កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន UEFA ជឿថា Euro 2020 ដែល​ពន្យារ​ទៅ​ឆ្នាំក្រោយ នឹងមាន​វត្តមាន​អ្នកគាំទ្រ​
14, Oct 2020 , 11:58 pm        
រូបភាព
​លោក Aleksander Ceferin ប្រធាន​សហ​ព័​ន្ទ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ជឿជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ ដែល​ត្រូវ​ពន្យារពេល​រហូតដល់​ឆ្នាំ ២០២១ អាច​ដំណើរការបាន​ជាមួយ​អ្នកគាំទ្រ​នៅក្នុង​កីឡដ្ឋាន​នានា​ទូទាំង​ទ្វីបអឺរ៉ុប​បាន​។ យ៉ាងណាក៏ដោយ លោក Ceferin នៅតែមាន​ក្តីបារម្ភ​ផងដែរ​ពី​ផលប៉ះពាល់​នៃ​ជំងឺឆ្លង COVID-19 ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អឺរ៉ុប​ដែល​ធ្វើឡើង​ខែមិថុនា ឆ្នាំ​ក្រោយនេះ​។​



«​សម្រាប់​ពេល​បច្ចុប្បន្ននេះ យើង​កំពុង​រៀបចំ​ផែនការ​ការប្រកួត​ពាន​រង្វាន់​អឺរ៉ូ​យ៉ាងពិត​ប្រាកដ​ដូចដែល​យើង​ចង់បាន​»​។ លោក Ceferin បាន​ប្រាប់​វិទ្យុ​អាល្លឺម៉ង់ ARD ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​វត្តមាន​អ្នកគាំទ្រ​ចូលរួម​ក្នុង​កីឡដ្ឋាន​ដែលមាន​១២​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ ខណៈ​ការធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 នៅតែ​កើនឡើង​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ប្រធាន UEFA បន្ថែ​ប​ថា​៖« ជាការ​ពិត​ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំងអស់គ្នា​កាលពី​ខែកុម្ភៈ​ថា Euro នឹង​ប្រព្រឹត្ត​ទៅតាម​វេលា​ធម្មតា ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​មួយខែ​ក្រោយមក​។ ប៉ុន្តែ​ឥឡូវ​យើង​បាន​ត្រៀមខ្លួន​បានល្អ​ហើយ​។ យើង​វៃឆ្លាត​ជាង​មុន ហើយ​ខ្លាំង​ជាង​ឆ្នាំមុន​ព្រោះ​ពេលនេះ​យើង​ដឹងថា​អ្វីៗ​អាច​កើតមានឡើង​ដោយ​របៀប​ណា និង​ការពារ​បាន​ផងដែរ​»​។​
 
​ដោយសារ​ការ​រាតត្បាត​ជំងឺ​សកល Euro 2020 ដែលមាន​១២​ប្រទេស​ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​ពន្យារពេល​ប្រកួត​ពីថ្ងៃ​ទី​១១ ខែមិថុនា ទៅធ្វើ​នៅ​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ ២០២១ វិញ​។ បើ​ទោះ​ការពន្យារពេល​មាន​រយៈពេល​ជិត​១​ឆ្នាំ ប៉ុន្តែ​ប្រធាន​បាល់ទាត់​អឺរ៉ុប​សញ្ជាតិ​ស្លូ​វ៉ា​នី​សង្កត់ធ្ងន់ថា ចំនួន​អ្នកគាំទ្រ​នៅក្នុង​កីឡដ្ឋាន​អាច​កំណត់​ត្រឹម ៣០, ៥០ ឬ ៧០​ភាគរយ​ប៉ុណ្ណោះ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​៕

Tag:
 Aleksander Ceferin
  UEFA
  Euro 2020
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com