ៤-២ ក្នុងការ​ប្រកួត​ជម្រុះ World Cup ក្នុង​តំបន់​អាមេរិក​ឡាទីន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា​នេះ​។ ៣​គ្រាប់​បន្ថែម​នេះ​បាន​ជួយ Neymar តាម​ស្មើ​កំណត់ត្រា Ronaldo ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ប្រេ​ស៊ី​ល​លំដាប់​លេង​២​ក្នុង​ចំនួន​៦២​គ្រាប់​។


​ក្នុងចំណោម​៤​គ្រាប់​របស់​ប្រេ​ស៊ី​ល ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Paris Saint-Germain រូបនេះ​រកបាន​៣​គ្រាប់​តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​២​លើក​ក្នុង​នាទី ២៨ និង​៨៣ មុន​បន្ថែម​គ្រាប់​ចុងក្រោយ​នៅ​នាទី​៩០ ខណៈ​១​គ្រាប់​ទៀត​សម្រេច​ទី​ដោយ Richarlison របស់ Everton​។ ។ ឯ​ពីរ​គ្រាប់​របស់​ម្ចាស់ផ្ទះ​ប៉េ​រូ ធ្វើបាន​ដោយ Andre Carrillo នៅ​នាទី​៦ និង Renato Tapia នៅ​នាទី​៥៩​។​
 
Neymar វ័យ ២៨ ឆ្នាំ​រក​គ្រាប់​បាល់​សរុប​ឲ្យ​ក្រុម​រហស្សនាម​សាំ​បា​ចំនួន ៦២ គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១០៣ ប្រកួត ដែល​ស្មើ Ronaldo ខណៈ​វិ​រ​បុរស​ប្រេ​ស៊ី​រូបនេះ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​សរុប ៩៨ ប្រកួត​។ រហូតមកទល់​ពេលនេះ នៅតែ​ស្តេច​បាល់ទាត់ Pele ដដែល ដែល​អាច​រក្សា​កំណត់ត្រា​ស៊ុត​បញ្ចូល​ច្រើនជាងគេ​ចំនួន ៧៧ គ្រាប់​សម្រាប់​ប្រេ​ស៊ី​ល​។​
 
​ជ័យជម្នះ​របស់​ប្រេ​ស៊ី​ល​នេះ បាន​ជួយ​ក្រុម​របស់លោក Tite ឈរ​កំពូល​តារាង នៃ​ការប្រកួត​ជ្រុះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2022 ប្រចាំ​តំបន់​អាមេរិក​ខាងត្បូង​។ ឆ្លងកាត់​ការប្រកួត​២​លើក ប្រេ​ស៊ី​ល​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​អា​ហ្ស​ង់​ទីន​ដែលមាន​៦​ពិន្ទុ​ដូចគ្នា​ក្រោយ​ពួកគេ​ឈ្នះ​បូ​លី​វី ២-១​។ កូ​ឡុំ​ប៊ី​ឈរ​លេខ​រៀង​ទី​៣ មាន​៤​ពិន្ទុ ស្មើ​ក្រុម​លេខ​៥​ប៉ា​រ៉ា​ហ្គា​យ ខណៈ​អេក្វាទ័រ និង​អ៊ុយ​រូ​ហ្គា​យ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥​និង​ទី​៦​មាន​៣​ពិន្ទុ​ស្មើគ្នា​។ 
 
​លទ្ធផល​ការប្រកួត​ជម្រុះ World Cup ក្នុង​តំបន់​អាមេរិក​ឡាទីន​សម្រាប់​គូ​ដទៃ​៖
-​ ​អេក្វាទ័រ ៤-២ អ៊ុយ​រូ​ហ្កា​យ​
-​ ​វេ​ណេ​ស៊ុយ​អេ​ឡា ០-១ ប៉ា​រ៉ា​ហ្គា​យ​
-​ ​ស៊ី​លី ២-២ កូ​ឡុំ​ប៊ី 

Tag:
 Neymar
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com