ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវជន ស៊ុន ថា​រ៉ា ប្តេជ្ញា​ប្រើ​ជំនាញ​ផលិត​ឧបករណ៍​រ៉ូ​បូត​ដើម្បី​រួមចំណែក​លើកកម្ពស់​មុខ​មាត់​ជាតិ​
16, Oct 2020 , 7:00 pm        
រូបភាព
យុវជន ស៊ុន ថារ៉ា (ទីមួយពីឆ្វេង)​ជាមួយក្រុមរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិកាលពីដើមខែតុលា​។ រូបភាពពី Robotcom
យុវជន ស៊ុន ថារ៉ា (ទីមួយពីឆ្វេង)​ជាមួយក្រុមរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិកាលពីដើមខែតុលា​។ រូបភាពពី Robotcom
ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​ប្រាំពីរ​ត្រូវបាន​រៀបចំឡើង​នៅ​ដើម​ខែតុលា​កន្លងទៅ ដោយ​ប្រកួតប្រជែង​លើក​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​រ៉ូ​បូត​បាល់ឱប​»​។ ជា​និស្សិត​វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច​មួយរូប​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) លោក ស៊ុន ថា​រ៉ា ស្ថិតក្នុង​ក្រុម​NPIC02 ដែល​ទទួលបាន​ជ័យលាភី​លេខ​មួយ​។ លោក​រៀបរាប់ថា ការឈាន​ឆ្ពោះទៅ​កាន់តំណែង​ជ័យលាភី​លេខ​មួយ​ក្នុងការ​ប្រកួតប្រជែង​នេះ មិនមែនជា​រឿង​ងាយស្រួល​ទេ ដ្បិត​វា​ត្រូវការ​ទាំង​ចំណេះដឹង​ផ្នែក​បច្ចេកទេស​, ភាព​ប៉ិនប្រសប់​ក្នុង​ការធ្វើការងារ​ជា​ក្រុម បូកផ្សំ​នឹង​ការស្រលាញ់ និង​ភាព​អត់ធ្មត់​ផង​។ផ្តើមចេញពី​ជ័យជម្នះ​នេះ ថា​រ៉ា ក៏​សង្ឃឹមថា ខ្លួន​និង​សមាជិក​ក្រុម​នឹង​អាចមាន​ចំណែក​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​តាមរយៈ​ការអភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​នេះ​នៅពេល​អនាគត​។


 ខាងក្រោម​នេះ​ជា​បទ​សម្ភាស​រវាង​លោក ធៀន ភា​រិន្ទ នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក ស៊ុន ថា​រ៉ា ជុំវិញ​ការប្រឹងប្រែង​ក្នុងការ​ប្រកួតប្រជែង​ជើងឯក​រ៉ូ​បូត​ថ្នាក់ជាតិ​នេះ​៖ 
 
​ធៀន ភា​រិន្ទ​៖ តើ​មូល​ហេតុអ្វី ដែល​ជំរុញ​ឲ្យ​ថា​រ៉ា និង​មិត្ត​រួមគ្នា​បង្កើត​ក្រុម​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ ឬ​ហៅថា Robocon Cambodia លើក​ទី​៧ ក្នុង​ឆ្នាំ​២០២០ នេះ​? 

​ស៊ុន ថា​រ៉ា​៖ ជា​រៀងរាល់ឆ្នាំ វិទ្យាស្ថាន​ពហុបច្ចេកទេស តែងតែ​ចូលរួម​ការប្រកួត​រ៉ូ​បូត​(Robocon Cambodia)​។ ចំពោះ​ការប្រកួត​លើក​ទី​៧ នេះ​វិញ វិទ្យាស្ថាន​បាន​រើស​និស្សិត ដែលមាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​រ៉ូ​បូត​។ ដោយសារ​ខ្ញុំ និង​មិត្ត​រួម​ក្រុម​ស្រលាញ់​រ៉ូ​បូត ទើប​យើង​ចូលរួម ក៏ដូចជា​ចង់បង្ហាញ​ពី​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ដែល​បាន​រៀន​ពីសា​លា​ទៅកាន់​សិស្ស​ប្អូន និង​សិស្ស​នៅ​វិទ្យាល័យ​ផងដែរ​។ 
 
ធៀន ភា​រិន្ទ៖ តើ​ក្រុម​របស់​ថា​រ៉ា ចំណាយពេល​ប៉ុនណា​ដែរ ដើម្បី​ហ្វឹកហាត់ ឬ​ត្រៀមខ្លួន​លក្ខណៈ​ក្នុងការ​ប្រកួត​ជាពិសេស​ការសរសេរ​ក​ម្ម​វិធី  និង​ការរៀបចំ​រ៉ូ​បូត​ជាដើម​? 
 
