ជាតិ
ទឹកជំនន់​៖ លោក កឹម សុខា អំពាវនាវ​ឱ្យ​ខ្មែរ​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន​
14, Oct 2020 , 4:03 pm        
រូបភាព
​ភ្នំពេញ​៖ «​សូម​ខ្មែរ​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន តាម​លទ្ធភាព​រៀងៗ​ខ្លួន​» ។ នេះ​ជាការ​អំពាវនាវ​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​រូបភាព​ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង នា​ថ្ងៃទី​១៤ តុលា​។​

 
​ការជួយ​គ្នា​តាម​លទ្ធភាព ដែល​លោក កឹម សុខា អំពាវនាវ​នោះ គឺ​ការផ្ដល់​ជា​ជំនួយ​ផ្សេងៗ សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​។ «​ថ្ងៃនេះ ទោះបី​មិនមាន​អ្វី​ធំដុំ​ច្រើន​ក៏ដោយ ក៏​ខ្ញុំ​និង​សហការី បានមក​ជួប​មុខ សួរសុខទុក្ខ និង​បានរួម​ចំណែក ផ្តល់​ស្បៀងអាហារ​ជូន​បងប្អូន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ប្រមាណ​ជា​១០០​គ្រួសារ​ដោយផ្ទាល់ នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​។ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ចូលរួម​ចែករំលែក​បន្តទៅទៀត​តាម​លទ្ធភាព​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​មេបក្ស​ប្រឆាំង​រូបនេះ ដែល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់​នេះ​។​
 
​គិត​ត្រឹម​ម៉ោង​៣ រសៀល​ថ្ងៃទី​១៤ តុលា​នេះ រដ្ឋាភិបាល ក៏បាន​ប្រមូល​ថវិកា​ពី​សម្បុរ​សជន $៥,២៥៥,០០០ ដុល្លារ សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បន្ថែមថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​ តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
 
​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​១៤ តុលា​នេះ បាន​បង្ហាញថា មាន​ពលរដ្ឋ​១២​នាក់ (​ក្មេង​៥​នាក់​) បាន​បាត់​បង់ជីវិត និង​មាន​ពលរដ្ឋ​ជិត​១៦​ម៉ឺន​នាក់​ទៀត រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ដោយ​ក្នុងចំណោម​ជិត​១៦​ម៉ឺន​នាក់​នោះ មាន​ជាង​១,១​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​
 
​របាយការណ៍ បានបង្ហាញ​ទៀតថា លំនៅឋាន​របស់​ពលរ​ដ្ឋ ជិត​៤០​ម៉ឺន​ខ្នង រង​ការប៉ះពាល់ ដោយ​ក្នុងនោះ មាន​៣០​ខ្នង ត្រូវ​ខូចខាត ខណៈ​សាលារៀន មាន​ជាង​៤០០​កន្លែង រង​ការ​ជន់​លិច​។ ដោយឡែក ស្រូវ​ជាង​១១​ម៉ឺន​ហិកតា និង ដំណាំ​ផ្សេងៗ​ទៀត មាន​ជាង​៥,៥​ម៉ឺន​ហិកតា ត្រូវ​ជន់​លិច​។​
 
​ក្រៅពីនេះ នៅមាន​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម មាន​ប្រវែង​សរុប​ជិត​២០០​គីឡូ​មែត្រ និង ស្ពាន​២៤​កន្លែង ក៏ត្រូវ​លិច​ដោយសារ​ទឹកជំនន់​ដែរ​៕
 
 
 

Tag:
 កឹម សុខា​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com