កីឡាអន្តរជាតិ
អន្តរជាតិ
Son ជួយ Spurs នាំមុខ Man Utd ក្លាយជា​ក្លិប​មាន​ប្រជាប្រិយភាព​បំផុត​នៅ​កូរ៉េខាងត្បូង​
16, Oct 2020 , 7:29 pm        
រូបភាព
Son Heung-min បាន​ជួយ​ឲ្យ Tottenham Hotspur នាំមុខ Manchester United វិញ​ក្នុងនាម​ក្លិប​ពី​បរទេស​ដែល​ទទួលបាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើ​យោងតាម​ស្ថាប័ន Nielsen Fan Insights ដែល​ធ្វើការ​លើ​ការប្រៀបធៀប​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​។​

 
​តាមរយៈ​ការស្ទង់មតិ​របស់ Nielsen Fan Insights បាន​បង្ហាញថា Spurs មាន​អ្នកគាំទ្រ​ស្ដួចស្ដើង​ក្នុងប្រទេស​ដែលមាន​ប្រជាជន​ចំនួន ៥២ លាន​នាក់ មុនពេល​ខ្សែប្រយុទ្ធ​ឆ្នើម Son ចូលរួម​ជាមួយ​ក្លិប​ក្នុង​ក្រុង​ឡុង​ដ៏​នេះ​នៅ​ឆ្នាំ ២០១៥​។​
 
​ចាប់តាំងពី​ពេលនោះ​មក ការ​ឈានដល់​កម្រិត​កំពូល​របស់ Son ក្នុងការ​ប្រកួត​នៅ​អង់គ្លេស​បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ក្លិប​មាន់​ខ្នាយ​មាស​កើន​ឡើយ​នៅឯ​ស្រុកកំណើត​របស់​របស់ខ្លួន​ជា​លំដាប់ ដោយបាន​ទម្លាក់​ក្រុម Arsenal, Chelsea, Real Madrid និង Barcelona ជា​បន្តបន្ទាប់ មុន​ប្រជែង​ឈ្នះ Man Utd នៅ​ចុងឆ្នាំ ២០១៨​។​
 
​លទ្ធផល​ការស្ទង់មតិ​ថ្មីៗ​បំផុត​ស្ដីពី​ប្រជាប្រិយភាព​ក្លិប​បរទេស​ក្នុងចំណោម​ប្រជាជន​កូរ៉េខាងត្បូង​ដែលមាន​អាយុ​ចន្លោះ​ពី​១៦ ទៅ ៦៩​ឆ្នាំ នៅតែមាន​វត្តមាន​ក្លិប​ទាំង​៦​នេះ​ដដែល​។ ប៉ុន្តែ Spurs ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ក្នុង​ចំនួន ២១,៤ ភាគរយ​នៃ​ប្រជាជន​សរុប ដែល​ស្មើនឹង ១១ លាន​នាក់​។ ក្លិប​បិសាច​ក្រហម​ធ្លាក់​ទៅ​លេខ​រៀង​ទី​២​វិញ​ក្នុងនាម​ក្លិប​មាន​ប្រជាប្រិយ​បំផុត​នៅ​កូរ៉េខាងត្បូង​ក្នុង​ចំនួន ៦,១ ភាគរយ​។​
 
​លោក Marco Nazzari នាយក​គ្រប់គ្រង​របស់ Nielsen Sports លើកឡើងថា ប្រជាប្រិយភាព​របស់ Tottenham Hotspur នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បង្ហាញ​យ៉ាងច្បាស់​ពី​ផល​វិជ្ជមាន និង​លេចធ្លោ​តាមរយៈ​កីឡាករ​ដែល​អាច​នាំ​ឲ្យ​មាន​ហ្វ្រេ​ន​ឆាយ​កីឡា​នៅលើ​ទីផ្សារ​ជុំវិញ​ពិភពលោក​ទៀតផង​។​
 
​ប្រជាប្រិយភាព​របស់ Man Utd ដែល​កើនឡើង​ខ្ពស់​នៅ​កូរ៉េខាងត្បូង ក៏ដោយ​សារភាព​លេចធ្លោ​របស់ Park Ji-sung តាំងពី​រូបគេ​ផ្លាស់​ទៅ Old Trafford ក្នុង​ឆ្នាំ ២០០៥​។ កាលនោះ អតីត​ខ្សែបម្រើ​ឆ្នើម​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​លី​គ​កំពូល​អង់គ្លេស​៕



Tag:
 Tottenham Hotspur
  Nielsen Fan Insights
© រក្សាសិទ្ធិដោយ thmeythmey.com