ស៊ុន ថា​រ៉ា​៖ ជាការ​ពិត វិញ្ញាសារ​នៃ​ការប្រកួត​បានចេញ​តាំងពី​ចុងឆ្នាំ​២០១៩ មកម្ល៉េះ ហើយ​និស្សិត​ចូលរួម​ក្នុងការ​ប្រកួត​រ៉ូ​បូត​ត្រូវ​ចាប់​ក្រុម​។ កិច្ចការ​បន្ទាប់ ក្រុម​របស់ខ្ញុំ បានចាប់ផ្តើម​សិក្សា​លើ​វិញ្ញាសារ ដែល​គេ​ដាក់​ឲ្យ​ពី Robocon អន្តរជាតិ​។ ចំពោះ​ការសិក្សា ក៏ដូចជា​ធ្វើ​រ៉ូ​បូត ក្រុម​របស់ខ្ញុំ​បានចាប់ផ្តើម​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ និង​សម្រេច​ជោគជ័យ​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​យើង បាន​ផ្អាក​មួយរយៈ រហូតដល់​ដើមខែ​កញ្ញា យើង​ផ្តើម​មើល​បន្ថែម លើ​កម្មវិធី​មួយចំនួន​លើ​រ៉ូ​បូត​ឡើងវិញ ដ្បិត​គេ​ពន្យារពេល​រហូតដល់​ខែតុលា​។ក្នុងការ​ប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ យើង​បាន​ហាត់​សមបាន​ច្រើន​គួរសម​ដែរ ប៉ុន្តែ​មិន​ច្រើនពេក​ទេ ព្រោះ​បើ​ច្រើនពេក រ៉ូ​បូត​អាចមាន​បញ្ហា​ដូចជា​សឹក​កង់​ជាដើម​។ ដូច្នេះ​ក្រុម​យើង​ត្រូវមាន​ពេល​សម​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា មួយ​សប្តាហ៍ ជួនកាល​យើង​ហាត់​សម​ពីរដង​។  

​ធៀន ភា​រិន្ទ​៖ សម្រាប់​រ៉ូ​បូត​មួយ វា​តែងតែមាន​ផ្នែក​របស់​វា​ដូចជា ការសរសេរ​កូដ និង​ការ​ផ្គុំ​រ៉ូ​បូត​ឡើង​ជាដើម​។ តើ​ក្រុម NPIC02 បែងចែក​សមាជិក​ក្រុម​ឲ្យ​ទទួលបន្ទុក​លើ​ផ្នែក​នីមួយៗ​យ៉ាងដូចម្តេច​? 
 
​ស៊ុន ថា​រ៉ា​៖ សម្រាប់​ក្រុម NPIC02 យើង​បាន​បែង​ចែកជា បី​ក្រុម​ធំ​។ ក្នុងនោះ​មានដូចជា ក្រុមទី​១ គឺ​មេកា​និក ដែលមាន​និស្សិត​មកពី​ផ្នែក​មេកា​និក​។ ចំណែក​ក្រុមទី​២ គឺ​អគ្គិសនី ដែលមាន​តួនាទី​ត​ភ្ជាប់​ខ្សែភ្លើង​ក្នុង​រ៉ូ​បូត​។ ឯ​ក្រុម​ចុងក្រោយ គឺ​ក្រុម​កម្មវិធី ដែល​ត្រូវ​ទទួលបន្ទុក​ក្នុង​ការសរសេរ​កម្មវិធី​លើ​រ៉ូ​បូត​។ ក្រុម​ទាំងបី​នេះ គឺ​ធ្វើការ​ផ្សេងៗ​គ្នា រហូតដល់​ដំណាក់កាល​ចុងក្រោយ​ទើប​យើង​ផ្គុំ​ចូលគ្នា​។ ជា​ឧទាហរណ៍​៖ ផ្នែក​មេកា​និក តុបតែង​រាង​របស់​រ៉ូ​បូត ជើង​ទាត់​បាល់ ដៃ​បោះ​បាល់ និង​ផ្នែក​ផ្សេងៗ​ទៀត​ជាដើម​។ ដោយឡែក​ខាង​អេ​ឡិច​ត្រូ​និ​ច និង​អគ្គិសនី ពួកគាត់​គណនា​លើ​សៀគ្វី ថា​តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ជាមួយ ឧបករណ៍​បញ្ជា (Controller) ហើយ​គ្រឿង​របស់​រ៉ូ​បូត ត្រូវ​រៀបចំ​សៀគ្វី​យ៉ាងដូចម្តេច​។ ក្រុម​រៀបចំ​កម្មវិធី (Programmer) មាន​តួនាទី​ត្រូវ​គណនា​លើ​គណិតវិទ្យា និង​បំប្លែង​សមីការ​របស់​រ៉ូ​បូត​ទៅជា​កម្មវិធី​។​
 
