កីឡាអន្តរជាតិ
អន្តរជាតិ
PSG ទំនងមានតែកីឡាករ១១នាក់ប៉ុណ្ណោះ ដើម្បីតតាំងនឹង Nimes សប្តាហ៍នេះ
× លោក Thomas Tuchel កំពុងព្រួយបារម្ភពីសមាសភាពកីឡាកររបស់ Paris Saint-Germain ដែលគិតត្រឹមថ្ងៃទី១៦ តុលានេះមានតែ១១នាក់ប៉ុណ្ណោះចំណោម២៦នាក់ ដែលអាចចូលរួមការប្រកួតទល់នឹង Nimes ក្នុងក្របខណ្ឌ Ligue 1 នៅរាត្រីនេះ។ ១៥នាក់ទៀត ខ្លះមានបញ្ហារបួស ជាប់ពិន័យ និងកំពុងដាក់ឲ្យនៅដាច់ដោយឡែក។
ក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង កំពុងតែស្វែងរកការឈ្នះជាលើកទី៥ជាប់ៗគ្នាក្នុងរដូវកាលនេះ បន្ទាប់ពីបរាជ័យ២លើកនៅជំនួបដំបូងដោយសារខ្វះកីឡាករព្រោះឆ្លង COVID-19។ PSG និងត្រូវធ្វើដំណើរទៅជួប Nimes នៅរាត្រីថ្ងៃទី១៦ តុលានេះ សម្រាប់ការប្រកួតសប្តាហ៍ទី៧។
ស្របពេលគ្នានេះលោក Tuchel អ្នកចាត់ការទូទៅក្រុមយក្សបារាំងបានបង្ហាញពីក្តីបារម្ភនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា កីឡាកររបស់លោកមួយចំនួនមិនទាន់ប្រាកដថាអាចចូលរួមជួយក្រុមបាននៅឡើយទេ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បញ្ជាក់ថា បច្ចុប្បន្ន PSG មានកីឡាករតឈ១១នាក់ប៉ុណ្ណោះដែលប្រាកដថាលេងបាន។
Marquinhos, Marco Verratti, Julian Draxler, Thilo Kehrer, Juan Bernat និង Mauro Icardi បានរងរបួស ឯ Angel Di Maria និង Layvin Kurzawa ជាប់ពិន័យ ខណៈ Ander Herrera កំពុងឆ្លង COVID-19។ ទន្ទឹមនេះដែរ កីឡាករចំណូលថ្មីដូចជា Danilo Pereira និង Colin Dagba ត្រូវទទួលការធ្វើតេស្ត ហើយមានភាគរយខ្ពស់ដែលឆ្លងជំងឺរាតត្បាតសកលនេះ។
ក៏មានការសាកសួរផងដែរអំពី Neymar និង Kylian Mbappe បន្ទាប់ពីកីឡាករឆ្នើមរបស់ក្រុមទាំងពីរនេះត្រឡប់ពីការប្រកួតអន្តរជាតិ។ Tuchel បានប្រាប់ពីក្តីបារម្ភផងដែរពីស្ថានភាពកីឡាករទាំងពីរ ជាពិសេសនៅពេល PSG ត្រូវតតាំងជាមួយ Manchester United វគ្គសន្សំពិន្ទុ Champions League មកលេងនៅ Champions League សប្តាហ៍ក្រោយ។
«Draxler, Verratti និង Marquinhos នឹងមិនបានលេងទល់ Nimes ទេ ហើយពួកគេក៏មិនទាន់ប្រាកដថាអាចលេងទល់ Man Utd ក្នុងក្របខណ្ឌអឺរ៉ុបដែ។ Herrera ឆ្លង COVID-19។ Danilo មានទំនាក់ទំនងជាមួយ Cristiano Ronaldo ដែលឆ្លង COVID-19 ដូច្នេះរូបគេមិនអាចចូលរួមជាមួយយើងបានទេ»។ នេះជាការអះអាងរបស់លោក Tuchel៕
Tag:
Paris Saint-Germain
Thomas Tuchel
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com