ធៀន ភា​រិន្ទ​៖ ជាធម្មតា​ការងារ​ជា​ក្រុម គឺ​តែងតែ​មានការ​ជួបប្រទះ​បញ្ហា​មួយចំនួន​។ តើ​ក្រុម​NPIC 02 បាន​ជួប​បញ្ហា ឬ​ឧបសគ្គ​អ្វីខ្លះ​?  តើ​ថា​រ៉ា ក៏ដូចជា​សមាជិក​ក្រុម​ដោះស្រាយ​បញ្ហា​នេះ ដោយ​របៀប​ណា​?

​ស៊ុន ថា​រ៉ា​៖ ក្នុងការ​បង្កើត​រ៉ូ​បូត ក្រុម​របស់ខ្ញុំ​តែងតែមាន​បញ្ហា ដោយសារតែ​រៀន​ពេញ​ម៉ោង ដោយ​រៀន​ព្រឹក និង​ល្ងាច​។ ដូច្នេះ​សមាជិក​ក្រុម​មិនសូវមាន​ពេល​ច្រើន ដើម្បី​ធ្វើ​ការងារ​ឡើយ​។ បញ្ហា​នេះ សមាជិក​ក្រុម​ត្រូវ​ឆ្លៀតពេល ពេលខ្លះ​ត្រូវធ្វើ​ពេលយប់ ជួនកាល​ដាច់​យប់​ក៏មាន​។ សម្រាប់​រ៉ូ​បូត​របស់​យើង​គឺ ដំឡើង​ពីរ​ជំនាន់​ហើយ ដោយ​ជំនាន់​ដំបូង ក្រុម​របស់​យើង​ធ្វើតេស្ត​លើ​បច្ចេកទេស​។ បន្ទាប់មក​ទើប​ក្រុម​យើង ដំឡើង​រ៉ូ​បូ​តទៅ​ជំនា​ន់ទី​២ ដែល​យកទៅ​ប្រកួត​ជាមួយ​គេ​។ ទន្ទឹមគ្នានេះ បញ្ហា​ដែល​យើង​ជួបប្រទះ​គឺ ឆេះ​គ្រឿង​រ៉ូ​បូត ដែល​យើង​អាច​ដូរ​បាន​។ 
 
​ធៀន ភា​រិន្ទ​៖ ដោយបាន​ចំណាត់ថ្នាក់​លេខ​មួយ ក្នុងការ​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​៣ នេះ តើ​ក្រុម​NPIC02 បាន​ប្រើ​យុទ្ធសាស្ត្រ ក៏ដូចជា​ការតាំង​ចិត្ត​បែបណា ក្នុងការ​ប្រកួតប្រជែង​មួយ​នេះ​? 
 
​ស៊ុន ថា​រ៉ា​៖ មូលហេតុ ដែល​ក្រុម​ខ្ញុំ​ទទួលបាន​ជោគជ័យ គឺ​ការ​សហការគ្នា និង​ការចូលរួម​ពី​កត្តា​ខាងក្រៅ ដូចជា ត្រូវ​ឲ្យ​និស្សិត​ចូលរួម​ឲ្យ​បាន​ច្រើន​នៅពេល​ហាត់​សម ដើម្បី​ឲ្យ​ស៊ាំ​នឹង​មនុស្ស​ច្រើន​។ បន្ថែម​ពីលើ​នេះ ក្នុងអំឡុងពេល​ប្រកួត យើង​មាន​ត្រៀម​ឧបករណ៍​សា​គួរ​។ នៅមុខ​ពេល​ប្រកួត គឺ​ក្រុម​របស់​យើង​ដឹង​ពី​សមត្ថភាព​របស់​ក្រុម​នីមួយៗ​រួចហើយ អ៊ីចឹង​ពេល​មក​សាលា​វិញ ក្រុម​របស់ខ្ញុំ​បាន​ពិភាក្សាគ្នា ថា​តើ​ក្រុម​ណា​ខ្លាំងជាងគេ ដែល​មិនអាច​មើលរំលង​បាន​។ ដូច្នេះ​យើង​ត្រូវ​សិក្សា​ពី​ពួកគាត់​។ ម្យ៉ាងវិញទៀត នៅមុខ​ប្រកួត ក្រុម​របស់​យើង បាន​ពិនិត្យ​បញ្ហា​បច្ចេកទេស​លើ​រ៉ូ​បូត ថា​តើ​មាន​បញ្ហា​ត្រង់​កន្លែង​ណា​ឬ​អត់ ដូចជា​ថ្ម ប្រព័ន្ធ​ខ្សែភ្លើង​ជាដើម ពោលគឺ​យើង​ពិនិត្យមើល​ទាំងអស់​មុន​ការប្រកួត​។​
 
​ធៀន ភា​រិន្ទ៖ បន្ទាប់ពី​ឈ្នះ​ការប្រកួត​Robocon Cambodia លើក​ទី​៧ ក្រុម​ទទួល​ជ័យលាភី នឹង​បន្តទៅ​ប្រកួតប្រជែង​នៅ​ថ្នាក់​អន្តរជាតិ នៅ​ប្រទេស​ហ្វ៊ី​ជី​ទៀត​។ តើ​ក្រុម​NPIC02 នឹង​ត្រៀមខ្លួន​បែបណា សម្រាប់​ការប្រកួត​នាពេលខាងមុខ​? 
 
​ស៊ុន ថា​រ៉ា​៖ ជាការ​ពិត ក្រុម​របស់​យើង​ត្រូវ​តំណាង​ឲ្យ​កម្ពុជា ទៅ​ប្រកួតប្រជែង​នៅ​អន្តរជាតិ ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ (COVID-19) គេ​អត់​ឲ្យ​យើង​ចេញ​ទេ​។ បើទោះបីជា​អត់​បាន​ចេញទៅ​ក្រៅប្រទេស​មែន ប៉ុន្តែ​គេ​រៀបចំ​ឲ្យ​មានការ​ជួបជុំគ្នា​តាម​ប្រព័ន្ធ​វីដេអូ ZOOM ជាមួយ​ក្រុម​ជើងឯក​ប្រទេស​ដទៃ និង​ថត​វីដេអូ​ពី​រ៉ូ​បូត​រយៈពេល ៣​នាទី ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ ដោយមាន​ការបោះឆ្នោត​ដាក់ពិន្ទុ​។ ចំពោះ​ការប្តេជ្ញាចិត្ត ក្រុម​របស់​យើង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ក្នុងការ​បន្ទាន់​សម័យ (Update) រ៉ូ​បូត​ឲ្យ​លឿន​ជាង​មុន​។ 

​ធៀន ភា​រិន្ទ​៖ ក្នុងពេល​អនាគត តើ​ថា​រ៉ា​មានបំណង​ចូលរួមចំណែក​បែបណា  ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ក្នុងនាម​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​កម្ពុជា​មួយរូប​? 

​ស៊ុន ថា​រ៉ា​៖ ក្នុងនាម​ជា​និស្សិត​វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច គឺ​វា​សំខាន់​ណាស់ ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស ដូចជា​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ ដូចជា​ដ្រូ​ន ក៏ដូចជា​ម៉ាស៊ីន​ផ្សេងៗ​ទៀត​។ ជាពិសេស គឺ​ការចែករម្លែក​ចំណេះដឹង ដែលមាន​ទៅកាន់​និស្សិត​ជំនាន់​ក្រោយ និង​សិស្ស​វិទ្យាល័យ​ជាដើម ថា​បច្ចេកវិទ្យា​គឺ​សំខាន់​ណាស់​សម្រាប់​សង្គម​យើង​៕
 


សមាជិកក្រុមរបស់យុវជន​ ស៊ុន​ ថារ៉ា កំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍កាលពីដើមខែតុលាកន្លងទៅ។​រូបភាពពី Robotcom

Tag:
 ​វិស្វកម្ម​អេ​ឡិច​ត្រូ​និ​ច​
  ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com